រឿង​ចោទ​មេ​ប៉​អឹម​ខេត្តកំពង់ស្ពឺ​ពុករលួយ​មាន​លុយ​​៣៥​ម៉ឺន​ដុល្លារ​ទិញ​ផ្ទះ​,​អ្នកនាំពាក្យ​ប៉េអឹម​ផ្ទៃ​ប្រទេស​បដិសេធ​

1439
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ​បាន​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើ​ពុ​រលួយ​រហូត​មាន​លុយ​ទិញ​ផ្ទះ​តម្លៃ​៣៥​ម៉ឺន​ដុល្លារ​និង​កាត់លុយ​កូនទាហាន​ថែមទៀត​ត​ផង​។​ប៉ុន្តែ​អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បដិសេធថា ពុំ​មានការ​កាត់លុយ​កូនទាហាន និង​មិនមាន​ការបង្ខិតបង្ខំ នាយទាហាន នាយទាហានរង ឱ្យ​ចូលរួម​មូលនិធិ​ទេ គឹ​ចូល​បុណ្យ​តាម​សទ្ធា ក្នុងនាម​ជាម​ហា​គ្រួសារ​កងរាជអាវុធហត្ថ​។​

ឧត្តមសេនីយ៍ អេងហ៊ី

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​“​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឆ្លើយបំភ្លឺ Account Facebook ឈ្មោះ ព្រាប សរ ដែល​បាន​លើកឡើងថា​”​សូម​មើល​អាវុធ ហត្ថ​ខេត្តកំពង់ស្ពឺ​ផង​សម្តេច​ពុករលួយ​កាន់​៣​ឆ្នាំ​ទិញ​ផ្ទះ​៣៥​ម៉ឺន​ដុល្លារ​កាត់លុយ​កូនទាហាន​ស្រេច​តែ​ចិត្ត​ដោយ​យក​លេស​ថា​មូលនិធិ​នេះ មូលនិធិ​នេះ ប្រាក់ខែ​មួយខែ​ចូល​មិន​គ្រាន់​ផង​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ មាន​Account Facebook ឈ្មោះ ព្រាប សរ បានលើកឡើង comment ក្នុង Page ថ្នាក់ដឹកនាំ​ថា “​សូម​មើល​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ផង​សម្តេច​ពុករលួយ កាន់​៣​ឆ្នាំ ទិញ​ផ្ទះ​៣៥ ម៉ឺន​ដុល្លារ កាត់លុយ​កូនទាហាន ស្រេច​តែ​ចិត្ត ដោយ​យក​លេស​ថា​មូលនិធិ​នេះ មូលនិធិ​នេះ ប្រាក់ខែ​មួយខែ​ចូល​មិន​គ្រាន់​ផង​”​។​ខ្ញុំបាទ​សូម​អរគុណ​និង​ទទួលយក​ការ​ផ្តល់ព័ត៌មាន​ក៏ដូច​ជា​​ការរិះគន់​មក​អង្គភាព​យើងខ្ញុំ​ក្នុងន័យ​ស្ថាបនា​ធ្វើឱ្យ​កងរាជអាវុធហត្ថ​កាន់​ទទួលបាន​នូវ​ការទុកចិត្ត​ពី​សំណាក់​សាធារណជន​។​ដោយ​ទទួលបាន​បទបញ្ជា​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធ​ពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ខ្ញុំបាទ​បាន​សួរ​នាយទាហាន​នាយទាហានរង​នៃ​កង​រាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដោយផ្ទាល់ ដែល​កំពុង​ទទួល​ការអប់រំ​រៀនសូត្រ​នៅ​បញ្ជាការដ្ឋាន​តែម្តង​។ ខ្ញុំបាទ​បាន​សួរ​ពួកគាត់​ទាំង​សិក្ខាកាម​ពេលព្រឹក និង​ពេល​រសៀល​សរុប​ចំនួន​ប្រមាណ​១៦០​នាក់ អំពី​ការ​កាត់​ប្រាក់ខែ ពួកគាត់​បាន​ឆ្លើយ​ដោយស្មោះ​ត្រង់​ថា អត់​មាន​កាត់​ប្រាក់ខែ​ទេ​។ (​មាន​រូប​ភាពជា​វីដេអូ​បង្ហាញជូន​ខាងក្រោម​)​។​

