រឿង​ចម្លែក​នៅ​ឥណ្ឌា ប្រកាស​រក​អ្នក​ធ្វើការ​៩​ម៉ឺន​កន្លែង មាន​អ្នកដាក់ពាក្យ​ដល់​ទៅ​ជាង​២៥​លាន​នាក់​

932
ចែករម្លែក

​អយស្ម័យយាន​ឥណ្ឌា ដែលប​ច្ច​ប្បន្ន​ប្រើ​មនុស្ស​១,៣​លាន​នាក់ បាន​និយាយថា​ខ្លួន​ត្រូវការ​មនុស្ស​រាប់ពាន់​នាក់​សម្រាប់​ការងារ​ជា​អ្នក​បើក​រថភ្លើង អ្នកបច្ចេកទេស ជាង​ឈើ អ្នកត្រួតពិនិត្យ​ផ្លូវដែក និង​តួនាទី​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ក្នុង​បណ្តាញ​ផ្លូវដែក​ធំ​បំផុត​ទី​៤​លើ​ពិភពលោក​មួយ​នេះ​។​

​មនុស្ស​ជាង​២៥​លាន​នាក់ ជា​ចំនួន​ច្រើន​ជាង​ប្រជាពលរដ្ឋ​អូស្ត្រាលី​ទាំងមូល បាន​ដាក់​ពាក្យសុំ​ការងារ​ជិត​៩០.០០០​នៅ​ក្រុមហ៊ុន​អយស្ម័យយាន​ឥណ្ឌា ដែល​នេះ​បញ្ជាក់​​ពី​បញ្ហា​ដែល​នាយករដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី ប្រឈម គឺ​ត្រូវ​ផ្តល់​ការងារ​រាប់​លាន​នៅមុន​ការបោះឆ្នោត​មួយ​នៅ​ឆ្នាំ​២០១៩​។​

​លោក​ម៉ូ​ឌី បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ឆ្នាំ​២០១៤ ជាមួយនឹង​ការសន្យា​បង្កើន​កំណើន​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​នៅ​អាស៊ី​និង​ផ្តល់​​ការងារ​ក្នុងពេល​ជាមួយគ្នា​។​តែ​គំនិត​ផ្តួចផ្តើម​«​ធ្វើ​នៅ​ឥណ្ឌា​-Make in India»​របស់​លោក​ដើម្បី​បង្កើន​ចំណែក​ផលិតកម្ម​ឧស្សាហកម្ម​ឥណ្ឌា​ពី​១៧%​ទៅ​២៥%​និង​បង្កើត​​ការងារ​១០០​លាន​នាក់​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២២​នោះ កន្លងមក​បាន​បរាជ័យ មិន​សំរេច​បាន​ដូច​ការសន្យា​របស់​លោក​ទេ​។​

​ប្រធាន​ក្រុមហ៊ុន​អយស្ម័យយាន​ឥណ្ឌា ដែល​បច្ចុប្បន្ន​ប្រើ​មនុស្ស​១,៣​លាន​នាក់ បាន​និយាយថា​«​យើង​មិន​បាន​បណ្តុះបណ្តាល​ឬ​រើស​បុគ្គលិក​កម្មករ​អស់​ពីរ​បី​ឆ្នាំ​មកនេះ​​។​ដូច្នេះ​យើង​ត្រូវការ​មនុស្ស​នៅ​ពេល​នេះ​»​។​

​ការផ្សាយ​រើស​បុគ្គលិក​កម្មករ​ត្រូវបាន​ធ្វើឡើង​កាល​ពី​មួយ​ខែ​មុន និង​ចាប់​តាំងពី​ពេលនោះ​មក មនុស្ស​ជាង​២៥​លាន​នាក់​នៅ​ទូទាំងប្រទេស​បាន​ដាក់ពាក្យ​សុំ​ចូល​បំរើការ​​តាម​អន​ឡា​ញ ហើយ​កាលកំណត់​ចុងក្រោយ​គឺ​ថ្ងៃ​សៅរ៍​ទី​៣១​មីនា​។​

​នេះ​ជា​ការ​រើស​បុគ្គលិក​កម្មករ​ច្រើន​បំផុត​ដោយ​អង្គភាព​រដ្ឋ​មួយ​នៅ​ឥណ្ឌា ចាប់តាំងពី​លោក​ម៉ូ​ឌី​ចូលកាន់​មុខ​តំណែង​កាលពី​៤​ឆ្នាំមុន ដោយ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​​តស៊ូ​ព្យាយាម​ស្វែងរក​ការងារ​សម្រាប់​មនុស្ស​ប្រមាណ​១​លាន​នាក់​ដែល​ត្រូវ​ចូល​ក្នុង​កម្លាំង​ពលកម្ម​ក្នុង​មួយខែៗ​។​

​ម៉ា​ហេស វ្យ៉ា​ស នាយក​ក្រុម​ផ្តល់យោបល់​សេដ្ឋកិច្ច​CMIE​បាន​និយាយថា​«​ចំនួន​សុំចូល​ធ្វើការ​ច្រើន​ដូច្នេះ បង្ហាញ​កំរិត​នៃ​សម្ពាធ​។​វា​បង្ហាញ​ថា​មាន​ការងារ​ធ្វើ​តិច ឬ​ម្យ៉ាង​​ទៀត​បង្ហាញថា ប្រជាជន​ឥណ្ឌា​ចូលចិត្ត​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​។​យើង​ត្រូវ​ធ្វើដំណើរ​ចេញ​ពី​គំនិត​នេះ​»៕​ដោយ​៖​វាសនា​