រឿងរ៉ាវ​ពិត​នៃ​គ្រូពេទ្យ នៅ​ខេត្តតាកែវ

1396
ចែករម្លែក

​មានរឿង​កក្រើក​តាម​ហ្វេ​ស​ប៊ុ​ក​។​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ នួន ឈិន បាន​បង្ហោះ​ថា នៅ​យប់​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩ មាន​ករណី​ដ៏​រន្ធត់​និង​គួរ​ឲ្យ​ហួសចិត្ត​មួយទៀតបាន​កើតឡើង​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​ផ្នែក​សម្ភព​គឺ​បង្កឡើង​ដោយ​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ​ដោយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ស្បូន​ប្រពន្ធ​របស់លោក​ក្រោយ​សម្រាល​រួច​។ តែ​សំណាងល្អ ប្រពន្ធ​របស់លោក មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​


​លោក នួន ឈិន បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា “​ពេលនេះ ភរិយា​ខ្ញុំ រួច​ផុតពីគ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ​សម្អាតមិន​ស្អាត ហើយ​ថែមទាំង​មាន​បង់​រុំ​របួសក្នុង​ស្បូន​ទៀត ពិតជា​ខកចិត្ត​ខ្លាំងណាស់ ដែល​សម្រេចចិត្ត​ទៅ​សម្រាល​នៅ​ពេទ្យ​នោះ ខ្លាច​ហើយ​រាង​ហើយ​”​។​
​ ​
​ក៏ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានចេញ​ផ្សាយ​នូវសេចក្តីបំភ្លឺ ដោយ​បកស្រាយ​ថា នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង​១០ នាទី​ព្រឹក មាន​ករណី​សម្រាលកូន​មួយ​ករណី ដែល​ត្រូវជា​ភរិយា​របស់​ឈ្មោះ នួន ឈិន ( ម្ចាស់​គណនី )​។ លុះដល់​ថ្ងៃទី​៩ ខែមិថុនា វេលា​ម៉ោង ៩ និង ៥​នាទី​ព្រឹក​ស្ត្រី​សម្រាលកូន ក៏បាន​ចេញពី​ពេទ្យ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យក្នុង​ផ្នែក​សម្ភព​។ ក្នុងករណីសម្រាលកូន​របស់​ស្ត្រី​រូបនេះ​គឺ​សម្រាល​ដោយមាន​កាត់​ទ្វារមាស ( Episiotomy ) និង​បូម​ជំនួយ ( Ventouse delivery ) ដូច្នេះ​ដំណើរការ​សម្រាលមានការ​ហូរឈាមខុសធម្មតា​។
​ ​
សេចក្តីបំភ្លឺ​បន្តថា តាម​បច្ចេកទេស​ពេទ្យ រឺ​ឆ្មប ដែល​ផ្តល់​ការ​សម្រាលកូន​ត្រូវធ្វើ​ការញាត់​កុំ​ប្រេ​ស ដើម្បី​ឃាត់ឈាម ដោយ​ទុក​រយៈពេល​ជា​មធ្យម​ពី ២៤ ទៅ ៤៨​ម៉ោង​។ សូមបញ្ជាក់ថា​ស្ត្រី​រូបនេះ​បាន​លួច​រត់​ទៅមុន​។​ប៉ុន្តែ​មុន​រត់​បាន​សន្យាថា​នឹង​រក​ពេទ្យឆ្មប​មក​សម្អាត​តាម​ក្រោយ​។​តែ​ផ្ទុយទៅវិញ​គាត់​មិនបាន​ហៅ​ពេទ្យ​មក​សម្អាត​ទេ ​គាត់​សម្អាត​ដោយ​ខ្លួន​គាត់ ដោយ​យកបាន​កុំ​ប្រេ​ស​ពីរ​ដុំ​។ ក្រុមគ្រួសារ​អ្នកជំងឺ​បាន​ទុក​អ្នកជំងឺរហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ដោយមាន​អាកា​រ​ចុកពោះ​ខ្លាំង ទើបរ​ត់រក​ពេទ្យ​។​
