រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ជា គីម​ស្រេង​៖ មេផ្ទះ​

142
ចែករម្លែក
ជា គីម​ស្រេង​

ដោយៈ ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​
​រៀបរាប់​ប្រាប់​ដោយ​កូនស្រី​ឈ្មោះ ជា គីម​វ​ណ្ណី​។​ម្តាយ​របស់ខ្ញុំ​គឺជា​កសិករ​មកពី​ទន្លេ​បិទ​។ រីឯ​ឪពុក​របស់ខ្ញុំ​ធ្វើជា​ជាងមាស មកពី​ខេត្តកំពង់ចាម​។ គាត់​ជួបគ្នា​នៅ​វត្ត​មួយ​។ ឪពុក​របស់ខ្ញុំ​បាន​សុំ​ម្តាយ​ខ្ញុំ​រៀបការ​ជាច្រើន​ដង​មុន​ពេលដែល​ម្តាយ​របស់ខ្ញុំ​យល់ព្រម​រៀបការ​ជាមួយ​គាត់​។ បន្ទាប់ពី​ពួកគាត់​រៀបការ​រួច ឪពុក​របស់ខ្ញុំ​នៅ​បន្តធ្វើ​ជាជាង​មាស​ទៀត ចំណែក​ម្តាយ​ខ្ញុំ​ស្នាក់​នៅផ្ទះ​មើលថែរក្សា​កូនៗ​ចំនួន​១២​នាក់​។ ជារឿយៗ ម្តាយ​របស់ខ្ញុំ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ប្អូន​របស់គាត់​នៅ​ទីក្រុង​ភ្នំពេញ ហើយ​តែងតែ​យក​ខ្ញុំ និង​កូនៗ​៤​ឬ​៥​នាក់​ផ្សេងទៀត​ទៅជា​មួយ​។


​ឪពុកម្តាយ​របស់ខ្ញុំ បានចាប់ផ្តើម​រស់នៅ​បែក​គ្នា​ក្នុងអំឡុង​របប លន់ នល់​។ ឪពុកម្តាយ​របស់ខ្ញុំ​មិនអាច​ទំនាក់ទំនង​គ្នា​បានឡើយ ព្រោះ​ឪពុក​របស់ខ្ញុំ​រស់នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ខ្មែរក្រហម ស្រប​ពេលដែល​ម្តាយ​របស់ខ្ញុំ​រស់នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ទាហាន លន់ នល់​។ នៅពេលនោះ ម្តាយ​របស់ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​ប្អូន​របស់គាត់​នៅឯ​ភ្នំពេញ ហើយ​មិនអាច​ត្រឡប់មក​ស្រុកកំណើត​វិញ​ព្រោះតែ​មានការ​ប្រយុទ្ធ​គ្នា​។ យើង​ស្នាក់​នៅក្នុង​បន្ទប់​មួយ​ជាមួយនឹង​ប្អូនស្រី​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ជា យិ​ចណៃ​។ គាត់​ពិតជា​ចិត្តល្អ​ខ្លាំងណាស់ និង​យល់​ពី​ស្ថានភាព​ម្តាយ​របស់ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​ជាច្រើន​នាក់​។ ដូច្នេះហើយ គាត់​ឲ្យ​យើង​រស់នៅ​ជាមួយ​គាត់​។


​ជួន​ពេលខ្លះ យើង​ស្នាក់នៅ​ជាមួយ​ប្អូនប្រុស​របស់​ម្តាយ​ខ្ញុំ​ឈ្មោះ ប៉េង គា​។ គាត់​គឺជា​អ្នកបើក​យន្តហោះ​និង​ជា​អនុសេនីយ៍ឯក​នៅក្នុង​ក​ង​ទ័ព ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​។ គាត់ និង​កូនប្រុស​ពីរ​នាក់ បាន​បាត់​ខ្លួន​ក្នុង​របប​ខ្មែរក្រហម​។
​នៅក្នុង​ឆ្នាំ​១៩៧៥​ស្ថានការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​យ៉ាប់យឺន​ទៅៗ​។ យើង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ដែលជា​កន្លែង​មួយ​ដែល​សាច់ញាតិ​ម្នាក់​របស់ខ្ញុំ​ធ្វើការ​ងារ​ជា​អ្នកបកប្រែ​នៅក្នុង​មណ្ឌលកុមារ​កំព្រា ហើយ​ម្តាយ​របស់​ក៏​ធ្វើជា​អ្នក​ចម្អិន​អាហារ​នៅ​ទី​នោះដែរ​។​
​នេះ​គឺអាច​អនុញ្ញាតឲ្យ​យើង​អាច​ស្នើសុំ​ទិដ្ឋាការ​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋ​អាម៉េរិក​បាន​។ សាច់ញាតិ​របស់ខ្ញុំ​បាន​ចុះឈ្មោះ​ខ្ញុំ និង​បង​បង្អស់​របស់ខ្ញុំ​នៅ​មណ្ឌលកុមារ​កំព្រា ដោយបាន​និយាយថា យើង​មិនមាន​ឪពុកម្តាយ​ទេ​។ ដោយសារ​មូលហេតុ​នេះហើយ ទើប​យើង​អាច​ស្នើសុំ​ទិដ្ឋាការ​ដើម្បី​ទៅ​រស់នៅ​អាមេរិក​បាន​។​

