រឿងភាគស្នេហាឆ្លងព្រំដែនបំបែកឯតទគ្គកម្មអត្រាចូលមើលច្រើនបំផុតលើទូរទស្សន៍នៅកូរ៉េខាងត្បូង

248
ចែករម្លែក

រឿងភាគល្បីខ្លាំងបំផុតបច្ចុប្បន្ននៅកូរ៉េខាងត្បូងគឺដំណាលអំពីសាច់រឿងរបស់នារីស្នងតំណែងប្រាក់ពាន់លានម្នាក់ ដែលជិះឆត្រយោងចុះក្នុងប្រទេសកូរ៉េខាងជើងដោយចៃដន្យ ហើយលង់ស្នេហ៍ជាមួយទាហានដ៏ស្រស់សង្ហាម្នាក់ ដែលបម្រើលោកគីម ជុងអ៊ុន។

រឿង Crash Landing on You គឺជារឿងបែបប្រឌិតស្រមើស្រមៃ ប៉ុន្តែទទួលបានការកោតសរសើរខ្លាំងសម្រាប់ការឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃនៅកូរ៉េខាងជើង ថែមទាំងប្រើសូរស័ព្ទ និងសម្តីសំដៅបែបអ្នកកូរ៉េខាងជើងទៀតផង។

ការបែងចែករវាងឧបទ្វីបកូរ៉េតែងក្លាយជាឈុតឆាកក្នុងរឿងភាគនិងរឿងដុំរបស់កូរ៉េខាងត្បូង ប៉ុន្តែវាមិនមែនជារឿងធម្មតាឡើយ ដែលរឿងភាគមួយនេះបានថតភាគច្រើននៅទឹកដីកូរ៉េខាងជើង ទាំងនៅទីក្រុងព្យុងយ៉ាងនិងទីជនបទ ហើយពួកកូរ៉េខាងជើងដែលរត់ចូលកូរ៉េខាងត្បូងក៏សរសើរមិនដាច់ពីមាត់ដែរអំពីការឆ្លុះបញ្ចាំងពីជីវិតពិតបានយ៉ាងត្រឹមត្រូវ។

រូបថតបិតាស្ថានិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង និងកូនប្រុសបន្តវេន គីម ជុងអ៊ីល ដែលជាឪពុកមេដឹកនាំសព្វថ្ងៃ បានបង្ហាញនៅគ្រប់ផ្ទះទាំងអស់ អមជាមួយពាក្យស្លោកឃោសនានៅតាមផ្លូវនានានៅក្នុងរឿងភាគមួយនេះ។

ក្រុមការងារថតភាពយន្តនេះក៏មានអ្នកនិពន្ធម្នាក់ និង តារាស្រីម្នាក់មកពីកូរ៉េខាងជើងផងដែរ។

យោងតាមវេបសាយ Asiaone បានឱ្យដឹងថា រឿងដែលមាន១៦ភាគនេះបានផ្ទុះចំនួនអ្នកមើលខ្លាំងបំផុតលើប៉ុស្តិ៍ខ្សែកាប tvN នៅចុងសប្តាហ៍នេះ ដោយមានអត្រាចូលមើលដល់ទៅ ១៨,៦ ភាគរយទូទាំងប្រទេសធៀបនឹងរឿងរាប់សិបដទៃទៀតដែលបញ្ចាំងក្នុងពេលដំណាលគ្នាលើប៉ុស្តិ៍ដទៃ៕ ដោយ៖ កញ្ញាដាលីស

រឿង Crash Landing on You កំពុងល្បីខ្លាំងនៅកូរ៉េខាងត្បូង