រឿង​ងាយៗ ក្រៅពី​អនាម័យ​ស្អាត​ហើយ នៅសល់​លុយ​ទៀត​!

210
ចែករម្លែក

អ្នកឯកទេស​អនាម័យ និង​ទឹកស្អាត របស់​អង្គការ​ភ្លែ​ន​( Plan) អន្តរជាតិ​ប្រចាំ​កម្ពុជា លោក ហង់ ហ៊ី​ប៊ុន​ណា បាន​អះអាងថា ប្រសិនបើ​កម្ពុជា គ្រប់គ្រង និង ប្រើប្រាស់​លាមក ឱ្យបាន​ត្រឹមត្រូវ​នោះ កម្ពុជា អាច​សន្សំ និង​ចំណេញ​ថវិកា​សេដ្ឋកិច្ច​យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់​អភិវឌ្ឍន៍​គ្រួសារ និង​សង្គមជាតិ គឺ ជាង ១.១០០ លាន​ដុល្លារ អាម៉េរិក ក្នុង​មួយឆ្នាំៗ ។

​មិន​លំបាក​ទេ គឺ​ដើម្បី​អាច​គ្រប់គ្រង និង​ប្រើប្រាស់​លាមក​ទៅបាន គឺ​គេ​ត្រូវតែមាន​បង្គន់ អនាម័យ​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ ។ ហេតុអ្វី​បានជា​អ្នកជំនាញ លើកឡើង​ដូច្នេះ​?

​តាម​អ្នកជំនាញ ការ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ នាំ​ឲ្យ​យើង​ចំណេញ បួន​យ៉ាង​។ ទី ១-​អាច​កាត់បន្ថយ​ជំងឺ​ផ្សេងៗ បាន ៤៥ ភាគរយ ដែល​គិត​ជា​ទឹកប្រាក់ អាច​សន្សំ​ថវិកា​សេដ្ឋកិច្ច​បាន​ប្រមាណ ១០០ លាន​ដុល្លារ​។ ទី​២-​ការបញ្ចៀស​កុំឱ្យ មាន​លាមក​ហូរ​ចូលទៅក្នុង​ប្រភពទឹក នាំឱ្យ​សន្សំ​ថវិកា​បាន​ប្រមាណ ២២០ លាន​ដុល្លារ​។ ទី​៣-​ការ​មាន​បង្គន់​អនាម័យ​គ្រប់គ្រាន់ នៅតាម​តំបន់​ទេសចរណ៍ គឺជា​កែលម្អ និង​ថែ រក្សា​អនាម័យ​នៅតាម​តំបន់​ទាំងនោះ អាចរួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​អាច រកប្រាក់​ចំណូល​បាន​ប្រមាណ ៧៥០ លាន​ដុល្លារ និង​ទី​៤-​ការកែ​ច្នែ​លាមក ទៅជា​ជីវ ឧស្ម័ន ជាដើម អាចបង្កើត​ប្រាក់ចំណូល​បាន​ប្រមាណ ១០០ លាន​ដុល្លារ​អាម៉េរិក ក្នុង​មួយឆ្នាំៗ​។ ដូច្នេះ សរុបទៅ គឺ​ការគ្រប់គ្រង និង​ប្រើប្រាស់​លាមក ឱ្យបាន​ត្រឹមត្រូវ ធ្វើឱ្យ​កម្ពុជា អាច​សន្សំ និង​ចំណេញ​ថវិកា​សេដ្ឋកិច្ច បាន​ប្រមាណ​ជា ១.១៧០ លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ។​

​តាម​ទិន្នន័យ​កាលពី​ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ មាន​បង្គន់​អនាម័យ​ប្រើ ប្រាស់​ប្រមាណ​ជា ៧០ ភាគរយ និង​នៅតាម​ទីប្រជុំជន ៩០ ភាគរយ ។ ប៉ុន្តែ​ទិន្នន័យ​ស្តី ពី​បង្គន់​អនាម័យ​នេះ នឹងត្រូវ​បង្ហាញ​ម្តងទៀត តាមរយៈ​លទ្ធផល​នៃ​ការធ្វើជំរឿន​ប្រជាជន ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​០៣ ខែមីនា ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​។​

