រឿង​ដដែលៗ ដែល​មិនគួរ​កើតឡើង​!

521
ចែករម្លែក

យ៉ាងហោចណាស់​មានកម្ម​ករ​កាត់ដេរ​ពីរ​នាក់បាន​ស្លាប់ និង​កម្មករ​កម្មការិនី ៣១ នាក់​ផ្សេងទៀត បាន​រងរបួស​ដោយសា​រ​តែ​ក្រឡាប់​ឡាន​នៅ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​៣០ ខែកក្កដា កន្លងទៅ​។

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា ឧបទ្ទវហេតុ​គ្រោះថ្នាក់ ចរាចរ ក្រឡាប់​ឡាន​ដឹក​កម្មករ​បណ្តាល​ឲ្យ​ស្លាប់ និង​របួស នៅ​ខេត្តស្វាយរៀង​នេះ ដោយសារតែ​រថយន្ត​កាំ​មី​ញ៉ុ​ង អត់​ដំបូល ដឹក​កម្មករ​កាត់ដេរ​បើកបរ​ជាន់​ហ្វ្រាំង​ខ្លាំងពេកបណ្តាល​ឲ្យ​ក្រឡាប់ទៅ​ម្ខាង​ថ្នល់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៧ និង១០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​កំពង់​រទេះ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​ក្រសួង​ការងារ​បានប្រកាសថា ជនរងគ្រោះ​ទាំងអស់ បានទទួល​ការជួយ​សង្គ្រោះ​ពីសំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួងការងារ ដោយ​យកចិត្តទុកដាក់​បំផុត​។ ក្នុងនោះ កម្មករនិយោជិត ១៥​នាក់​ត្រូវបានបញ្ជូនទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យបង្អែកជី​ភូ និង​ចំនួន ១៦​នាក់​បាន​បញ្ជូនទៅសម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង​។​

​ក្រសួង​ការងារ​ក៏បាន​ប្រកាសថា​នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន កម្មការិនី និង​ក្រុមគ្រួសារ ទៅតាម​គោល​របប​ប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របបសន្តិសុខ​សង្គម​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​លើ​រថយន្ត​ដឹក​កម្មករ​កាត់ដេរ​នេះ​បានកើត​ឡើងជា​ញឹកញាប់ ច្រើន​ករណី​មកហើយ ពិសេស​នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តស្វាយរៀង​។ កន្លងមកមាន​មូលហេតុ​ច្រើនយ៉ាង ដែល​ឡាន​ដឹក​កម្មករ​កាត់ដេរ​តែង​តែ​ជួប​គ្រោះថ្នាក់ចរាចរ​បណ្តាល​ឲ្យ​កម្មករ​កាត់ដេរ​របួស និង​ស្លាប់​ជាច្រើន​នាក់​។ ក្នុងនោះ បើ​មិន​បុក​គ្នា ក៏​ក្រឡាប់ធ្លាក់​ផ្លូវ​ដែរ​។​
​ ​
​មូលហេតុ​ចម្បង គឺ​ឡាន​ផ្ទុក​មនុស្ស​លើស​ចំណុះ ហើយ​មិនមាន​កៅអីអង្គុយ​ត្រឹម ត្រូវ​ទេ​។ ពោលគឺ​កម្មករ​ជិះ​លើ​ឡាន ត្រូវ​ឈរ​ប្រជ្រៀត​គ្នា តួយ៉ាង​ដូច​ឡាន​ដែល ក្រឡាប់នៅ​ខេត្តស្វាយរៀង​នេះ គឺ​ជិះ​ដល់​ទៅ ៣៣​នាក់​ដោយ​ឈរ​ប្រជ្រៀត​គ្នា​ក្នុង​ទ្រុងឡាន​កូរ៉េ កាំ​មី​ញ៉ូ​ង អត់​ដំបូល​។ នៅពេល​ជាន់​ហ្វ្រាំង មនុស្ស​ក៏​រេបោក​ក្រឡាប់​តែម្តង​។