លោកជូ សារុន មេប៉េអឹម​ខេត្តកំពង់​ស្ពឺដែលរងការចោទប្រកាន់

​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា តែងតែ​ណែនាំ រំលឹក​ដាស់តឿន​ដល់​មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់​ក្នុង​កងរាជអាវុធហត្ថ ហាម​កាត់​គោលរ​បបរ​បស់ទ័ព ជាពិសេស​ប្រាក់ខែ​លើសពីនេះ​ទៀត​គឺ​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យបំពេញ​បន្ថែម​លើ​គោល​របប​របស់​រដ្ឋ​ដូចជា​ការហូប​ឆ្អែត​អនាម័យ​។​ល​។​ជាមួយគ្នានេះ​កងរាជអាវុធហត្ថ​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​សង្គម​ដោយបាន​មូលមតិ​ជា​ឯកច្ឆន្ទ​បង្កើត​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ដើម្បី​ប្រមូល​ថវិកា​ចូល​បុណ្យសព​តាម​សទ្ធា​ជួយ​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​នៃ​កងរាជអាវុធហត្ថ​ដែល​ពលី​មរណៈ​។​ការបង្កើត​មូលនិធិ​នេះ​គឺជា​គំនិត​​​ផ្តួចផ្តើម​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ហើយ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​នាយទាហាន​នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ដោយ​បង្កើត​គ្រុប​ក្នុង​ប្រព័ន្ធ​Whatsapp​ហើយ​នៅពេល​មាន​អាវុធហត្ថ​ពលី​មរណៈ​ក្រុមការងារ​បានប្រកាស​ក្នុង​គ្រុប​នោះ សមាជិក​ដែលមាន​ឈ្មោះ​បាន​ចូល​ថវិកា​បុណ្យ​តាម​សទ្ធា​មិនមាន​ការបង្ខិតបង្ខំ​ទេ​។ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា​បាន​ចូល​បុណ្យ​ក្នុង​មួយ​សព​៥​លាន​រៀល​ហើយ​នាយ​ទាហាន​នាយទាហានរង​ក៏បាន​ចូល​បុណ្យ​បន្តបន្ទាប់​តាម​សទ្ធា​។​ការប្រមូល​ថវិកា​បុណ្យសព​នេះ​ចាប់ផ្តើម​ក្នុង​ខែមេសា​ឆ្នាំ​២០១៧​មកដល់ពេលនេះ​រយៈពេល​១​ឆ្នាំ​ហើយ ក្នុង​សព​មួយ​ប្រមូលបាន​ចាប់ពី​ជាង​៣០​លាន​រៀល​ដល់​​៧០​លាន​រៀល​។​ថវិកា​នេះ​បាន​ជួយ​ដោះស្រាយ​ដល់​គ្រួសារ​សព​ក្នុងការ​ចំណាយ​ធ្វើ​បុណ្យសព​តាម​ប្រពៃ​ណី​​សាសនា​និង​ពិធី​កងទ័ព​ព្រមទាំង​ជួយ​ដោះស្រាយ​ដល់​ជីវភាព​ក្នុង​គ្រួសារ​ផងដែរ​។​

​អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា​“​នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ពុំ​មានការ​កាត់លុយ​កូនទាហាន​និង​មិនមាន​ការបង្ខិតបង្ខំ​នាយទាហាន​នាយទាហានរង​ឱ្យចូល​រួម​មូលនិធិ​ទេ​គឹ​ចូល​បុណ្យ​តាម​សទ្ធា ក្នុងនាម​ជាម​ហា​គ្រួសារ​កងរាជអាវុធហត្ថ​”៕​មន