រឿងរ៉ាវ​យុវតី​បួន​នាក់ ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​ម្នាក់ មហាជន​មួយចំនួន នៅ​មិនទាន់​អស់ចិត្ត​!

295
ចែករម្លែក

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មានការ​សម្របសម្រួល​បញ្ចប់រឿង​ក្រុម​ក្មេងស្រី​ទំនើង បួន​នាក់ ព្រួត​គ្នា​វាយ​ទាត់​ធាក់ និង​ជេរ​ដៀល​ក្មេងស្រី​ម្នាក់ នៅ​ថ្នាក់រៀន ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​។ ក្រុម​ក្មេងស្រី​ទំនើង ទាំង​បួន​នាក់ បាន​សំពះសុំទោស ដោយ​ប៉ូលិស ថត​វិ​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​សង សំណង​រដ្ឋប្បវេណី​ចំនួន​២.០០០​ដុល្លារ ដល់​គ្រួសារ​ក្មេងស្រី​រងគ្រោះ​។​

ក៏ប៉ុន្តែ​នៅ​ព្រលប់​ថ្ងៃទី​១៧ ខែមករា​ដដែល ក្មេងស្រី​រងគ្រោះ​ឈ្មោះ មរកត បាន​រត់​ចេញពីផ្ទះ ទៅរក​អ្នកកាសែត​អន​ឡាញ រហស្សនាម ឃេ ០១(K01 )​ឲ្យ​ជួយ​ផ្សាយ​ផ្ទាល់ ដោយ​នាង បង្ហាញ​ការ​ភ័យ តក់ស្លុត មិន​ហ៊ាន​ទៅ​រៀន និង​សំពះ​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ចាត់វិធានការ​តាមច្បាប់ លើ​ក្រុម​ក្មេងស្រី​ទំនើង​ទាំង​បួន​នាក់​នោះ​។​
​ ​
ក្នុងពេល​ផ្សាយ​ផ្ទាល់​កាលពី​ព្រលប់​ថ្ងៃទី​១៧​មករា ក៏មាន​ឃ្លី​ប​វិ​ដេ​អូ​ថ្មី​មួយទៀត ដែល​ក្រុម ក្មេងស្រី​ទំនើង​បួន​នាក់ ដឹកនាំ​ដោយ​ឈ្មោះ អន បាន​វាយ​ទាត់​ធាក់​យ៉ាង​ចាស់ដៃ​លើ​ក្មេងស្រី ម្នាក់ទៀត​នៅ​សួនច្បារ មុខ​វត្ត​បទុម​។ ឃ្លី​ប​វិ​ដេ​អូ​នោះ ក៏ត្រូវ​បាន​ក្រុម​ក្មេងស្រី​បង្ហាញ​ក្មេងស្រី រងគ្រោះ នៅពេល​វាយ​នាង​ក្នុង​ថ្នាក់រៀន ផងដែរ​។​

​នៅ​ព្រលប់​ថ្ងៃទី​១៧​មករា លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏បាន​ប្រកាស តាម​ហ្វេ​ស​ប៊ុ​ក ថា​លោក​នឹង​រៀបចំ​មេធាវី ដើម្បី​ប្តឹង​ក្មេងស្រី​ទំនើង​ទាំង ៤​នាក់ ទៅ​តុលាការ ចាត់ការ​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​ដល់​ក្មេង​ទំនើង​ល្មើសច្បាប់​ដទៃទៀត​។

​យ៉ាងណាក៏ដោយ​មកដល់​រសៀល​ថ្ងៃទី​១៨ ខែមករា មិនទាន់មាន​ការផ្សព្វផ្សាយ​ពី​ចំណាត់ ការ​ផ្លូវច្បាប់​ណាមួយ លើ​ក្រុម​ក្មេងស្រី​ទំនើង​ទាំង​បួន​នាក់ ដែល​ប៉ូលិស​ដោះលែង​ទាំងនោះ នៅឡើយ​ទេ​។​

