រឿងអាស្រូវ​ផលិតផល​ម្សៅ​ទឹកដោះ​កូនក្មេង​របស់​បារាំង ដែល​ផ្ទុក​បាក់តេរី Salmonella “​ប៉ះពាល់​ប្រទេស​ចំនួន ៨៣”

383

​ម្សៅ​ទឹកដោះគោ​កូនក្មេង​ជាង ១២ លាន​ប្រអប់​ត្រូវបាន​ប្រមូល​មកវិញ​នៅតាម​បណ្ដា​ប្រទេស​ចំនួន ៨៣ ក្នុង​រឿងអាស្រូវ​បាក់តេរី​ឈ្មោះ Salmonella ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បារាំង Lactalis​។​

​លោក អេ​ម៉ា​នូ​អែល បេ​ស្នៀ (Emmanuel Besnier) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទឹកដោះគោ​នេះ​បាន​ចេញមក​បញ្ជាក់​អំពី​វិសាលភាព​ហានិភ័យ​នៃ​ការ​ចម្លងរោគ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​។​

​ផលិតផល​ទាំងនោះ​ត្រូវបាន​ប្រមូល​មកវិញ ចាប់តាំងពី​ខែធ្នូ បន្ទាប់ពី​បាក់តេរី Salmonella ត្រូវបាន​រកឃើញ​នៅ​រោងចក្រ​មួយ​។​

​បណ្តឹងទាមទារ​សំណង​ត្រូវបាន​ធ្វើឡើង​ដោយ​ឪពុកម្តាយ​ជាច្រើន ដែល​និយាយថា កូនៗ​របស់​ពួកគេ​មិន​ស្រួលខ្លួន បន្ទាប់ពី​បៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន Lactalis​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ីថា គ្រប់​ប្រទេស​ដែល​រង​ផលប៉ះពាល់​ត្រូវបាន​ជូនដំណឹង​នៅ​អឺរ៉ុប អាស៊ី អាមេរិក​ឡាទីន និង​អាហ្វ្រិក​។ លោក​បាន​បន្ថែមថា ចក្រភព​អង់គ្លេស អាមេរិក និង​អូស្ត្រាលី​មិន​រង​ផលប៉ះពាល់​ទេ​។​

​ក្រុមហ៊ុន Lactalis គឺជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ធំ​បំផុត​មួយ​លើ​ពិភពលោក ជាមួយនឹង​ការលក់​ប្រចាំឆ្នាំ​ចំនួន ២១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ផលិតកម្ម​ចំនួន ២៤៦ កន្លែង​នៅក្នុង​ប្រទេស​ចំនួន ៤៧ និង​មាន​បុគ្គលិក ១៥.០០០ នាក់​តែ​ក្នុងប្រទេស​បារាំង​។​

​ការប្រមូល​ត្រឡប់មកវិញ​ត្រូវបាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ចំនួន ៣ ដង​ហើយៗ​គ្របដណ្ដប់​លើ​យីហោ​ម៉ាក Picot, Milumel និង Taranis៕ ដោយ៖ កញ្ញាដាលីស

ម្សៅ​ទឹកដោះគោ​ម៉ាក Picot, Milumel និង Taranis របស់​ក្រុមហ៊ុន Lactalis ត្រូវបាន​ហៅ​ប្រមូល​មកវិញ ៣ ដង​រួចមកហើយ