រួមគ្នា​រក​ដំណោះស្រាយ​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​ជាស​កល​

559
ចែករម្លែក

ដោយ:បូកគោ​/​កំពត​ ៖ ថ្នាក់ដឹកនាំ​នៃ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា​ បម្រែបម្រួល​អាកាសធាតុ​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា និង​ពិភពលោក​ទាំងមូល​។ ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ស្វែងរក​ដំណោះស្រាយ និង​វិធី​ឆ្លើយតប​ចំពោះ​ករណី​ដ៏​ចម្បង​មួយ​នេះ​។​

ក្នុង​ពិធី​បើក​សិក្ខាសាលា​សម្រាប់​រយៈពេល​បី​ថ្ងៃ ស្តីអំពី​ការរៀបចំ​ចងក្រង​ឯកសារ​គោល​ការណ៍​ណែនាំ បញ្ជ្រាប​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ទូទៅ​ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ា​ម៉​ង់ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ លោក​សាស្ត្រាចារ្យ សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សម្របសម្រួល​កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​ជាមួយ​អាកាសធាតុ​បាន​មានប្រសាសន៍ថា ​ការប្រែប្រួល​អាកាសធាតុ​បាន​ក្លាយជា​បញ្ហា​ស្នូល​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា ក៏ដូចជា​ពិភព​លោក​ទាំងមូល​ដែល​បង្កក្តី​ព្រួយបារម្ភ​ដល់​កិច្ច​អភិវឌ្ឍ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

ការកើនឡើង​សីតុណ្ហភាព​បរិយាកាស​ផែនដី ការផ្លាស់ប្តូរ​កម្រិត និង​របាយ​ទឹកភ្លៀង ការផ្លាស់ប្តូរ​រល​កក​ម្តៅ ព្រមទាំង​ល្បឿន​ខ្យល់​បក់​បាន​បង្ក​ឱ្យ​កម្ពុជា​ជួប​គ្រោះមហន្តរាយ​ផ្នែក​អាកាសធាតុ​ជា​បន្តបន្ទាប់ ពិសេស​គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ សត្វល្អិត​បំផ្លាញ​ដំណាំ ហើយ​គ្រោះមហន្តរាយ​ទាំងនេះ​អាច​នឹង​កើតឡើង​កាន់តែ​ញឹកញាប់ និង​មាន​កម្លាំង​ខ្លាំង ឡើងៗ​នាពេល​អនាគត​។ គ្រោះមហន្តរាយធម្មជាតិ​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ជីវៈចម្រុះ​ជាដើម​។

លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ​ការស្វែងរក​ដំណោះស្រាយ យន្តការ និង​វិធីសាស្ត្រ​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ជា​ករណី​ចាំបាច់ ពិសេស​តាម​រូបភាព​បន្ស៊ាំ និង​ពង្រឹង​ភាព​ធន់​ជាមួយ​អាកាសធាតុ​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​នានា​។ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងបរិស្ថាន និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន​បាន​សហការ​រៀបចំ​គោលនយោបាយ​ជាតិ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ផែនការ យុទ្ធសាស្ត្រ​តាម​វិស័យ ផែនការ​សកម្មភាព​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​ដោយបាន​អនុវត្ត​រួចរាល់​ជាច្រើន មកហើយ​។

នេះ​បញ្ជាក់​ឱ្យឃើញថា ហានិភ័យ​អាកាសធាតុ ការ​បន្ស៊ាំ និង​ពង្រឹង​ភាព​ធន់​ជាមួយ​អាកាសធាតុ​ត្រូវបាន​ពិចារណា​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការអនុវត្ត​ជាក់ស្តែង ព្រមទាំង​ចូលរួម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​ជាមួយ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​២០១៤-២០១៣៕​B/