រឿង​ដដែលៗ ដែល​មិនគួរ​កើតឡើង​សោះ​

411
ចែករម្លែក

កាលពី​ម៉ោង ៨ ព្រឹក​ថ្ងៃទី​២៨ ខែសីហា​កន្លងទៅ​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ដោយ សារ​តែ​ឡាន​ដឹក​ម៉ាស៊ីន​បុកគ្រឹះ ឡើង​ចំណោត​មិន​រួច ក៏​រអិល​ថយក្រោយ​កិន​ស្លាប់ យ៉ាង​អាណោចអាធ័ម​។ បុរស​នោះ​ជិះ​ម៉ូតូ​ពីក្រោយ​ឡានធំ​នោះ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ផ្លូវ​បេតុង ចូល​វត្ត​ពោធិញាណ ក្នុងភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យទី​២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ គ្រួច ភារ​ម្យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​អ្នករត់​តុ ស្នាក់នៅ​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។ មាន​ប្រពន្ធ និង​កូនតូច​អាយុ​ជាង ១​ឆ្នាំ​។ ជនរងគ្រោះ មាន​ស្រុកកំណើត នៅ​ភូមិ​កំពង់​បា​ស្រី ឃុំ​ជ័យ​កំពក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

​ដោយឡែក​អ្នកបើកបរ​ឡាន​ឈ្មោះ ឆ​យ វណ្ណ​: ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​ស្នាក់​នៅផ្ទះ លេខ​៣៥០ ផ្លូវ​លេខ​២៧១ ក្នុងភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្រោយ​កើតហេតុ អ្នកបើកបរ​ឡានធំ​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ ខ្លួន​។​
​ ​
​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ឡានធំ​ឡើង​ចំណោត​មិន​រួច ហើយ​រអិល​ថយក្រោយ កិន​អ្នកជិះ​ម៉ូតូ​ស្លាប់​នេះ​ត្រូវបាន​ថត​ជាប់​ដោយ​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​អ្នកផ្ទះ​ជាប់​ផ្លូវ នោះ​។ មុនពេល​កើតហេតុ​នេះ រថយន្តស្ទូច​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-9823 ធ្វើ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវ​បេតុង​មុខ​វត្ត​ពោធិ ញាណ ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង ឡើងទៅ​ផ្លូវ​៣៧១​។ ខណ​:​មកដល់​ចំណុច​កើត ហេតុ រថយន្ត​នោះ ឡើង​ចំណោត​មិន​រួច ក៏​នៅ​ទ្រឹង​បន្តិច ជួន​ពេលនោះ បុរសរងគ្រោះ ជិះ​ម៉ូតូ PCX ពណ៌​ស ពាក់​លេខ​ភ្នំពេញ 1FT-9623 មកដល់ ហើយដោយ​ឡានធំ ឈប់​មុន អ្នកជិះ​ក៏​បង្អន់ល្បឿន ឈប់​ក្រោយ​ឡាន​នោះ​។ ភ្លាមៗ ឡានធំ​ក៏បាន រអិល​ថយក្រោយ កិន​លើ​បុរសរងគ្រោះ បណ្ដាលអោយ​ដួល ចូល​ក្រោម​កង់ឡាន ស្លាប់​ភ្លាមៗ​តែម្ដង​។ នេះ​ជា​គ្រោះថ្នាក់ ដែល​គួរ​ឲ្យ​រន្ធត់​ហើយ​បានកើត​ឡើងជា​ញឹក ញាប់​ក្នុងសង្គម​យើង ពិសេស​នៅលើ​ផ្លូវ​ឡើង​ស្ពាន ចុះ​ស្ពាន​។​
​ ​
