រឿង”បំណុលឈាមអ្នកប្រយុទ្ធ” រសជាតិថ្មីពីផលិតកម្ម បាដិហារ្យ ភាពយន្ត

327
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ខ្សែរភាពយន្តថ្មី ដែលបង្ហាញសកម្មភាពបែបវាយតប់គ្នា ស្ទើរតែពេញមួយ ផ្ទៃរឿង និងសម្ពោធដាក់បញ្ចាំងនាសប្តាហ៍ក្រោយនេះហើយ ចាប់ពីថ្ងៃទី ២៩ សីហា ២០១៩ តាមរោងភាពយន្តនានា តាមរយៈផលិតកម្ម បាដិហារ្យភាពយន្ត បានជូន ចំណងដៃថ្មីរបស់ខ្លួន ក្រោមខ្សែរភាពយន្ត រឿង”បំណុលឈាមអ្នកប្រយុទ្ធ” ។

លោក ស៊ុម ភារិន ផលិតករ និងជាចាងហ្វាង បាដិហារ្យភាពយន្ត និយាយថា ខ្សែភាព យន្តនេះ បានសម្រិតសម្រាំងទាំងគុណភាព បច្ចេកទេស និងគុណភាពនៃ សាច់រឿងរួមជាមួយនិងតួអង្គក៏ត្រូវបានជ្រើរើសសុទ្ធតែអ្នកដែលមានស្នាដៃ ក្នុងការ សម្តែងបាន យ៉ាងល្អ។ ក្នុងនោះក៏មានវត្តមានកីឡាករប្រដាល់ល្បីឈ្មោះរបស់កម្ពុជា កែវ រំចង់ ចូលរួមសម្ដែងផងដែរ។

លោកបានបញ្ជាក់ថា៖”ដោយសារកត្តារសជាតិនៃសាច់រឿងនេះហើយទើបខ្ញុំ ចំណាយពេលច្រើនមកផលិតស្នាដៃមួយនេះ ដើម្បីកុំឱ្យទស្សនិកជនខ្មែរគាត់គិតថា កុនខ្មែរគ្មានរសជាតិអ្វីក្រៅតែពី ខ្មោច និងកំប្លែង”។ ផលិតករល្បីឈ្មោះរូបនេះបន្ត ថាភាពយន្ត”បំណុលឈាមអ្នកប្រយុទ្ធ” មិនត្រឹមតែជាសាច់រៀងថ្មីប្លែកសម្រាប់ ទស្សនិកជន ដែលនិយាយពីសម័យបុរាណកាលរបស់កម្ពុជានោះទេ។ ក៏ប៉ុន្តែរឿងនេះ គឺ ថែមទាំងជួយលើកកម្ពស់ ក្បាច់គុនល្បុក្កតោខ្មែរផងដែរ។ ជាគ្រូល្បុក្កតោគឺលោក ឆន ចាន់វីរៈ ចូលរួមសម្ដែងធ្វើឱ្យរឿងទាំងមូលកាន់តែទាក់ទាញ។

លោក ស៊ុម ភារិន បានបង្ហាញពីក្ដីរំពឹងខ្ពស់ថាស្នាដៃថ្មីរបស់ខ្លួននឹងទទួលការគាំទ្រ ពីទស្សនិកជនពេលបង្ហាញវត្តមានផ្លូវការតាមរោងភាពយន្តនានាក្នុងពេលដ៏ខ្លីខាងមុខ។ ទាំងនេះដោយសារតែលោកបានសម្រិតស្រាំងសាច់រឿងកាន់តែខ្លាំងជាង មុនដើម្បី ឆ្លើយតបតាមតម្រូវការទីផ្សារ។ ភាពយន្តរឿង”បំណុលឈាមអ្នកប្រយុទ្ធ” គឺជាស្នាដៃ ទី៧ ហើយរបស់ផលិតកម្ម បាដិហារ្យភាពយន្ត។ ស្នាដៃនេះនឹងបង្ហាញវត្តមានផ្លូវការ តាមរោងភាពយន្តនានាចាប់ពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៩ សប្ដាហ៍ក្រោយនេះត ទៅ៕

#