​យ៉ាងណាក៏ដោយ​ចំពោះមុខ​នេះ​ពាក់ព័ន្ធ​បង្គន់​អនាម័យ ត្រូវបាន​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត​កំពុង​យកចិត្ត ទុកដាក់ និង​ជំរុញ រហូត​មានការ​ប្រកួតប្រជែង​បង្គន់​អនាម័យ​ស្តង់ដា អាស៊ាន ទៀតផង ។ ប៉ុន្តែ​ក៏ត្រូវ​បានទទួល​ស្គាល់​ជាទូទៅ​ថា កម្ពុជា មិនទាន់មាន​បង្គន់​អនាម័យ​ប្រើប្រាស់ គ្រប់គ្រាន់​នៅឡើយ ជាពិសេស​នៅតាម​តំបន់​ជនបទ ។​

​អ្នកជំនាញ​បានលើកឡើង​ថា កង្វះ​បង្គន់​អនាម័យ គឺជា​មូលហេតុ​ដ៏​សំខាន់បំផុត​មួយ នាំឱ្យមាន​ជំងឺរាក​រូស និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត ហើយ​ជំងឺ​ទាំងនោះ បណ្តាលឱ្យ កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជា ២៥០ លាន​ដ​ល្លារ​អាមេរិក ក្នុង ១ ឆ្នាំៗ ។ មិន​តែ ប៉ុណ្ណោះ ជំងឺ​ដែល​បណ្តាលមកពី​កង្វះ​អនាម័យ ក៏​ជា​មូលហេតុ​ដ៏​ចម្បង​បំផុត​មួយ នាំឱ្យមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ហើយ​កង្វះ​អាហារូបត្ថម្ភ នាំឱ្យ​ក្រិន​ក្រេះ ប៉ះពាល់​ដល់ ការលូតលាស់​ទាំង​រាងកាយ និង​ខួរក្បាល ពោលគឺ​គំនិត​ប្រាជ្ញា និង​ភាព​ច្នេះ​ប្រឌិត ដែលនាំឱ្យ​ថយចុះ​ផលិតភាព និង​គុណភាព​ជីវិត ហើយ​ដែល​ទាំងអស់នេះ សុទ្ធតែ​ជះឥទ្ធិពល​អវិជ្ជមានរ​យៈ​ពេល​យូរ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។

​យ៉ាងណាក៏ដោយ ក្នុងពេល​កន្លងមក អង្គការ Plan អន្តរជាតិ ប្រចាំ​កម្ពុជា​បាន​សហការ ជាមួយ​អាជ្ញាធរខេត្ត​រាជធានី ពិសេស​អាជ្ញាធរ​ឃុំ​ជាច្រើន នៅ​កម្ពុជា ដើម្បី​ចលនា ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ធ្វើ​បង្គន់​អនាម័យ​។ តួយ៉ាង នៅ​ខេត្តកំពង់ចាម បាន​បង្កើតជា ការប្រកួតប្រជែង​តាម​ឃុំ​សង្កាត់ មាន​បង្គន់​អនាម័យ ពោលគឺ​បើ​ឃុំ​សង្កាត់​ណា មាន​ប្រជាជនមាន​បង្គន់​អនាម័យ​គ្រប់​ផ្ទះ នោះ​ឃុំ​សង្កាត់​នោះ នឹង​ទទួល​ជ័យលាភី ជា​រង្វាន់​លើកទឹកចិត្ត​។​

​ការពិតហើយ មកដល់​សម័យ​ទំនើប សម័យ​តេ​ជោ​នេះ​ទៅហើយ ប្រជាពលរដ្ឋ​យើង មិន​ថា នៅ​ទីប្រជុំជន ឬ​នៅ​ទីជនបទ​នោះទេ គឺ​បាន​យល់ដឹង​ពី​អត្ថប្រយោជន៍ នៃ​បង្គន់​អនាម័យ និង​បន្ទប់ទឹក​។ ពោលគឺ​សម័យមុន ទើបតែ​បែក​សម័យ​ប៉ុលពត គឺ​ការ​បន្ទោ​របង់ នៅតាម​ជនបទ ត្រូវបាន​ធ្វើឡើង នៅតាម​គុម្ពោត​ព្រៃ​ក្រោយ​ផ្ទះ ដោយ​ជីកដី​កប់ ឬក៏​នៅ​កណ្តាលវាល​។​

