រឿងក្តី ពេជ្រ សូ​ណែ​ត មាន ទោស​ចំនួន​១៦៦​ឆ្នាំ ពេលនេះ ត្រូវបាន​សាលាឧទ្ធរណ៍ឲ្យ​រួចផុត​បទ​ចោទ​៨​សំណុំរឿង នៅសល់​ទោស​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ

280
ចែករម្លែក

ដោយ:​ឆាយា​នាថ​/​ភ្នំពេញ​ ៖​ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ចំនួន​៩​សំណុំរឿង កាលពី​អំឡុង​ឆ្នាំ​២០១៧ លើ​ជន​ជាប់ឃុំ ពេជ្រ សូ​ណែ​ត ដោយ​សរុប​ទោស​ចំនួន​១៦៦​ឆ្នាំ នោះ ឥឡូវនេះ ត្រូវបាន​សាលាឧទ្ធរណ៍ សម្រេច​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ម្សិលមិញ​នេះ ឲ្យ​រួចផុត​បទ​ចោទ​ចំនួន​៨​សំណុំរឿង ពោលគឺ​នៅសល់​ទោស​ចំនួន​១៩​ឆ្នាំ ប៉ុណ្ណោះ ។

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ស្តីពី “​លទ្ធផល​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌​និង​ជំនួយ​ផ្នែក​ច្បាប់ ក្នុង​សំណុំរឿង​ជន​ជាប់ឃុំ ព្រេជ សូ​ណែ​ត​”​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញថា ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​មេធាវី​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងការ​ការពារ​ក្តី​ជូន​ពិរុទ្ធជន​ឈ្មោះ ពេជ្រ សូ​ណែ​ត សាលាឧទ្ធរណ៍​បានធ្វើការ​ប្រកាស​នូវ​សា​ល​ដីកា​របស់ខ្លួន នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ដោយ​សម្រេច​ឲ្យឈ្មោះ ពេជ្រ សូ​ណែ​ត រួចផុត​បទ​ចោទ​ចំនួន​៨​សំណុំរឿង ពី​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា និង ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ (​ប្លន់​យក​ម៉ូតូ​និង​សម្លាប់​ជនរងគ្រោះ​) កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។

​ជាមួយគ្នានេះ ក្រុម​មេធាវី​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ខិតខំ​ធ្វើ​ការងារ​បន្ថែមទៀត​ជាមួយ​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ក្នុង​ការបន្ត​នីតិវិធី​ដាក់ពាក្យ​បណ្តឹងសាទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​ជាប់ឃុំ ដោយ​ក្រុម​មេធាវី យល់ឃើញថា ឈ្មោះ ពេជ្រ សូ​ណែ​ត មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អំពើ​ប្លន់​ម៉ូតូ​និង​សម្លាប់​ជនរងគ្រោះ​នោះទេ ដោយ​ពិរុទ្ធ ពេជ្រ សូ​ណែ​ត ក៏បាន​បដិសេធ​នូវ​ការសម្រេច​របស់​ឧទ្ធរណ៍​ផងដែរ៕​B/Ha