​ការដាក់​មនុស្ស​ច្រើន ដោយសារតែ​តម្លៃ​ដាក់​ខែ ដោយ​កម្មករ​ម្នាក់ត្រឹមតែ ១០​ដុល្លារ ទៅ ១៥ ដុល្លារ ក្នុង ១​ខែ​។ ដូច្នេះ​បើសិនជា​ម្ចាស់​ឡានមិន​ដាក់​មនុស្ស​ច្រើន​ទេនោះ​មិន រួច​ថ្លៃ​ប្រេង​ឡើយ​។​
​ ​
មួយវិញទៀត​មាន​អ្នកបើកបរ​ឡាន​ដឹក​កម្មករ​ខ្លះ មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន ខ្ជាប់ខ្ជួន ពោលគឺ​បើក​លឿនៗ ហើយ​នៅ​ផ្លូវ​កោង មិន​ប្រយ័ត្ន ក៏​អា​ចរេ​ខុសផ្លូវ ក៏មាន​។ មុនពេល​ចេញដំណើរ អ្នកបើកបរ មិនបាន​ពិនិត្យ​ឡាន​ឲ្យ​បាន​ត្រឹមត្រូវ​មិនបាន​ឆៀកឡាន​ឲ្យ​ទៀងទាត់ មិនចេះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​​ ហើយក៏​អាចមាន​អ្នកបើកបររថយន្ត​ដឹក​កម្មករ​ខ្លះទៀតមិនមាន​ប័ណ្ណបើកបរ ពោលគឺ​មិនបាន​ចូលរៀន និង​ប្រឡងយក​ប័ណ្ណបើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ក៏មាន​។​

​យ៉ាងណា​ក៏ដោយចុះ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក្នុងពេល​ដឹកជញ្ជូន​កម្មករ និយោជិត មន្ត្រី​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ ក៏ដូចជា​អ្នកទទួលខុសត្រូវ​ក្នុង​រោងចក្រ​នីមួយៗ គួរតែ​ចូលរួម​ចាប់បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត​និង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងអស់​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​មិន​ផ្ទុក​កម្មករ​លើស​ចំណុះ​, ត្រួតពិនិត្យ​យានយន្តមុនពេល​ចេញទៅ​ដឹក​កម្មករ​, ឆៀករថយន្ត​ជាប្រចាំ ទៅ​ប្រឡង​យក​ប័ណ្ណ​បើកបរ ឱ្យ​ស្របតាម​ប្រភេទ​យាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​ក្រុមការងារ ប​.​ស​.​ស ស្តីពីច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​អ្នកបើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ទាំង ១០​ចំណុច​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​បើ​មានលទ្ធភាព មន្ត្រី​ជំនាញ​ខាង​ការងារ និង​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​គួរតែ​រៀប ចំ​ឡានសម្រាប់​ដឹកជញ្ជូន​កម្មករ ពី​រោងចក្រទៅផ្ទះ ដោយ​ត្រូវមាន​តៃកុង​ជា​អ្នក​ឆ្លងកាត់ វគ្គ​បណ្តុះបណ្តាល​ពី​ការបើកបរ​ត្រឹមត្រូវ និង​ប្រឡង​ជាប់បាន​ប័ណ្ណ​បើកបរ​ដោយសមត្ថភាព​។ បើសិនជា​កម្មករ​ជិះឡាន​ឈ្នួលដាក់​ខែ ក៏​ត្រូវតែ​ច្បាស់លាស់​ថា តៃកុង​ឡាន ចេះ​បើកបរ និង​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ ពិតប្រាកដ​។​

​ថៅកែ​ក្រុមហ៊ុន​រោងចក្រ ក៏​គួរតែ​តម្រូវ​ជា​ចាំបាច់ ឲ្យ​អ្នកបើកបរ ម្ចាស់​ឡាន​ដឹក​កម្មករ ត្រូវតែ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បើកបរ ទាំង​ទ្រឹស្តី ទាំង​ដៃចង្កូត​ត្រឹមត្រូវ និង​ត្រូវមានប័ណ្ណ​បើកបរ ហើយ​ប្រកបដោយ​សីលធម៌​ក្នុងការ​បើកបរ​ដឹក​ក​ម្មករ​ផងដែរ​។ មូលហេតុ ព្រោះថា បើ​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ខាតបង់មិន​ត្រឹមតែ​កម្មករ​ផ្ទាល់​ខ្លួនឯង​ទេ តែ​ខាង ប​.​ស​.​ស ក៏ត្រូវ​បង់ប្រាក់​ថ្លៃ​ព្យាបាល​ជំងឺ និង​ផ្តល់​សំណង​ដល់​ក្រុមគ្រួសារ​សព កម្មករ​ថែមទៀត​ផង​។ រីឯ​រោងចក្រ​កាត់ដេរ ក៏​មិនអាច​ដំណើរការបាន​ដោយសារ តែ​កម្មករ​ជួប​គ្រោះថ្នាក់​។ បញ្ហា​នេះ​យើង​អាច​ការពារ​បាន ដើម្បី​កុំ​ឲ្យ​រឿង​ដដែលៗ បន្ត​កើត​ឡើងលើ​កម្មករ​កាត់​ដេរ​របស់​យើង​តទៅទៀត​៕ ដោយ​:​ម៉េង​ឆៃ​/Ha