​ ​
ដូច្នេះ​មន្ទីរពេទ្យបង្អែកខេត្តតាកែវ បាន​បញ្ជាក់ថា តប​តាម​ការលើកឡើង​ពី​ឈ្មោះ នួន ឈិន ( ម្ចាស់​គណនី ) ខាងលើ មន្ទីរពេទ្យ​ពិតជា​មានការ​សោកស្តាយ​ជាខ្លាំង និង​មិនអាច​ទទួលយក​​បាន​។ ម្យ៉ាងវិញទៀត ការលើកឡើង​ខាងលើ វា​ផ្ទុយទៅនឹង​បច្ចេកទេស​ពេទ្យ​ទាំងស្រុង​។​ជា​ចុងក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​បានស្នើ​សូម​បងប្អូនក្នុង​បណ្តាញ​សង្គម មេត្តា​ជ្រាប និង​យោគយល់​ផង​។​
​ ​
ទាក់ទង​នឹង​ករណី​ខាងលើនេះ​គេ​បានឃើញ​ម្ចាស់​គណនី​បាន​សរសេរ​សូមទោស​ដល់​គ្រូពេទ្យ​ចំពោះ​ការភាន់ច្រឡំ​របស់ខ្លួន​និង​បាន​សូម​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បញ្ចប់​ការយល់ច្រឡំ​លើ​មន្ទីរពេទ្យ​នេះ​តទៅទៀត​។​
​ ​
​យ៉ាងណា​ក៏ដោយចុះ យើង​ដឹងឮ​រួចហើយ កន្លងមកពី​រឿង​ពេទ្យ​។ ពេទ្យ​បើសិនជា​ជួយសង្គ្រោះ​អ្នកជំងឺ​ហើយ​អ្នកជំងឺ​បានជា​សះស្បើយ នោះ​រួចខ្លួន គ្រូពេទ្យ​ឯង​។ តែ​ផ្ទុយ​ទៅវិញ បើសិនជា​គ្រូពេទ្យ មើល​អ្នកជំងឺ ស្រាប់តែ​អ្នកជំងឺ​នោះចៃដន្យត្រូវស្លាប់ ឬក៏​មិនជាសះស្បើយ គឺ​ច្បាស់​ជា​គ្រូពេទ្យ​នោះ ត្រូវ​ជាប់ទោស និង​មានឈ្មោះ​មិនល្អ​ហើយ​។​
​ ​
​ជាការ​ពិត គ្រូពេទ្យ ពិនិត្យ​ព្យាបាល​អ្នកជំងឺ គឺ​ចង់​ឲ្យ​តែ​អ្នកជំងឺ​នោះជាសះស្បើយ និង​មិន​រងគ្រោះ​រហូតដល់​ស្លាប់​នោះឡើយ​។ តែ​គ្រូពេទ្យ ប្រៀបបាន​នឹង​ថ្នាំពេទ្យ​ដែរ​។ សុទ្ធតែជា​អាវុធ​មុខ​ពីរ​។ ពោលគឺ​បើ​ព្យាបាល ឬក៏​ចាក់​ថ្នាំមិន​ស្រួល ​ខុស​បច្ចេកទេស ន​រណាមួយនោះ​នឹង​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​។ ថ្នាំពេទ្យ ក៏​ដូចគ្នា អាច​ព្យាបាល​ជំងឺ តែ​ក៏​អាច​សម្លាប់​អ្នកជំងឺ​ដែរ បើសិនជា​ប្រើ​ខុស​បច្ចេកទេស ឬក៏​ដាក់​លើស​ចំណុះ ជាដើម​។​
​ ​
​និយាយ​ដូច្នេះ មិនមែន​ថា គ្រូពេទ្យ​ទាំងអស់សុទ្ធតែជា​ជនរងគ្រោះ​នោះទេ​។ ផ្ទុយ​ទៅ វិញ បើសិនជា​គ្រូពេទ្យ​មួយចំនួន​តូច មិនមាន​ជំនាញ​ត្រឹមត្រូវ និង​មិន​គោរព​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ខ្វះ​ការទទួលខុសត្រូវ នោះ​ក៏​នាំ​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​ផងដែរ​។​
​ ​
