រឿង​គ្រឿងញៀន​៥០​គីឡូ​ចាប់ខ្លួន​ថៅកែ​រថយន្ត​ដឹក​អ្នកដំណើរ​”​ថង​វ៉ាង​”​នៅ​ក្រុង​ស្ទឹងត្រែង​

370

​​(​ស្ទឹងត្រែង​)៖​បក្ខពួក​ឧក្រិដ្ឋជន​ជួញដូរ​ថ្នាំញៀន​នៅ​ភាគ​ឦសាន​ម្នាក់ទៀត​ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​តាម​ចាប់ខ្លួន​ដល់​ក្រុង​ស្ទឹងត្រែង​ដោយ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ក្រុងភ្នំពេញ​។​បន្ទាប់ពី​ចាប់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូនទៅ​ភ្នំពេញ​ភ្លាមៗ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជន​ឈ្មោះ​ថង​វ៉ាង​ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ធា​ម​ច័ន្ទ​ពិសិដ្ឋ​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​។​

ក្រោយពី​មាន​ដីកា​ដល់ដៃ​សមត្ថកិច្ច​ភ្លាម សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ចុះ​សហការ​ជាមួយ​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន​ឈ្មោះ ថង វ៉ាង​ដែល​គេ​ស្គាល់​ថា​គឺជា​ថៅកែ​រថយន្ត​ហ្វ​ត​ដឹក​អ្នកដំណើរ​ស្ទឹងត្រែង​ភ្នំពេញ​ដល់​ក្រុង​ស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​ឃាត់ខ្លួន បញ្ជូន​ទៅដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រួច​ក៏បាន​បញ្ជូន​ជន​ឈ្មោះ ថង វ៉ាង​ទៅកាន់​ក្រុងភ្នំពេញ​ភ្លាមៗ​។​ករណី​ចាប់ខ្លួន​ឈ្មោះ​ថង​វ៉ាង​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ប្រចាំ​ភាគ​ឦសាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​។​កន្លងមក​ឈ្មោះ​ថង​វ៉ាង​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​ម្តង​រួចមកហើយ​ដែរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៧​កន្លងទៅ​មេខ្លោង​ម្នាក់​មាន​ដើមកំណើត​ជនជាតិ​ឡាវ​រស់​នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង​ឈ្មោះ​ស៊ី​ឡា​ឡយ​ហៅ​ខាំ​ឡយ​ឬ​ឧកញ៉ា​ស៊ី​ឡា​ឡយ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​និង​បក្ខពួក​ឈ្មោះ លួ​ន សុ​ផា​អាយុ​៣០​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​។

​ពេលនោះ​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហេ​រ៉ូ​អ៊ី​ន​និង​ប្រភេទ​ថ្នាំ​គ្រាប់​ជាច្រើន​ម៉ឺន​គ្រាប់​សរុប​ជាង​៥០​គីឡូក្រាម​នៅ​លំនៅដ្ឋាន​មួយកន្លែង​ទល់មុខ​វត្ត​សំរោង​អណ្តែត​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

ឈ្មោះ​ស៊ី​ឡា​ឡាយ​មាន​សណ្ឋាគារ​ដ៏​ល្បីឈ្មោះ​រតនៈសម្បត្តិ​នៅ​ខេត្តរតនគិរី​ដោយ​សមត្ថកិច្ច​បាន​អះអាងថា​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់​។​ក្រោយពី​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​រួចមក​ក៏មាន​ការចាប់ខ្លួន​បក្ខ​ពួក​ម្នាក់ទៀត​ឈ្មោះ​ថង​វ៉ាង​នៅ​ម្តុំ​ជិត​ផ្លូវ​ចូល​មន្ទីរពេទ្យ​ភូមិភាគ​ទី​១​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង​ក្រោយ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពីបទ​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​៕S/​ដោយៈ​សុខុម​

​(​រូបភាព​៖​ប្រភព​ហ្វេ​ស​ប៊ុ​ក​)

​ ​