ជាមួយគ្នា​នោះ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា លោក ឈិន សោ​ភណ្ឌ​ឪពុក​ក្មេងស្រី រងគ្រោះ ដែល​ត្រូវ​ក្រុម​ក្មេងស្រី​ទំនើង​បួន​នាក់ ព្រួត​គ្នា​វាយ​ទាត់​ធាក់ ក្នុង​ថ្នាក់រៀន នៅ វិទ្យាល័យ ផ្សារ​ដើមថ្កូវ ក្នុង​រាជធានី​ភ្នំពេញ បានប្រកាស​ស្នើសុំ​ដល់​ក្រសួង​មាន​សមត្ថកិច្ច និង​តុលាការ ជួយ​បន្ត​នីតិវិធី​តាមច្បាប់ លើ​ក្រុម​ក្មេងស្រី​នោះ​។​
​ ​
លោក​នឹង​យក​កូន ទៅពិនិត្យ​ខាង​ផ្លូវ​អារម្មណ៍ និង​រាងកាយ បើសិន​រកឃើញថា ក្មេងស្រី រងគ្រោះ មាន​សភាព​ធ្ងន់ធ្ងរ នោះ​លោក នឹង​ទាមទារ​សំណង​បន្ថែមទៀត​ចំពោះមុខតុលាការ​។​
​ ​
បើ​មើល​តាម​វីដេអូ​ឃ្លី​ប​ចំនួន​បី ដែល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​សកម្មភាព​របស់ ក្រុម​ក្មេងស្រី ដឹកនាំ​ដោយ​ឈ្មោះ អន បាន​ព្រួត​គ្នា​វាយ ទាត់​ធាក់​លើ​សិស្សស្រី​ម្នាក់ ក្នុង​ថ្នាក់រៀន កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ទើប​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ នា​ថ្ងៃទី​១៦ ខែមករា​ព្រមទាំង​ឃ្លី​ប​វាយ​លើ​ក្មេងស្រី​ម្នាក់ទៀត នៅ​សួនច្បារ​មុខ​វត្ត​បទុម គឺ​ពិតជា​សាហាវ​។

​សំខាន់​នៅពេល​វាយ​គេ គឺ​ក្រុម​ក្មេងស្រី​នេះ បាន​ថត​វិ​ដេ​អូ​ទុក​។ នៅពេល​វាយ​ក្មេងស្រី​សិស្ស សាលា​ក្នុង​ថ្នាក់រៀន ក្រុម​ក្មេងស្រី​បានបង្ហាញ​ឃ្លី​ប​វិ​ដេ​អូ​ដែល​ខ្លួន​បាន​វាយ​អ្នកផ្សេង​កាល ពី​ប៉ុន្មាន​ថ្ងៃមុន ឲ្យ​ជនរងគ្រោះ មើល​ថែមទៀត​។​
​ ​
នេះ​គឺជា​ទង្វើ​អសីលធម៌​មួយ ដែល​ពុំគួរ​កើត​ឡើងលើ​ក្មេងស្រី ដែល​ស្ថិតក្នុង​វ័យ​សិក្សា ហើយ​និយាយ​ជារួម លើ​ស្ត្រី​ខ្មែរ​យើង​សោះឡើយ​។​
​ ​
នៅពេលនេះ​មហាជន​មួយចំនួន រួមទាំង​ឪពុកម្តាយ និង​ក្មេងស្រី​រងគ្រោះ នៅតែ​មិន​សុខចិត្ត​។ ដូច្នេះ​ជា​ដំណោះស្រាយ គួរតែ​មានការ​អង្គុយ​សម្របសម្រួល​គ្នា​ជាថ្មី​ដោយមាន​កិច្ចសន្យា​ជា លាយលក្ខណ៍អក្សរ​ផង និង​ដោយ​ផ្ទាល់មាត់ ថត​វិ​ដេ​អូ ដោយ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផង ដើម្បី​ឲ្យ​ប្រាកដថា ក្រុម​ក្មេងស្រី​ទំនើង​ទាំង​បួន​នាក់​នោះ ពិតជា​មិន​បង្កបញ្ហា​អ្វី​ដល់​ក្មេង ស្រី​រងគ្រោះ ក៏ដូចជា​លើ​អ្នក​ផ្សេងទៀត ទៅ​ថ្ងៃក្រោយ​។​
​ ​
ក្រុម​ក្មេងស្រី​ទំនើង​ទាំងនោះ ក៏​គួរតែ​ប្តូរ​សាលារៀន​។ រីឯ​ក្មេងស្រី​រងគ្រោះ បើ​នៅ​ភ័យខ្លាច ទៀត ក៏​គួរតែ​ប្តូរ​សាលារៀន​ដែរ​។ ទាំង​ក្រុម​ក្មេងស្រី​ទំនើង និង​ទាំង​ក្មេងស្រី​រងគ្រោះ មាន​អាយុ​ចន្លោះ​ពី ១៤ ទៅ ១៥ ឬ ១៦ ឆ្នាំ ដែលជា​វ័យ​សិក្សា​រៀនសូត្រ នៅ​ថ្នាក់​វិទ្យាល័យ នៅឡើយ​។​
​ ​
​ចំណែក​នៅតាម​សាលារៀន មិន​ថា នៅ​សាលារៀន​រដ្ឋ ឬ​សាលា​ឯកជន​ទេ ក៏​គួរតែ​បង្កើន ការពង្រឹង​សន្តិសុខ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ជន​ប្លែក​មុខ ចេញចូល​សាលារៀន​បាន​ស្រេច តែ​ចិត្ត​ឡើយ​។ នៅ​ក្លោងទ្វារ​ចេញចូល គួរតែមាន​សន្តិសុខ​ប្រចាំការ​យាម នៅ​ម៉ោង​សិក្សា ដោយ​មិន​អនុញ្ញាត​ឲ្យ​ជន​ចម្លែក ចូល​អុកឡុក វាយ​សិស្ស​ដល់​ក្នុង​ថ្នាក់រៀន​ទៀតឡើយ​។ គ្រូ​ប្រចាំ​ថ្នាក់ និង​នាយក​សាលា ព្រមទាំង​គណៈ​គ្រប់គ្រង​សាលា​គួរតែ​បង្កើន​ការទទួល ខុសត្រូវ​ជាង​នេះ​។​
​ ​
​នៅ​ថ្នាក់រៀន ក៏​ដូច​នៅ​ខ្លោងទ្វារ ច្រកចេញចូល និង​បរិវេណ​សាលារៀន​គួរតែ​បំពាក់​កាំ​ម៉ា​រ៉ា សុវត្ថិភាព ហើយ​មានការ​ត្រួតពិនិត្យ​តឹងតែង​ដល់​សិស្សានុសិស្ស​។ មិត្ត​រួម​ថ្នាក់​ក៏​គួរតែ​បង្កើន ភាពស្និទ្ធស្នាល និង​ជួយ​គ្នា ក្នុងពេល​មាន​ជម្លោះ​ដោយ​មិនគួរ​ឲ្យ​កើតមាន​អំពើហិង្សា​ដូច្នេះ ទៀតឡើយ​។​

