រឿង​ជួញដូរ​អាវុធ​យកទៅ​លក់​នៅ​ថៃ​, រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ឲ្យ​ដល់​ឫសគល់ និង​រក​មេក្លោង​នៅ​ពីក្រោយ​

1748
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ស្រាវជ្រាវ​ឲ្យ​ដល់​ឫសគល់ និង​រក​មេក្លោង​នៅ​ពីក្រោយ​ឲ្យ​ឃើញ ពាក់ព័ន្ធ​ការនាំ​អាវុធ​ពី​កម្ពុជា​ចេញទៅ​លក់​នៅក្រៅ​ប្រទេស ជាពិសេស​នៅ​ព្រំដែន​ខាងលិច​។ ការ​ថ្លែង​បញ្ជា​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ធ្វើឡើង​នៅក្នុង​ផ្លាស់ប្តូរ​ផ្ទេរ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ និង​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ នេះ​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ (រូប៖ ឯកសារ)

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​មិនទាន់​បានល្អ នៅ​ឆ្នាំ​២០១៧ មានការ​នាំចេញ​អាវុធ​យកទៅលក់​នៅ​ខាងក្រៅ ពិសេស​ព្រំដែន​ខាងលិច ហើយ​ថៃ​បង្ក្រាប​ចាប់បាន តែ​មិនទាន់​ចាប់បាន​មេក​ក្លោង​។ ឥឡូវនេះ ថា​នៅមាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រកស៊ី​ជួញដូរ​អាវុធ បើ​គាស់​មិន​ដល់​ទេវា​នៅតែមាន បើ​រកឃើញ​ហើយ​មិន​បញ្ចេញ​មុខ នៅតែមាន ចលនា​បះបោរ​នៅ​កម្ពុជា​អត់​មាន​ទេ ប៉ុន្តែ​នៅ​ថៃ​ភាគខាងត្បូង​ផ្ទុះ​ស្ទើរ​រាល់ថ្ងៃ​”​។​

​សូមជម្រាបថា រថយន្ត​ពិ​ក​អាប់​(​មួយ​បាំង​កន្លះ​) មួយ​ដែលមាន​បិទ​ស្ទិ​ក​ឃឺ​យោធា ត្រូវបាន​ស្ទាក់​ចាប់បាន​ជាមួយនឹង​កាំភ្លើង​ខុសច្បាប់​ជាច្រើន​ដើម​នៅ​ចំណុច​ត្រួតពិនិត្យ​មួយ​នៅក្នុង​ខេត្ត​ត្រាត ជាប់​ព្រំដែន​កម្ពុជា កាលពី​យប់​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​។ ឈ្មោះ ឆា​យុទ្ធ ប្រា​សឺត​រីត អាយុ​៥៣​ឆ្នាំ ជា​អ្នកបើកបរ និង​ដឹក​អាវុធ​។ ហើយ​រថយន្ត​របស់គេ​មាន​បិទ​ស្ទិ​ក​ឃឺ​កងពល​រថក្រោះ​ទី​៤ ជាហេតុ​កាន់តែ​នាំអោយមាន​ការសង្ស័យ សមត្ថកិច្ច​ក៏បាន​ឲ្យ​អ្នកបើករថយន្ត បើក​ឃ្លុប​រថយន្ត ក៏​ឃើញ​មាន​សព្វាវុធ​កំរិត​យោធា​។ សព្វាវុធ​ទាំងនោះ​រួមមាន កាំភ្លើង​វាយប្រហារ Tavor ពីរ​ដើម កាំភ្លើង​វែង​M-16 ចំនួន​៤​ដើម កំណាត់​កាំភ្លើង​ខាងលើ​M-16​ចំនួន​២០​ដុំ កំណាត់​ខាងក្រោម​ចំនួន​១៦​កង់ និង​ចន្លុះ​ភ្លើង​បំភ្លឺ​ចំនួន​៣​។ គេ​ថា អាវុធ​ខុសច្បាប់​ទាំងនេះ ត្រូវបាន​ទម្លាក់​នៅ​កំពង់ផែ​មួយ​ក្នុងស្រុក​ក្លងយ៉ៃ មុន​ត្រូវបាន​លើកដាក់​រថយន្ត​និង​ដឹក​មក​។​លោក​ឆៃ​យុទ្ធ អះអាងថា​មិនមាន​ជន​សមគំនិត​ទេ តែ​អាជ្ញាធរ​ជឿថា​បុរស​នេះ​មុខជា​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​អាវុធ​ធំ​ណាមួយ​។ ​​អ្នកបើករថយន្ត​បាន​សារភាពថា ខ្លួន​បាន​ដឹក​សព្វាវុធ​ទាំងនេះ​ចេញពី​ប្រទេសជិតខាង​មួយ យកទៅអោយ​អតិថិជន​ម្នាក់​នៅ​ខេត្ត​សា​រ៉ា​ប៊ូ​រី​៕

ជនល្មើស និងអាវុធ ដែលត្រូវអាជ្ញាធរថៃបង្ក្រាបបាន (រូបឯកសារ)