ដោយៈ មុនីរ័ត្ន/ភ្នំពេញៈប៉ូលិសបានកំណត់មុខសញ្ញាមេក្លោងចំនួនពីរនាក់ ពាក់ព័ន្ធករណីជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ក្នុងចំណោមមេក្លោងទាំងពីរនាក់នេះ គឺមានម្នាក់ត្រូវបានគេដឹងថា ជាសមាជិកចលនារណសិរ្សសង្គ្រោះជាតិ ដែលមានលោកសម សេរី ជាប្រធាន។
ចំណែកមនុស្សចំនួនប្រាំបីនាក់ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះ តុលាការបានសម្រេចចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ និងឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
មនុស្សទាំង៨ប្រាំបីនាក់មានៈ ១.ឈ្មោះ សៀង វណ្ណឌឿន, ២.ឈ្មោះ វ៉ន ឡេង, ៣.ឈ្មោះ វ៉ន សាវណ្ណ ,៤.ឈ្មោះ ថន សាម៉េត, ៥.ឈ្មោះ ហេង ហៃ (ស្រី), ៦.ឈ្មោះ ណុប វ៉ុន ៧.ឈ្មោះ សាន សៅរី និង៨.ឈ្មោះ ប៉ែន ប៊ុនធឿន។
ចំណែកមេក្លោងជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលប៉ូលិសស្វែងរកចាប់ខ្លួនមាន ១. ឈ្មោះ រស់ សាម៉ុន ហៅក្រូច និងទី១. ឈ្មោះ ប៉េង សុខា ហៅម៉ៅ។
បើតាមឯកសាររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមកបានបង្ហាញថា ឈ្មោះ រស់ សាម៉ុន ហៅក្រូច គឺជាសមាជិករបស់ចលនាក្បាលខ្លា ដែលមានលោកសោម ឯក ជាមេដឹកនាំ។ ចលនាក្បាលខ្លាបានកសាងកងកម្លាំងប្រដាប់អាវុធនៅក្នុងព្រៃដើម្បីប្រឆាំងនិងរដ្ឋាភិបាល ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនឈ្មោះ សោម ឯក ដែលជាមេក្លោងដាក់ពន្ធនាគារ។ ចលនាក្បាលខ្លា របស់ សោម ឯក បានចងសម្ព័ន្ធភាពជាមួយចលនារណសិរ្សរំដោះជាតិ របស់លោកសម សេរី។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យលោក សោម ឯក ជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ពាក់ព័ន្ធនៅក្នុងអំពើភេរវកម្ម បង្កៃគ្រឿងផ្ទុះចំនួន ៣គ្រាប់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩ និងបានកេណ្ឌក្រុមភេរវជន និងបណ្ដុះបណ្ដាលនៅចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០០៩។ សមាជិករបស់ចលនានេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់នាពេលកន្លងមក បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្កចលាចលក្នុងសង្គម។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ក្រុមនេះ បានធ្វើសកម្មភាពទិញអាវុធនិងគ្រាប់ យកមកលាក់ទុក ក្នុងគោលបំណងរៀបចំកម្លាំងប្រដាប់អាវុធអនាធិបតេយ្យខុសច្បាប់ ដែលមានអង្គការចាត់តាំងដើមម្បីបះបោរប្រឆាំងរាជរដ្ឋាភិបាល បង្កអសន្តិសុខ ធ្វើឲ្យមហន្តរាយដល់អាយុជីវិតមនុស្ស និងប៉ះពាល់ដល់សន្តិសុខជាតិ។
តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ។
លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់រស្មីកម្ពុជាថា អយ្យការបានសម្រេចចោទប្រកាន់មនុស្សទាំងប្រាំបីនាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។ ហើយសំណុំរឿងនេះបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
មាត្រា៤៨៥ : បទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ពីរលានរៀល ទៅប្រាំមួយលានរៀល។ មាត្រា៤៨៦ : បទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពីបួនលានរៀលទៅ១០លានរៀល។ មាត្រា ៤៨៨ : បទផលិត ឬធ្វើចរាចរណ៍អាវុធគគ្រឿងផ្ទុះ និងគ្រាប់ផ្ទុះរំសេវគ្រប់ប្រភេទ ការផលិត ការនាំចូល ការនាំចេញ និងសន្និធិអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំឆ្នាំ ទៅ១០ឆ្នាំ៕SRN