​សរុបទៅ វិធានការ​ផ្លូវច្បាប់ គឺជា​ជម្រើស​ចុងក្រោយ​។ តែបើ​អាច គួរតែ​សម្របសម្រួល​ម្តង ទៀត ហើយ​ក្រុម​ក្មេងស្រី​ទំនើង​ទាំង​បួន​នាក់ ក៏​គួរតែ​បង្ហាញ​សុ​ឆន្ទៈ​ពិតប្រាកដ ថា​ពួកគេ ត្រូវ​ឈប់​រករឿង វាយតប់​លើ​ក្មេងស្រី​រងគ្រោះ ព្រមទាំង​អ្នកដទៃ​ផ្សេងទៀត​។ បើ​មិន​ដូច្នោះ​ទេ កុំថាឡើយ​ពួកគេ ជា​អនីតិជន ដែល​មិនទាន់​គ្រប់​អាយុ ១៨​ឆ្នាំ តែ​ក៏ត្រូវ​មានទោស​ជាប់ ពន្ធនាគារ ដោយសារតែ​ការបង្ក​របួស​ស្នា វាយ​ទាត់​ធាក់​អ្នកដទៃ​នេះដែរ​។​

​រីឯ​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ មិត្តភក្តិ លោកគ្រូ​អ្នកគ្រូ ជាដើម ក៏​គួរតែ​លើកទឹកចិត្ត និង​លួងលោម​ក្មេងស្រី​រងគ្រោះ កុំ​ឲ្យ​ភ័យ​បារម្ភ​តទៅទៀត ហើយ​ទៅ​រៀន​ជាធម្មតា​ឡើងវិញ និង​ធានា​ដល់​សុវត្ថិភាព​នាង ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​នរណាម្នាក់ មក​គំរាម សម្លុត ឬ​វាយ​នាង​ទៀតឡើយ​។​សំខាន់​ក្មេងស្រី​បង្ករឿង​ទាំងនោះ ត្រូវ​ផ្លាស់​ចេញពី​វិទ្យាល័យ​ផ្សារ ដើមថ្កូវ ដើម្បី​កុំ​ឲ្យ​ជួប​មុខ​គ្នា​តទៅទៀត​៕ ដោយៈ ម៉េង​ឆៃ​