រឿងរ៉ាវ​នានា​ពាក់ព័ន្ធ​កឋិនទាន​

699

(​ភ្នំពេញ​)៖ កឋិនទាន​គឺជា​ប្រភេទ ចីវរ​ទាន​ដែល​មានតែ​ក្នុង​ព្រះពុទ្ធ សាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានចែង ក្នុង​ព្រះ​វិន័យ ហើយក៏​ជា​ទាន​ដ៏​ពិសេស មួយ ដោយមាន​កំណត់​ពេលវេលា ច្បាស់លាស់ ហើយ​កឋិន​កាល មាន​រយៈ ពេល​តែ​២៩​ថ្ងៃ​ប៉ុណ្ណោះ ។​
​ ​
​ទិដ្ឋភាព​ទូទៅ​នៃ​កឋិន​
​នៅក្នុង​ព្រះ​វិន័យ​បានឱ្យ និយមន័យ “ កឋិន “ ថា “ កម្រ “ ព្រោះ កឋិនទាន គឺជា​ទាន​មួយ​ដែល​គេ​អាច ធ្វើបាន​ដោយ​កម្រ , ហេតុអ្វី​បានជា​ធ្វើបាន ដោយ​កម្រ​?
​ ​
១. អ្នកទទួលៈ ត្រូវតែ​ជា​ភិក្ខុសង្ឃ​ដែល​បាន​គង់​ចាំ​វស្សា ដោយ ចប់សព្វគ្រប់​រយៈពេល​បី​ខែ ហើយក៏ ត្រូវតែ​ជាការ​ចូល​បឋម​វស្សា ហើយ​ត្រូវតែ​គ្មាន​ជម្លោះ​ធំដុំ កើតឡើង​ក្នុងចំណោម​ភិក្ខុសង្ឃ​ក្នុង​អារាម​នោះ​។ ចំណែក​ភិក្ខុ​ដែលជា​អ្នក​ក្រាល​គ្រង ត្រូវតែ​ជា​អ្នក​ឆ្លៀវឆ្លាត វាងវៃ ក្នុង​វិន័យ​កិច្ច ដែល​បានសេចក្តីថា កឋិន​ជា ការជំរុញឱ្យ​ភិក្ខុ​សិក្សា​និង​ទ្រទ្រង់​វិន័យ​។
​ ​
​ក្នុង​ព្រះ​វិន័យ​បានកំណត់​ច្បាស់​ថា សាមណេរ​គ្មាន​សិទ្ធិ​ទទួល កឋិន​បានទេ គឺ​បានតែ​ភិក្ខុ ហើយ​បើ ភិក្ខុ​នោះ​មិនបាន​ចូល​វស្សា ឬ​បាន​ចូល វស្សា​ដែរ ប៉ុន្តែ​បានធ្វើ​ដាច់​វស្សា ក៏​មិន អាច​ទទួល​កឋិន​បានដែរ ។ ហើយ​បើ ទោះជា​មិន​ដាច់​វស្សា ប៉ុន្តែ​ភិក្ខុ​ទាំងនោះ មាន​ជម្លោះ​ឈ្លោះទាស់ទែង​គ្នា ក៏​មិន អាច​ទទួល​កឋិន​បានដែរ ។
​ ​
​ម្យ៉ាងទៀត ភិក្ខុ​ដែល​គង់​វស្សា នៅ​អារាម​ណាមួយ អាច​ទទួល​កឋិន បានតែ​នៅក្នុង​វត្ត​នោះ​ប៉ុណ្ណោះ មិនអាច ភិក្ខុ​គង់​ចាំ​វស្សា​វត្ត​ណា​ផ្សេង មក​ទទួល កឋិន​ក្នុង​វត្ត​ផ្សេង​បានឡើយ​។​
​ ​
២. វត្ថុៈ កឋិន​ជា​ប្រភេទ ចីវរ​ទាន ហេតុនេះ​វត្ថុ​ដែល​ប្រើប្រាស់ ដែលជា​តួអង្គ​កឋិន មានតែ​ស្បង់ ចីពរ ឬ សង្ឃាដី (​ទីទៃ​ពីនេះ​ទៅ ហៅថា​បរិវារ កឋិន ឬ អានិសង្ស​លាភ ហើយ​គេ​អាច នាំ​សម្ភារៈ​នានា ទៅ​រួម​ក្នុង​កឋិន​នេះ​បាន តាម​ប្រាថ្នា​)​។ ប៉ុន្តែ​សំពត់​ដែល​អាច ប្រើប្រាស់​ជា​សំពត់​កឋិន​បាន លុះណាតែ ធ្វើ​ត្រឹមត្រូវ​តាម​ខ្នាត ដែល​បានកំណត់ ដោយ​វិន័យ ។​
​ ​