ជា យិ​ចណៃ ត្រូវជា​ប្អូនស្រី ជា គីម​ស្រេង​


​នៅ​ថ្ងៃទី​១៧ ខែមេសា យើង​បាន​វេច​ខ្ចប់​សម្លៀកបំពាក់​មួយចំនួន និង​ធ្វើដំណើរ​ទៅ​វត្តភ្នំ​ដើម្បី​រង់ចាំ​យន្តហោះ​ដែល​នឹង​មក​ដឹក​កុមារកំព្រា​ទៅ​អាម៉េរិក​។ ក្រុមគ្រួសារ​របស់​យើង​គឺជា​អ្នក​ដែល​ចាក​ចេញទៅ​អាមេរិក​ចុងក្រោយ​គេ​បង្អស់​។ យើង​ឃើញ​យន្តហោះ​ហោះ​ឆ្វែល ប៉ុន្តែ​មិនបាន​ចុះចត​នោះទេ​។ មួយស្របក់​ក្រោយមក យោធា​ដែល​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​កាន់​កាំភ្លើង បានមក​ដល់​។ យោធា​បាន​បញ្ជា​យើង​ឲ្យ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅ​តាខ្មៅ​។ សមាជិកគ្រួសារ​៧​នាក់ រួមមាន ម្តាយ​របស់ខ្ញុំ កូនស្រី​ចំនួន​បីនាក់ កូនប្រុស​ម្នាក់ និង​បងប្អូនជីដូន​មួយចំនួន​ពីរ​នាក់ បាន​ដើរ​អស់​រយៈពេល​ប្រហែល​មួយខែ​ទើប​ទៅដល់​ភូមិ​ព្រែក​អំបិល ក្នុងស្រុក​កោះធំ​។​


​ម្តាយ​របស់ខ្ញុំ និង​ខ្ញុំ​ធ្វើ​ការងារ​ស្រែចម្ការ រីឯ​បងៗ​របស់ខ្ញុំ​លើក​ទំនប់​។ ដំបូង យើង​អាច​រស់នៅ​ជាមួយគ្នា​។ តំបន់​នោះ​មាន​ដាំពោត ហើយ​យើង​អាច​ស្វែងរក​បន្លែ​បន្ថែម​ដើម្បី​បរិភោគ​។​ប៉ុន្តែ​ក្រោយមក អង្គការ​បាន​បញ្ជូន​១០០​គ្រួសារ​ចេញទៅ​ខេត្តបាត់ដំបង​។ យើង​ធ្វើដំណើរ​ទៅ​ទីនោះ​ដោយ​រថយន្ត ហើយ​បន្ទាប់មក​ជិះ​ត្រាក់ទ័រ និង​រទេះគោ​បន្ត​។ បន្ទាប់ពី​យើង​បាន​ទៅដល់​ខេត្តបាត់ដំបង យើង​រស់នៅក្នុង​ជំរំ​មួយ​ដែល​ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅ​។ អង្គការ​បាន​បញ្ជា​ឲ្យ​បុរស​ទៅលើ​ក​ទំនប់ និង​ស្រីៗ​ធ្វើស្រែ​ចម្ការ​។ ដំបូង យើង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​ក្រោយមក​យើង​ទទួលបាន​បបរ​ខាប់​។
​ថ្ងៃមួយ ម្តាយ​របស់ខ្ញុំ​បាន​ឈ្លោះប្រកែក​ជាមួយ​បង​របស់ខ្ញុំ​។ បន្ទាប់មក​អង្គការ​បាន​យក​គាត់​ទៅ​រៀនសូត្រ​ដែលជា​ការព្រមាន​មិន​ឲ្យ​វាយ​កូន​ទៀត​។

ប៉េង គា ត្រូវជា​ប្អូនប្រុស​របស់ ជា គីម​ស្រេង


​អង្គការ​បាន​ប្រាប់​យើង​ឲ្យ​ធ្វើការ​ងារ​បែក​គ្នា​។ ដូច្នេះ​គ្រួសារ​យើង​កម្រ​បាន​ជួបគ្នា​ណាស់​។ ខ្ញុំ​សែង​អាចម៍គោ​នៅក្នុង​កងកុមារ​។ បងៗ​របស់ខ្ញុំ​ចំនួន​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។ បង​របស់ខ្ញុំ​ម្នាក់​បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​បាន​ស្លាប់​ដោយសារ​អត់ឃ្លាន​។ ម្តាយ​របស់ខ្ញុំ​ចង់ទៅ​មើលថែរក្សា​កូន​របស់គាត់​ណាស់ ប៉ុន្តែ​ខ្មែរក្រហម​មិនបាន​អនុញ្ញាត​ឡើយ​។ ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ម្តាយ​របស់ខ្ញុំ​មើល​សាកសព​បងស្រី​របស់ខ្ញុំ​ជា​លើកចុងក្រោយ​ឡើយ ហើយក៏​មិនបាន​ប្រាប់​យើង​ថា​កន្លែង​បញ្ចុះសព​បងស្រី​ខ្ញុំ​នៅទីណា​ដែរ​។ នៅពេលដែល​បងស្រី​រប​ស់​ខ្ញុំ​ស្លាប់​គ្មាន​នរណាម្នាក់​នៅក្នុង​ក្រុមគ្រួសារ​ដឹងថា​ខ្មោច​របស់​បងស្រី​របស់ខ្ញុំ​យកទៅ​ណា​ឡើយ​។ ក្រោយមក បងស្រី​របស់ខ្ញុំ​ម្នាក់ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​ក្រពះ​នៅពេលដែល​គាត់​កំពុងតែ​កាប់ឆ្ការ​ព្រៃ​៕សរន