​រីឯ​អ្នកជំងឺ​ខ្លួនឯង​វិញ ក៏ត្រូវ​ទុកចិត្ត​លើ​គ្រូពេទ្យ ពិសេស​ពេទ្យ​ខ្មែរ​យើង​តែម្តង ព្រោះថា ពេទ្យ​ឥឡូវ មិនមែន​លំៗ​នោះទេ ពោលគឺ​គ្រូពេទ្យ ពិសេស​ពេទ្យ​ក្មេងៗ​បាន​រៀនសូត្រ​ត្រឹមត្រូវ តាម​វិជ្ជាជីវៈ គោរព​ក្រមសីលធម៌ ហើយ​មិន​ត្រឹមតែ​បញ្ចប់​ថ្នាក់​វេជ្ជបណ្ឌិត នៅក្នុង​ស្រុក​ទេ តែ​ពេទ្យ​យើង ក៏បាន​រៀន​ចេះ​ចប់ រហូតដល់​ស្រុក​គេ ពិសេស​នៅ​បារាំង ជាដើម​។​
​ ​
​ឧទាហរណ៍​ជាក់ស្តែង នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ល្បីល្បាញ​ក្នុងការ​ព្យាបាល​កុមារ ដោយ​មិន​គិតថ្លៃ ហើយ​ស្ទើរតែ​សង្គ្រោះបាន​កុមារ ១០០​នាក់ ជួយ​បាន​ទាំង​១០០​នាក់ នោះ ក៏​សុទ្ធតែ​គ្រូពេទ្យ​ជំនាញៗ ជា​ជនជាតិខ្មែរ​យើង​បម្រើការ​ដែរ​។​
​ ​
​ពីមុន មាន​ខ្លះ​ដែរ ដែល​គ្រូពេទ្យ​មួយចំនួន​តូច គិតលុយ​ជាធំ ជាជាង​ជួយសង្គ្រោះ​អ្នកជំងឺ​។ តែ​មកដល់​សព្វថ្ងៃ គ្រូពេទ្យ​អសីលធម៌​មួយចំនួន​តូច​របៀបនេះ​ស្ទើរតែ​លែងមាន​ទៀតហើយ ព្រោះ​ដល់​សម័យ​ហ្វេ​ស​ប៊ុ​ក​ទៅហើយ បើសិន​ជាមាន​ពេទ្យ​មិនល្អ កាប់​កោរ និង​ខ្វះ​វិជ្ជាជីវៈ​ទៀត​នោះ គឺ​ច្បាស់​ជា​បាន​ល្បីល្បាញ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​មហាជន​កាត់ទោស និង​ថ្កោលទោស ជាក់​ជាមិនខាន​។​
​ ​
​សរុបមក គ្រូពេទ្យ​យើង បាន​បំពេញ​តួនាទី ក្នុងនាម​ជា​អ្នក​ជួយសង្គ្រោះ ដោយ​យកចិត្ត​ទុកដាក់ ហើយ​ពេលខ្លះ​ក៏ត្រូវ​រងគ្រោះ​ពី​សកម្មភាព​ជួយសង្គ្រោះ​អ្នកជំងឺ​ម្តងម្កាលដែរ​។ តែ​បើសិនជា​គ្រូពេទ្យ​យើង បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រម​សីល ធម៌​ពិតប្រាកដ ហើយ​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​អ្នកជំងឺ ដោយសារតែ​អាកា​រ​អ្នកជំងឺធ្ងន់ធ្ងរ ដែល​គ្រូពេទ្យ​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ​នោះ ក៏​ក្រុមគ្រួសារ​អ្នកជំងឺ និង​មហាជន​អស់ចិត្ត​ដែរ​។​
​ ​
​រីឯ​ក្រុមគ្រួសារ​អ្នកជំងឺ ក៏​គួរតែ​កុំ​ប្រញាប់ប្រញាល់​វិនិច្ឆ័យ ថ្កោលទោស ហើយ​គិតទុកជាមុន​ស្រេច​ទៅហើយ​ថា គ្រូពេទ្យ​ខ្មែរ​យើង នៅតាម​ខេត្ត ឬក៏​នៅ​ពេទ្យ​រដ្ឋ ជា​ពេទ្យ អសមត្ថភាព​ ព្រោះថាពេទ្យ​គ្នា​ខំរៀន​យូរ​ឆ្នាំ និង​អស់​លុយ​យ៉ាងច្រើន ហើយ​មានបំណង​សង្គ្រោះ ព្យាបាល​អ្នកជំងឺ ឲ្យ​បានជា​សះស្បើយ​ពី​ជំងឺ មិនមាន​ពេទ្យ​ណាមួយ មានបំណង​ឲ្យ​អ្នកជំងឺរងគ្រោះ និង​ស្លាប់​ដោយសារតែ​ការព្យាបាល​នោះទេ​៕ ដោយៈ​ម៉េង​ឆៃ​/Ha