៣. ពេលវេលាៈ ក្នុង​មួយឆ្នាំ រយៈពេល​ដែល​អាច​ធ្វើក​ឋិ​ន​បាន​មាន តែ​២៩​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ហៅថា កឋិន​កាល ។ ទីទៃ​ពី​រយៈពេល នេះ ទៅ​មិន​ហៅថា កឋិន​ឡើយ ។ មួយសោត ក្នុង​វត្ត​មួយ អាចធ្វើ​កឋិន បានតែ​ម្តង​ប៉ុណ្ណោះ​។​ទោះយ៉ាងណា​នៅ ក្នុង​ថ្ងៃមួយ​នោះ ទោះ​មាន​អ្នក​កឋិន​ចូល ប៉ុ​ន្មា​នាក់ ប៉ុន្មាន​ត្រៃ​ក៏បាន​តាម​ប្រាថ្នា ។​

​កឋិនទាន ជា​ទាន​ពិសេស​
​បព្វជិត ឬ គ្រហស្ថ ក៏​អាចធ្វើ កឋិនទាន​បានដែរ​។ កឋិនទាន មិនមែន គ្រាន់តែ​ជា​ទាន​ដែល​ធ្វើបាន​ដោយ​កម្រ ដូចដែល​បានលើកឡើង​ខាងលើ​ជាដើម ឡើយ ប៉ុន្តែ​កឋិនទាន ក៏​ជា​ទាន​ពិសេស ជាង​ចីវរ​ទាន​ទាំងពួង​ផងដែរ ព្រោះ ចីវរ​ទាន​ទាំងឡាយ (​ក៏ដូចជា​ទាន​ទាំង ពួ​ង​ផ្សេងទៀត​ដែរ​) ព្រោះ​ទាន​ទាំងឡាយ​រមែង​បាន​អានិសង្ស តែ​ផ្នែក​ខាង អ្នក​បរិច្ចាគ​។ ប៉ុន្តែ​កឋិនទាន​បាន អានិសង្ស ទាំង​អ្នកទទួល គឺ​ភិក្ខុសង្ឃ ផងដែរ ។
​ ​
​ភិក្ខុសង្ឃ​ទទួល បើ​ក្រាល​បាន ត្រឹមត្រូវ នឹង​ទទួលបាន​អានិសង្ស​ដែរ គឺ​បាន​អានិសង្ស​ប្រាំ​យ៉ាង ទោះបី​កឋិន នោះ​តូចតាច តិចតួចស្តួចស្តើង ឬ​ធំដុំ សម្បូរបែប យ៉ាងណាក៏ដោយ​គឺៈ​
​ ​
​ទី​១. ភិក្ខុ​និមន្ត​ទៅណា​មិន បាច់​លា​ភិក្ខុ​ផង​គ្នា ដោយ​មិនត្រូវ​អាបត្តិ​។ ទី​២ លោក​និមន្ត​ទៅណា មិនបាច់​យក នូវ​ត្រៃចីវរ​ទៅជា​មួយ​ក៏បាន​។ ទី​៣. ឆាន់​ភោជន​ដែល​គេ​និមន្ត ឬ ដាក់ចេញ ឈ្មោះ (​ដូចជា​សូម​និមន្ត ឆាន់​សាច់មាន់ និមន្ត​ឆាន់​សាច់ជ្រូក​ជាដើម ) មិនត្រូវ អាបត្តិ ។ ទី​៤. លោក​អាច​ទុកដាក់ អតិរេកចីវរ (​គឺ​ចីវរ​ដែល​គេ​ប្រគេន លើសពី​មួយ​កំ​ប្លេ​) បាន​ដោយ​មិនត្រូវ អាបត្តិ និង​ទី​៥. គឺ​កឋិន​ចីវរ ដែល​កើត នៅក្នុង​ទី​អារាម​ណាមួយ នឹងមាន​ដល់ ភិក្ខុ​អ្នកទទួល​ក្រាល​គ្រង ឬ​អនុមោទនា កឋិនទាន នៅក្នុង​ទីវ​ត្ត​នោះ​។
​ ​
​សូមបញ្ជាក់ថា ទាំង​ប្រាំ​ចំណុច ដូចដែល​បានលើកឡើង​ខាងលើ ដោយ សង្ខេប​នេះ ស្តាប់ទៅ​ហាក់​មិនមាន​អ្វី​ធំ ដុំ​ទេ ប៉ុន្តែ​សម្រាប់​ភិក្ខុ​ក្នុង​សាសនា ការប្រតិបត្តិ​វិន័យ​ទាំងនេះ មិនមែនជា រឿង​ងាយ​ឡើយ​។ ដោយហេតុនេះ ការដែល​ទទួលបាន​អានិសង្ស​ទាំង​ប្រាំ នេះ ពិតជា​បាន​សម្រាល​ក្តី​លំបាក​យ៉ាង ច្រើន ដល់​ភិក្ខុ​ក្នុង​សាសនា ។​
​ ​
​ដោយសារតែ​តាមរយៈ កឋិនទាន ទើបបាន​ជួយ​សម្រាល​ដល់ ក្តី​លំបាក​របស់​ភិក្ខុសង្ឃ​នេះឯង ហើយ ជាហេតុ​នាំឱ្យ ចំណែក​ទាយក ទាយិកា អ្នកធ្វើ​កឋិន ទទួលបាន​អានិសង្ស​ច្រើន ប្រមាណ​មិនបាន​។​
