រឿងក្តី​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ សម្លាប់​ស្រី​កំណាន់ នាង ចេ​វ សុ​វ​ឌ្ឍ​នា តុលាការ​នឹង​សាលក្រម​ប្រកាស​ថ្ងៃទី​២២ ខែសីហា

252
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/ភ្នំពេញ​ ៖​ នៅ​ថ្ងៃទី​២២ ខែកក្កដា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​សវនាការ​សំណុំរឿង​លោក លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៣​នាក់ ហើយ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេ​វ សុ​វ​ឌ្ឍ​នា។ ប៉ុន្តែ​លោក ហម ម៉េង​សែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ខាងមុខនេះ​វិញ ។

​ក្នុងពេល​សវនាការ​ក​ន្ល​ង​មក ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថា​ពុំបាន​សម្លាប់​ស្រី​កំណាន់​នាង ចេ​វ សុ​វ​ឌ្ឍ​នា ទេ ដោយ​សុំឱ្យ​តុលា​ការរក​យុត្តិធម៌ ។ ជាការ​កត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ាន​ស្បថ​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​”​បើ​ខ្ញុំ​បាន សម្លាប់​សង្សារ​មែន​សូមឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ​ខ្ញុំ​ឲ្យ​ខ្ញុំ និង​ប្រពន្ធ​កូន​ស្លាប់​តៃហោង និង​ធ្លាក់​នរក​៩​ជាន់​អត់​ចាប់ជាតិ​ទៅ​ចុះ​”​។ ប៉ុន្តែ​មន្ត្រី​ជំនាញ រកឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម មុន​ឃាតក​យក​សព​ទៅ​ព្យួរ​ក ជាប់​បង្អួច។

​ករណី​ឃាត​កម្មនេះ ដំបូង​ឡើយ​ត្រូវបាន​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋានថា ជា​រឿង​អត្តឃាត​ព្រោះតែ​វិបត្តិ​ស្នេហា។ ប៉ុន្ដែ​ក្រោយពី​បើក​ការស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​រកឃើញថា​ករណីនេះ មិនមែនជា​រឿង​អត្តឃាត​ឡើយ ពោល​គឺជា​រឿង​ឃាតកម្ម​ដោយមាន​អ្នកបញ្ជា ​និង​រៀបចំ​ទុក​សម្លាប់​ជនរងគ្រោះ​។​

​ទីបំផុត ជនសង្ស័យ​ចំនួន​៤​នាក់ មាន​លោក​ឡាយ វណ្ណៈ ផង​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដែល​បច្ចុប្បន្នកំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ។​

​លោក ឡាយ វណ្ណៈ , លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវ ជា​បងប្រុស​បង្កើត​លោក ឡាយ វណ្ណៈ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​ដោយឡែក​ឈ្មោះ ម៉េ​ន សា​ម៉ៃ អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ជឹម វុ​ធ អាយុ​៤១​ឆ្នាំ ជាប់ចោទ​ពីបទ​លាក់​បំបាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ៕​B/