រឿង​ដកទ័ព : មេទាហាន​កម្ពុជា​-​ឡាវ ជួបគ្នា​ថ្ងៃទី​២៦ ខែសីហា​

486
ចែករម្លែក
កងទ័ពកម្ពុជា (ខាងស្តាំ)និង ឡាវជួបក្នាកាលពីពេលថ្មីៗកន្លងទៅនេះ

ដោយ​: វង្ស សុភាព​/​ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ប្រាប់​រស្មី​កម្ពុជា នៅ​រាត្រី​ថ្ងៃទី​២៥​ខែសីហា​នេះ​ថា មេបញ្ជាការ​កងពលតូច​លេខ​៩ និង​មេបញ្ជាការ​យោធា​ខេត្តព្រះវិហារ នឹង​ជួបចរចា​ជាមួយ​អង្គភាព​យោធា​ខេត្ត​ចម្ប៉ា​សាក់ របស់​ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ស្អែក​នេះ ដើម្បី​ដក​កម្លាំង​ចេញ​ឲ្យ​ផុតពី​ព្រំដែន​ដែល​មានការ​ស្មុគស្មាញ ស្ថិតនៅ​តំបន់​ទន្លេរពៅ​។


​ការជួបគ្នា​នេះ គឺ​ផ្អែក​តាម​ការឯកភាពរ​វា​ង​នាយក​មន្ត្រី​ទាំងពីរ កម្ពុជា​-​ឡាវ កាលពី​ថ្ងៃទី​២៤ ខែសីហា ថា​ដក​កម្លាំង​ចេញ​ផុតពី​ចំណុច​ស្មុគស្មាញ​នៅ​ព្រំដែន​ភូមិសាស្ត្រ ឃុំ​ភ្លុក ស្រុក​មឿង​មុន ខេត្ត​ចម្ប៉ា​សាក់ និង ផ្អែក​តាម​ការឯកភាព​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ លេខ ៣៥៩៦/​ក​.​ប៉​.​ថ ចុះ​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៩​ថា​ការតែងតាំង​គណៈកម្មកា​រ​ចូលជួប​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​តាម​បណ្តោយ​ព្រំដែន​ឡាវ​-​កម្ពុជា នៅ​ប៉ុស្តិ៍​កន្ទុយ​កោះ​ស្មៅ​បង្គោល​០២៤​ស្ថិតក្នុង​ទឹកដី​ឡាវ​។​គណៈប្រតិភូ​ចូលរួម​ភាគី​នីមួយៗ​មិន​ឲ្យ​លើសពី​១០​រូប​។​


​ប្រភព​ដដែល​បាន​បន្តថា ការជួប​ចរចា​គ្នា​រវាង​ភាគី​កម្ពុជា​-​ឡាវ ដើម្បី​ពិភាក្សា​កំណត់​ការដក​កងកម្លាំង ទ័ព​ចេញ​ផុតពី​ព្រំដែន នៅ​ចំណុច​ដែល​ស្មុគស្មាញ និយាម​ការ (៧៩-២៣) ។​
​តាម​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដួង ច័ន្ទ មេបញ្ជាការ​កងពលតូច​លេខ​៩ របស់ កម្ពុជា បាន ជួបចរចា​គ្នា ជាមួយ​ភាគី​ឡាវ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា​ដើម្បី​កំណត់ពេល វេលា​ឲ្យ​កងកម្លាំង​ទាំង ពី​រដក​ចេញពី​កន្លែង​ឈរជើង​នៅ​ចំនុច​ទន្លេ​ល្ពៅ​ក្នុង​តំបន់​មុំ​បី ស្ថិតនៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ទៅ កាន់ អង្គភាព ដើម​វិញ​។​


សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារជាតិ ក៏​ធ្លាប់មាន​ប្រសាសន៍ ប្រាប់ រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ថា តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ទាំងពីរ (​កម្ពុជា​-​ឡាវ​) គឺ​បាន​ឲ្យ​មេបញ្ជាការ​នៅ​ជួរមុខ​ជួបគ្នា​កាលពី ល្ងាច​ថ្ងៃទី ២៤ ខែសីហា គោលការណ៍​សំខាន់ គឺ​បញ្ហា​តែមួយ​ទេ ឯកភាពគ្នា​កំណត់​ថេរៈវេលា​ឲ្យ​កម្លាំង​ទាំងពីរ​ចាក ចេញពី​នៅ​ចំនុច​ទន្លេ​ល្ពៅ​ក្នុង​តំបន់​មុំ​បី ទៅ អង្គភាព ដើម វិញ​។ កិច្ចការងារ​នេះ បាន ទទួលបញ្ជា​ពី​នាយករដ្ឋមន្ត្រី​ទាំងពីរ ហើយ​។​
ប្រមុខ​ការពារ ជាតិ​កម្ពុជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ ថា “​ជំនួប គឺ​ជំនួប​ហើយ​។ ឥឡូវ គេ​បន្ត ធ្វើ ឲ្យ បាន ម៉ត់ចត់​។ ដូច្នេះ​ភាគី​ទាំង ពីរ​នឹង​បន្តធ្វើ​នៅ​ប៉ុន្មាន ថ្ងៃ​ទៀត ការជួបគ្នា​កាលពី ល្ងាច ថ្ងៃទី ២៤ ខែសីហា បាន ចប់ ហើយ គឺ គ្មាន ច្រក​ណា​ក្រៅពី​អនុវត្ត តាម​បទបញ្ជា​របស់ នាយករដ្ឋមន្ត្រី​ទេ ក៏ប៉ុន្តែ គេ​រៀបចំ ព្រាង​លិខិតស្នាម​បញ្ជាក់ អះអាង ឲ្យ​មាន​ភាព ជាក់ លាក់​បន្ថែម ទៀត នៅពេល ជួប គ្នា​នៅ ពេល ក្រោយ​។ តិច​ទៀត​បានសម្រេច​កំណត់​ថេរៈវេលា​ច្បាស់លាស់ ជាមួយគ្នា​។ ជំនួប​នេះ គឺ​ផ្តោត​សំខាន់​ទៅ​ការដក​កម្លាំង ទាំង សងខាង ទៅ​អង្គភាព​ដើម​វិញ តែ ដក​នឹង​គេ​មិនទាន់ ធ្វើ​ភ្លាម​ទេ គឺ​ត្រូវ មាន​ជា​លាយ​លក្ខ​អក្សរ ដើម្បី​បញ្ជាក់ រួច ហើយ ឈាន មួយ​ជំហាន ទើប បាន​ចប់​”​។​


សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ទៀតថា ចំពោះ​ស្ថានភាព ព្រំដែន​កម្ពុជា ឡាវ គឺមាន​ភាព ល្អ ប្រសើរ ពីព្រោះ​ថ្នាក់ដឹកនាំ​កំពូល នៃ ប្រទេស​ទាំង ពីរ បាន ជួប ឯកភាពគ្នា​ហើយ គឺ ត្រូវ តែ អនុវត្ត តាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​បំផុត​។​
ចំណែក​សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន បញ្ជាក់ថា ទាក់ទង បញ្ហា ព្រំដែន កម្ពុជា ឡាវ សម្តេច បាន ជួប ជាមួយ មេបញ្ជាការ កងពល​ទ​តូច​លេខ ៩ និង ជួប​ជាមួយ នាយករដ្ឋមន្ត្រី ឡាវ បាន​ពិភាក្សាគ្នា ទាក់ទង រឿង ព្រំដែន ។ ដោយ​សម្តេច​បាន​បញ្ជា ឲ្យ មេបញ្ជាការ នៅខាងមុខ ដើម្បី ជួបគ្នា សម្រាប់ ការដក​ទ័ព រៀងៗ ខ្លួន ។ ការបញ្ជាក់ របស់ សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​គឺ នៅក្នុង គ្រុប អេឡិចត្រូនិក “ សភា ព្រោកប្រាជ្ញ ” កាលពី ព្រឹក ថ្ងៃទី ២៤ ខែសីហា ។​


​សម្តេច តេ ជោ ហ៊ុន សែន បាន បញ្ជាក់ថា “ ដោយសារ​ផ្តើម ពី​ប្រជាពលរដ្ឋ ខ្មែរ​យើង ម្នាក់ ទៅ បង្កបង្កើនផល នៅក្នុង​ដី​ដែល មិនទាន់ ដោះស្រាយ នឹង ហើយ គេ ក៏ មក ដក រួចហើយ គេ ក៏ ល្បាត​។​គេ ក៏ បញ្ជូន កម្លាំង មក ចាប់ពី ពី នាក់ ឡើងដល់ ៦០ នាក់ ហើយ យើង ក៏ ទៅ ទប់ នៅ កន្លែង នឹង ហើយក៏ ទាក់ ទង គ្នា រាល់ ថ្ងៃ ទេ ។ … ទាហាន និង ទាហាន នៅតាម ទល់ដែន វា មាន ស្អី ជាមួយគ្នា ។ ស៊ី បាយ ជាមួយគ្នា ទល់មុខ គ្នា នៅ នឹង ” ។​


​សម្តេច តេ ជោ បានបញ្ជាក់ ថា នៅ ពាក់កណ្តាល ខែកញ្ញា នាយករដ្ឋមន្ត្រី​ឡាវ មក​ទស្សនកិច្ច នៅ កម្ពុជា​ដើម្បី​ធ្វើ បន្ត កិច្ចការងារ ទាក់ទង នឹង រឿង ព្រំដែន​។​
​សូមជម្រាបថា សូមជម្រាបថា កងទ័ព​ឡាវ​ចំណុះ​ឲ្យ​យោធា​ខេត្ត​ចម្ប៉ា​សាក់ ស្ថិតនៅ​ទល់មុខ​ភូមិ​ខ្លឹម ឃុំ​ភ្លុក ស្រុក​មឿង​មុន ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ បាន​ចូលមក​តំបន់​ទន្លេរពៅ តាំងពី ថ្ងៃទី​១៤ ខែសីហា រហូតមក ដល់​ថ្ងៃទី ២៤ ខែសីហា​។ បន្ទាប់ពី​មាន​បញ្ហា ភាគី​ទាំង​កម្ពុជា និង ឡាវ បាន​ចរចា​គ្នា​ដើម្បី​ដោះ ស្រាយ​កុំ​ឲ្យ​មាន​ភាព​តានតឹង ដោយ​ភាគី​កម្ពុជា​បាន​សំណូម ពរ ឲ្យ​ភាគី​ឡាវ ដក​កម្លាំង​ចេញពី​ទីតាំង ដែល បាន ឈរ ជើង​៕​សរន

#