​ ​
កំណើត​កឋិន​
​កាលណោះ មាន​ភិក្ខុ​ចំនួន ៣០​អង្គ នៅមុន​ថ្ងៃ​ចូល​វស្សា មានបំណង​ទៅ​វន្ទា​លា​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ដែល​កំពុង​គង់​ក្នុង​វត្ត​ជេតពន នា​ក្រុង សាវត្ថី ។ ប៉ុន្តែ​មិនទាន់​ដល់​អាវាស​ដែល ព្រះ​ដ៏​មាន​ភាគ​គង់នៅ​ផង ត្រូវ​ពេល​ថ្ងៃ ចូល​វស្សា​មកដល់ ក៏​ព្រមព្រៀងគ្នា នៅចាំ​វស្សា​ក្នុង​ដែន​បា​ថេ​យ្យៈ នា​ក្រុង សាកេ​ត ត្រង់​កណ្តាលផ្លូវ​តែម្តងទៅ ។​
​ ​
​លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះ​សម្មា​-​សម្ពុទ្ធ ចំ​កាល​វេលា​ចុងរដូវ​វស្សា ជា​សម័យ​ភ្លៀង​ជោកជាំ ធ្វើឱ្យ​ភិក្ខុ​ទាំង ៣០​អង្គ ទទឹកជោក ទាំង​ស្បង់​ចីវរ សង្ឃាដី​ជួប​ការលំបាក​មក តាមផ្លូវ​រហូត (​មួយអង្គៗ គ្មាន​ត្រៃចីវរ​ពីរ​បន្លាស់​ទេ​) លុះដល់​ហើយ​ចូលគាល់​បង្គំ​ព្រះ​ដ៏ មាន​ព្រះ​ភាគ ទាំង​ទទឹកជោក ។​
​ ​
​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ព្រះ តម្រិះ​ថា ប្រសិនបើ តថាគត បាន អនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច​ដល់​ភិក្ខុសង្ឃ ពីមុន​រួចមកហើយ សមបើ​លោក​ទាំង នេះ មិន​ជួប​ការលំបាក​យ៉ាងហ្នឹង​ទេ ។ ហើយ​កឋិន​នេះ ព្រះពុទ្ធ​ពី​អតីត​ក៏បាន អនុញ្ញាត​ដល់​សាវ័ក​ដូចគ្នា​ដែរ ។​
​ ​
​ដោយហេតុ​នោះ ព្រះពុទ្ធ​ជា ម្ចាស់​ប្រជុំ​ភិក្ខុសង្ឃ​ទាំងឡាយ​សម្តែង ធម្មិក​ថា ហើយ​ទ្រង់​អនុញ្ញាត​កឋិន ត្ថា​រ​កិច្ច​នេះ​ថា ”​ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត អនុញ្ញាតឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅចាំ​វស្សា រួចហើយ​ទទួល​ក្រាល កឋិន​បាន​ម្នាល​ភិក្ខុ​ទាំងឡាយ​អានិសង្ស ប្រាំ​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំង ឡាយ ដែល​បាន​ក្រាល (​អនុមោទនា​) កឋិន​រួចហើយ​” ។
​ ​
​ដូច្នេះ​កឋិន​ត្ថា​រ​កិច្ច​នេះ គឺ​ព្រះ សម្មាសម្ពុទ្ធ ទ្រង់​អនុញ្ញាត​ដល់​សង្ឃ សាវ័ក ចាប់តាំងពី​ពេលនោះ​មក ។​
​ ​
​អ្នកធ្វើ​កឋិន​មុនគេ​ក្នុង សម័យ​ពុទ្ធកាល​
