រួមគ្នា​បង្កើន​សមិទ្ធផល​ទេសចរណ៍​ដើម្បី​ឆ្លើយតប​តម្រូវការ​ភ្ញៀវ​

172
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ សេវាកម្ម​បម្រើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកំពត ពិសេស​បន្ទប់​សម្រាប់​ទ​ទួល​ភ្ញៀវ​ស្នាក់អាស្រ័យ​មិនទាន់​គ្រប់គ្រាន់ ​ស្របតាម​សន្ទុះ​នៃ​កំណើន​ភ្ញៀវ​នា​អំឡុងពេល​ចុងក្រោយ​នៅឡើយ​នោះ​។ ដំណាក់កាល​នេះ​ជា​ឱកាស​ដ៏​ល្អប្រសើរ​បំផុត​ចំពោះ​វិនិយោគិន ​ក្នុងការ​ចូលរួមចំណែក​បង្កើត​បន្ថែម​នូវ​សមិទ្ធផល​ទេសចរណ៍​នានា​ដើម្បី​បំពេញតម្រូវការ​ចាំបាច់​លើ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង ខណៈដែល​បច្ចុប្បន្ន​ទូទាំង​ខេត្ត​មាន​បន្ទប់​ស្នាក់នៅ​ប្រមាណ​ជាង​៣.២០០​ប៉ុណ្ណោះ​។​

លោក​ទិ​ត្យ សុវណ្ណ ប្រតិបត្តិ​ករ​ម្នាក់​ដែល​កំពុង​អភិវឌ្ឍ​រមណីយដ្ឋាន​ស្លឹក​ចាក​បឹង​ហ្កា​ឡូ​ជាប់​ឆ្នេរ​ព្រែក​កំចាយ​ស្ថិតក្នុង​ទឹកដី​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​បាន​រៀបរាប់ថា ​រយៈពេល​ប្រាំបួន​ខែ​មកហើយ​ដែល​លោក​ចាប់ផ្តើម​ដំណើរការ​អភិវឌ្ឍ​គម្រោង​ស្លឹក​ចាក​បឹង​ហ្គា​ឡូ​ឱ្យ​ក្លាយជា​រី​ស៊​ត និង​ស្ប៉ា​លើ​ផ្ទៃដី​ទំហំ​បួន​ហិកតា​កន្លះ​។ មកដល់ពេលនេះ​លោក​បាន​សាងសង់​បឹង​ហ្កា​ឡូ​រួចរាល់​ចំនួន​១៥ ហើយនឹង​បន្ត​បង្កើត​បឹង​ហ្គា​ឡូ​តាម​មាត់​ព្រែក កន្លែង​ស្ប៉ា យ៉ូ​ហ្គា បន្ទប់​ប្រជុំ ព្រមទាំង​ភោជនីយដ្ឋាន​តាម​មាត់​ព្រែក និង​រៀបចំ​ឆ្នេរ​អមដោយ​ស្ពានឈើ​សម្រាប់​ដើរ​ក្នុងព្រៃ​ចាក​ប្រវែង​៧៥០​ម៉ែត្រ​។ ប្រតិបត្តិ​ករ​ដដែល​បាន​បញ្ជាក់ថា ជាគោលការណ៍​របស់​ព្រែក​ចាក​បឹង​ហ្កា​ឡូ​គឺ​ផ្តល់​តម្លៃ​លើ​ធម្មជាតិ ពោលគឺ​រាល់​ការសាងសង់​សំណង់​ផ្សេងៗ​ត្រូវ​ញែក​ដើមឈើ ឬ​ក្នុងករណី​ជៀស​មិន​ផុត​ទើប​មានការ​កាប់ឆ្ការ​ចេញ​តិចតួច ហើយនឹង​ដាំ​បន្ថែម​ត្រង់​កន្លែង​ទំនេរ ឬ​ខូចខាត​ដោយសារ​ទឹកជំនន់​។ ប្រសិនបើ អស់​ព្រៃ​ធម្មជាតិ នោះ​ទី​កម្សាន្ត និង​កន្លែង​ស្នាក់អាស្រ័យ​ក៏​បាត់បង់​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ដែរ​។

លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានបញ្ជាក់​ថា បច្ចុប្បន្ន​ទូទាំង​ខេត្តកំពត​មាន​សេវា​ស្នាក់នៅ​ចំនួន​២២៤​កន្លែង ក្នុងនោះ​សណ្ឋាគារ​១៣​កន្លែង ផ្ទះ​សំណាក់​១៦៩​កន្លែង បឹង​ហ្គា​ឡូ​៤១​កន្លែង ស្មើនឹង​៣.២២០​បន្ទប់​។ ផ្អែក​តាម​សន្ទុះ​នៃ​ការកើនឡើង​នូវ​បរិមាណ​ទេសចរ​នា​អំ​ឡុ​ពេល​ចុងក្រោយ​នេះ​ឃើញថា​សេវាកម្ម​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ពិសេស​បន្ទប់​សម្រាប់​ទ​ទួល​ភ្ញៀវ​ស្នាក់អាស្រ័យ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ក្នុងនាម​មន្ទីរជំនាញ លោក​ស្វាគមន៍​ជានិច្ច​រាល់​អ្នកវិនិយោគ​ដែល​ចូលមក​ដាក់ទុន​រកស៊ី និង​បង្កើត​សមិទ្ធផល​ទេសចរណ៍​ឱ្យ​សម្បូរបែប​ស្របតាម​តម្រូវការ​ចាំបាច់​នាពេល​បច្ចុប្បន្ន​៕​B/