រឿងអាស្រូវ​ខេ​ប៉ុប ៖ ជុង ជុន​យ៉ុង ជាប់គុក ៦ ឆ្នាំ ឆ​យ ជុង​ហ៊ុន ជាប់គុក ៥ ឆ្នាំ​

228
ចែករម្លែក

ជិត​មួយឆ្នាំ​ក្រោយពី​រឿងអាស្រូវ​ខេ​ប៉ុប​បាន​ផ្ទុះឡើង​ក្នុង​កូរ៉េខាងត្បូង តារា​សិល្បៈ​ពីររូប គឺ ជុង ជុន​យ៉ុង និង ឆ​យ ជុង​ហ៊ុន ត្រូវ​រកឃើញ​មាន​ពិរុទ្ធ​ពីបទ​ល្មើស​ផ្លូវភេទ​។​

​នៅ​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆិកា​នេះ តុលាការក្រុង​សេ​អ៊ូ​ល​បាន​កាត់ទោស​ជុង​អាយុ​៣០​ឆ្នាំ​ឱ្យ​ជាប់គុក​៦​ឆ្នាំ​។ ឆ​យ​ត្រូវ​ជាប់គុក​៥​ឆ្នាំ​។

​អ្នក​ទាំងពីរ​ក៏ត្រូវ​រៀនសូត្រ​វគ្គ​បណ្តុះបណ្តាល​អំពី​អំពើហិង្សា​ផ្លូវភេទ​រយៈពេល​៨០​ម៉ោង​ផងដែរ​។

​វេ​ប​សាយ Allkpop បាន​រាយការណ៍​ថា អ្នក​ទាំងពីរ​ក៏ត្រូវ​ហាមឃាត់​មិនឱ្យ​ធ្វើការ​នៅតាម​អង្គការ​ណា ដែល​ជួយ​កុមារ​និង​ក្មេង​ជំទង់​ផងដែរ​។

​អ្នក​ទាំង​ពីរបាន​ប្រឈម​ការចោទប្រកាន់​ពីបទ​រំលោភ​បូក​លើ​ស្ត្រី​ម្នាក់​កាលពី​ខែមករា​និង​មីនាឆ្នាំ​២០១៦​។

​ជុង ដែលជា​តារាចម្រៀង​និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង ក៏​រង​ការចោទប្រកាន់​ផងដែរ​ពីបទ​ចែករំលែក​វីដេអូ​សកម្ម​ភាព​ផ្លូវភេទ​របស់គាត់​ជាមួយ​ស្ត្រី​ដទៃទៀត ដោយ​គ្មាន​ការយល់ព្រម​ពី​ពួកនាង តាមរយៈ Chatroom ជាមួយ​តារា​ដទៃទៀត​។

​អតីត​សមាជិក​ក្រុម​ចម្រៀង BigBang សៀង​រី ក៏​ស្ថិត​ក្នុងចំណោម​សមាជិក Chatroom នោះដែរ​៕ ដោយ៖ កញ្ញាដាលីស

ជុង ជុន​យ៉ុង (​ឆ្វេង​) និង ឆ​យ ជុង​ហ៊ុន