​បន្ទាប់ពី​បានដឹងថា ព្រះពុទ្ធ​អង្គ អនុញ្ញាតឱ្យ​សាវ័ក ទទួល​កឋិន​ត្ថា​រ​កិច្ច ព្រះបាទ ប​សេន​ទិ​កោសល បាន​ផ្តើម ធ្វើ​កឋិនទាន មុនគេ​បង្អស់​ក្នុងសម័យ ពុទ្ធកាល ។ កាលនោះ ព្រះមហា​កច្ចាយន​ត្ថេ​រ ជា​ប្រធាន បានទទួល ក្រាល​គ្រង​កឋិន​ឱ្យ​សម្រេច​គ្រប់ប្រការ​។ ឯ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រះអង្គ​បាន ទេសនា​ក្នុង​ពិធីបុណ្យ​នោះ ដោយ​ទ្រង់ សរសើរ​អំពី​អានិសង្ស​នៃ​កឋិនទាន ជា​អនេកបរិយាយ ។​
​ ​
​ក្នុង​ធម្មទេសនា ព្រះអង្គ​លើក អតីតនិទាន​កាល ព្រះអង្គ​យោង​យក កំណើតកើតជា នរ​ជី​ទុគ្គត​បរម​ពោធិសត្វ បាន​ជួយ​វេយ្យាវច្ចៈ ខ្វល់ខ្វាយ​ក្នុង អង្គ​កឋិនទាន​របស់ កុដុម្ពិកៈ​ម្នាក់ នាំទៅ ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម ប​ទុ​មុ​ត្ត​រៈ ដែល​ពេលនោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់ ប្រទាន​ឱ្យ​ព្រះ​សុជាត​ត្ថេ​រ អគ្គសាវ័ក ព្រះ​អង្គជា​អ្នក​ក្រាល​គ្រង ។ ឯនរ​ជីវ​ទុគ្គត​បរម​ពោធិសត្វ​នៃ​យើង​បាន ពុទ្ធព្យាករណ៍ ពី​ពេល​នោះមក​ដោយសារ​បាន​ជួយ​ចាត់ចែង អស់ពី​កម្លាំង កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ក្នុង​ពិធីបុណ្យ នោះ ។
​ ​
​ឯ​ប៉ែក​ខាង​បព្វជិត​វិញ ព្រះ​ភិក្ខុ នាម នារ​ទ​ត្ថេ​រ កាលបើ​បាន​ស្តាប់​នូវ ព្រះ​ធម្មទេសនា​របស់​ព្រះ​បរមគ្រូ ក្នុង បុណ្យ​របស់​ព្រះបាទ សេន​ទិ​កោសល មហារាជ ហើយ​មាន​សេចក្តី​ជ្រះថ្លា ក៏​ទៅ​បបួល​ញាតិ​សាច់សាលោហិត របស់លោក​ធ្វើ​កឋិនទាន​មួយ ដង្ហែ​ទៅ ថ្វាយ​ព្រះ​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជា ប្រធាន ។ ព្រះអង្គ​ទ្រង់​សរសើរ​ទាន​នេះ ហើយ​ទ្រង់ ក៏​លើកយក​អតីតនិទាន កាល​ព្រះអង្គ នៅ​ជា​ស្តេច​ចក្រពត្តិ​នាម វិ​ជិត​រាជ ជាធំ​លើ​ទ្វីប​ទាំង​បួន បាន​នាំ កឋិន​ទៅ​ថ្វាយ​ព្រះពុទ្ធ​នាម កោ​ណ្ឌ​ញ្ញៈ ដែរ ។​
​ ​
​ចំណែក​ផល្លានិសង្ស​ធ្វើ​កឋិន សូម​ពិនិត្យមើល​អតីតនិទាន​ខាងលើ ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​ទេសនា​សរសើរ ជា​អនេកបរិយាយ និង​នាំ​អតីតនិទាន ទាំងពីរ​រឿង​នោះ ឱ្យបាន​ច្បាស់លាស់​ចុះ ៕ ដោយៈ មេសា​

កឋិន ទីទៃ​ពី​ដើម្បី​សាសនា​ទៅ ក៏​ជា​ឱកាស​សម្រាប់​សិល្បៈ​ប្រពៃណី និង​ប្រមូល​ធនធាន​យកទៅជួយ ដល់​ជនក្រីក្រ ឬ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​សាលារៀន​ជាដើម​ផងដែរ (​រូបៈ​ឯកសារ​)​