​ប៉ុន្តែ​យើង​មកដល់ពេលនេះ​ទៅហើយ មិនអាច​ប្រើ​ទម្លាប់​ចាស់​នេះ​ទៀត​ទេ​។ ម្យ៉ាង​នៅ តាម​ផ្ទះ ដែលមាន​កូនស្រីៗ គឺ​គ្រោះថ្នាក់​បំផុត ការ​បន្ទោរ​បង់​យប់​ព្រលប់​ក្រៅ​ផ្ទះ នៅក្នុង​ព្រៃ​នោះ​។ ពោលគឺ​ស្ត្រីៗ ត្រូវ​ប្រឈម​នឹង​ការចាប់រំលោភ​ពី​ជនខិលខូច ឬក៏​ត្រូវ​សត្វ​អ​សិរ​ពិស​ទិច ចឹក ជាដើម​។​

​មិនជា​លំបាក​ទេ ក្នុង​ការធ្វើ​បង្គន់​អនាម័យ បន្ទប់ទឹក នៅតាម​ផ្ទះ ពិសេស​នៅ​ជនបទ​។ គឺ​គេ​អាច​ជីកដី ជា​រណ្តៅ ក្រោយ​ផ្ទះ ហើយ​ប្រើប្រាស់​ជញ្ជាំង​ស្លឹក ដោយមាន​ទ្វារ​បិទបាំង ក៏បាន​។ តែបើ​អ្នកមាន​ជីវភាព​ធូរធារ​បន្តិច គឺអាច​សាងសង់​ជា​បន្ទប់ទឹក​ដោយមាន​ប​ង្គ​ន់ អនាម័យ​ក្នុងនោះ នៅជាប់​ខាងក្រោយ​ផ្ទះ ងាយស្រួល យប់​ព្រលប់ បត់ជើងតូច បត់ជើងធំ ហើយ​កូនស្រីៗ ក៏​អាច​ងូតទឹក មានការ​បិទបាំង ត្រឹមត្រូវ​ផងដែរ​។​

​ដូច​អ្នកជំនាញ​បានលើកឡើង​ខាងលើ​អីចឹង គឺ​នៅពេល​មាន​បន្ទប់ទឹក បង្គន់​អនាម័យ ត្រឹមត្រូវ មិន​ត្រឹមតែ​ងាយស្រួល​ក្នុង​ការបត់​ជើងទេ ថែមទាំង​កសិករ​យើង​អាច​យក លាមក​ទាំងនោះ ធ្វើជា​ជី ប្រើប្រាស់​ស្រោច​ដំណាំ បន្លែបង្ការ ហើយក៏​អាច​យកទៅ​ផលិត ជា​ជីវឧស្ម័ន សម្រាប់​ដុត​ចំអិន​អាហារ​ថែម​ទៀតផង​។ ពិសេស​ទៅទៀត​នោះ គឺ​នៅពេល ប្រជាជន​ខ្មែរ​យើង មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ​គ្រប់​ផ្ទះ នោះ​ជំងឺ​នានា ដែល​កើតចេញ ពី​លាមក ដែល​គេ​ប​បន្ទោ​របង់​ពាសវាល​ពាសកាល ហើយ​ពេល​ភ្លៀង​មក លាមក​នោះ ហូរ​ចូល​ទឹក ឬក៏​ក្លាយជា​មេរោគ បង្ក​ជា​ជំងឺ​ដល់​ប្រជាជន​យើង ក៏​លែងមាន​។ កាលណា យើង​មាន​សុខភាព​ល្អ គឺ​យើង​មិន​ចំណាយលុយ​មើលជំងឺ ហើយក៏​អាច​ប្រក​បរបរ ការងារ​ចិញ្ចឹមជីវិត ជាធម្មតា​៕ ដោយ​: ម៉េង​ឆៃ​