​កន្លងមក យើង​តែងតែ​លឺជា​ញឹកញាប់ ពិសេស​នៅ​ស្ពាន​ព្រះមុនីវង្ស ឬ​ស្ពាន​ច្បារអំពៅ ក្បាលថ្នល់ គឺ​ឡានធំ ពេលខ្លះ ឡើង​ស្ពាន​មិន​រួច ក៏​រអិល​បុក​កិន​អ្នកធ្វើដំណើរ​របួស ស្លាប់​។ ជួនកាល ឡានធំ ចុះ​ស្ពាន ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​ក្លាយជា​សោកនាដកម្ម បុក​កិន​មនុស្ស​របួស​ស្លាប់​ជាច្រើន​នាក់​។​
​ ​
​ដូច្នេះ ជា​វិធានការ​កាត់បន្ថយ និង​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​ប​ង្ក​ដោយ ឡានធំ គឺ​ចម្បង​បំផុត អ្នកបើកបរ​ឡានធំៗ គួរតែ​ម្ចាស់ការ​ហើយ​ត្រួត​ពិនិត្យមើល ឡាន​របស់ខ្លួន​ឲ្យ​បាន​គ្រប់ពេល មុន​ឡើង​បើកបរ​។ ឆែក​មើល​ហ្វ្រាំង កាឡេ​ចង្កូត គ្រឿង​ជើង​ក្រោម ម៉ាស៊ីន ជាដើម ត្រូវ​ប្រាកដថា មិនមានរ​អាក់រ​អ៊ួ​ល ឬ​គាំង​ខូច ឡើយ​។ ឡាន​ទាំងនោះ ក៏​គួរតែ​ចូល​ជាង​កា​រ៉ា​ស់ ត្រួតពិនិត្យ​ទៀងទាត់​ហើយ​បើ គ្រឿងគ្រៅ​ចាស់ៗ​ពេក គួរតែ​ប្តូរ​ថ្មី​។ ឡាន​គ្រប់​ប្រភេទ ពិសេស​ឡានធំៗ​ក៏ត្រូវ​ចូល ឈៀក​តាម​កាលកំណត់​។​អ្នកបើក​ឡានធំ​ត្រូវតែមាន​អ្នកបើកបរ​ជំនួយ​នៅជាប់​ជាមួយ​ជានិច្ច​។​
​ ​
នៅពេល​ឡើង​ចំណោត ឡើង​ស្ពាន ចុះ​ចំណោត ឬ​ចុះ​ស្ពាន បើ​ឡានធំៗ ដឹក​ធ្ងន់ៗ គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​មើល​ស្ថាន​ភាពមិន​ស្រួល​ទេ​កុំ​ឡើង​តែម្តង​។​បើ​ឡើង​ត្រូវមាន​រក​អ្នកដើរ​តាម​កាន់​កំណល់ ចាំ​កល់​បើសិនជា​ឡាន​ឡើង​ទួល​ឡើង ចំណោត ឡើង​ស្ពាន​មិន​រួច​ទេ​។​
​ ​
ដោយឡែក អ្នកធ្វើដំណើរ​តាម​ម៉ូតូ កង់ ថ្មើរជើង រថយន្ត​តូចធំ​ផ្សេងទៀត ក្នុងករណី ឃើញ​ឡានធំៗ ដឹក​ធ្ងន់ៗ ឡើង​ស្ពាន ឡើង​ចំណោត គឺ​គួរតែ​កុំ​ទៅជិត​កុំទៅ​នៅ ក្រោយ​ឲ្យ​សោះ​។ សុំ​មេត្តា​បង្អន់ល្បឿន ឬក៏​ឈប់​នៅ​កន្លែង​សមគួរ ម្ខាង​ផ្លូវ​ឲ្យ​ឡាន នោះ ឡើង​ឲ្យ​ផុត​ចំណោត ឬ​ឡើង​ឲ្យ​ផុត​ស្ពាន ក៏​មិនយឺត​ដែរ​។ ដូចគ្នានេះដែរ បើសិនជា​ពេល​ចុះ​ចំណោត ពេល​ចុះ​ស្ពាន ក៏​គួរតែ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ឡាន កង់ ថ្មើរជើង កុំ​នៅមុខ​ឡានធំៗ​ឲ្យ​សោះ​។ រក​កន្លែង​អេប​ខាង ឬក៏​បើ​មិន​អ៊ីចឹង​ទេ​ត្រូវ បង្កើនល្បឿន ធ្វើ​ម៉េច​ទៅ​ឲ្យ​ផុតៗ​ឡានធំៗ ទាំង​ពេល​ឡើង និង​ពេល​ចុះ​ចំណោត ពេល​ចុះ​ស្ពាន​។​
​ ​
​ក្រៅពី​ការបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​របស់​អ្នកបើកបរ និង​ម្ចាស់​ឡានធំៗ​ហើយ សំខាន់​ជាងគេ គឺ​អ្នកធ្វើដំណើរ​លើផ្លូវ ពេល​ជួប​ឡានធំៗ ដឹក​ធ្ងន់ៗ​គួរតែ​ជៀស​ចេញ ឲ្យ​ឆ្ងាយ​ពី​ឡាន​ទាំងនោះ​។ សូមកុំ​នៅក្រោយ កុំ​នៅមុខ​ពិសេស​ពេល​ឡើង​ចុះ ចំណោត និង​ស្ពាន​។ សូម​ការពារ ប្រសើរ​ជាង​ព្យាបាល​។ បើ​កើតហេតុ​អ្វីមួយ គឺ​មិន​ត្រឹមតែ​ខូចខាត​ទ្រព្យសម្បត្តិ​ម៉ូតូ​ឡាន​យើង​ទេ តែបើ​ចៃដន្យ​អាក្រក់​រហូតដល់ របួស និង​ស្លាប់ ក៏​យើង​មើលមិនឃើញ​ឡើយ​៕ ដោយៈ ម៉េង​ឆៃ​

#