រឿង​ដដែលៗ ដែល​ឪពុកម្តាយ និង​អាណាព្យាបាល គួរ​ប្រុង ប្រយ័ត្ន​

322
ចែករម្លែក

ក្មេងស្រី​ម្នាក់​អាយុ​ជាង​មួយឆ្នាំ បាន​ស្លាប់ដោយ​លង់ទឹក​ប្រឡាយ ក្បែរ​ផ្ទះ កាលពី ថ្ងៃទី​៥ ខែសីហា​ឆ្នាំ​២០១៩ នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ ក្មេងស្រី​នោះ បាន​លង់ទឹក​ស្លាប់ ខណៈដែល​ម្តាយ បាន​ទៅធ្វើ​ការនៅ​ប្រទេស​ថៃ ហើយ​បាន​ផ្ញើ​កូនទុក​ឲ្យ​ម្តាយ​(​ជីដូន​ក្មេងរងគ្រោះ​) ជា​អ្នក​មើលថែ​ចៅ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រាល់ដង ក្មេងស្រី​រងគ្រោះ តែងតែ​នៅជាប់​ជាមួយ​ជីដូន​រហូត ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​នេះ ជីដូន​ឈឺ​សម្រាក​បន្តិច មិនបាន​មើល​ចៅដិតដល់​នាំ​ឲ្យក្មេងស្រី​រងគ្រោះ បាន​ចុះ​លេង​ទឹក​ប្រឡាយនៅមុខ​ផ្ទះ បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង​។​
​ ​
​ជា​រើ​យៗ ករណី​ក្មេង​លង់ទឹក​ស្លាប់ដោយសារតែ​ការធ្វេសប្រហែស​របស់​ឪពុកម្តាយ និង​អាណាព្យាបាល​បានកើត​ឡើង​។ ករណី​ទាំងនេះ បានកើត​ឡើង​ដដែលៗនៅក្នុងសង្គម​កម្ពុជា​យើង ដែល​គេ​អាច​ការពារ​និង​ទប់ស្កាត់​កុំ​ឲ្យ​កើត​មានបាន​តាមរយៈ​ការបង្កើន​ការប្រុងប្រយ័ត្ន និង​ការ​មើលថែ​កូនចៅ​តូចៗ​ឲ្យ​បាន​ដិតដល់ជាដើម​។​
​ ​
ឪពុកម្តាយ ដែលមាន​កូនតូច គួរតែ​កុំ​បណ្តោយ​ឲ្យ​កូន​លេង​ទឹក មិន​ថា​ទឹក​ប្រឡាយ អូរ ទឹក​ព្រែក ស្ទឹង ឬ​ទឹកទន្លេ​ទេ គឺ​សូម្បីតែ​ទឹក​ក្នុង​អាង ពិសេស​ធុង​ប៉េ​ត្រូ​ក៏​មិនត្រូវ​បណ្តោយឲ្យ​កូនចៅ​តូចៗ​លេង​ដែរ ព្រោះ​សុទ្ធតែ​អាច​គ្រោះថ្នាក់​ជាយថាហេតុ ដែល​នាំ​ឲ្យ​កូន ចៅ​តូចៗ​ទាំងនោះ អាច​លង់ទឹក​ស្លាប់​បាន​។​
​ ​
ឪពុកម្តាយ ក៏​មិនគួរ​យក​កូនតូចៗ​របស់ខ្លួនទៅ​ផ្ញើ​បងប្អូន ឬ​បណ្តោយ​ឲ្យ​កូន​បងៗ​ដែលនៅ​តូចមើល​ប្អូន ឬក៏​យក​កូន​ទៅ​ឲ្យ​ឪពុកម្តាយ ដែលជា​យាយ​តា មើល​ចៅ​ហើយ​ខ្លួនចេញទៅ​ធ្វើការ ឬ​ទៅរក​ស៊ី​បាត់ៗ​ពី​ផ្ទះ​នោះឡើយ​។ សូម​គិតថា ឪពុកម្តាយយើងបាន​មើលថែ​យើង​ជា​កូន តាំងពី​តូចក្រូចឆ្មារ រហូតដល់​ធំ​ដឹងក្តី និង​មានគ្រួសារ​មានកូនហើយ ហេតុអ្វីនៅពេល​ពួកគាត់​ចាស់ៗ​ហើយ បែរជា​ឲ្យ​គាត់​ត្រូវមាន​កូនខ្ចី​មើលថែចៅៗ​ទៀត​នោះ​?​។​
​ ​
មួយវិញទៀត យក​កូន​ទៅ​ផ្ញើ​បងប្អូន ឬ​បណ្តោយ​ឲ្យ​កូន​បងៗមើល​ប្អូន​តូចៗ​ក៏​មិនគួរដែរ ព្រោះថា សូម្បីតែ​យើង​ជា​ឪពុកម្តាយ មើល​កូនតូចនៅតែ​ធុញ​ដោយសារ​កូនតូចរ​ពិស​ចាប់​មិន​ឈ្នះ​ជាដើម ចុះ​ទម្រាំ​អ្នកដទៃ ឬក៏​កូន​បង ដែល​នៅ​តូចៗ​តើ​ពួកគេ​តស៊ូមើល​ក្មេង​ដែរឬទេ​? បើសិនជាពួកគេ​ធ្វេសប្រហែស ហត់នឿយ​នឹង​កូនតូច​នោះ បណ្តោយ​ឲ្យ​ដើរទៅ​ថ្នល់ ឬក៏​ចុះ​លេង​ទឹក នោះ​អាច​នឹង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ ក៏​អាច​ថា​បាន​។​
​ ​
បើ​ទាល់​ខ្លាំងណាស់ ឪពុកម្តាយ គួរតែ​ចែកវេន​គ្នាឈប់សម្រាក​មើល​កូនតូច​។ បើ​មិនដូច្នេះ​ទេ ម្តាយ ឬ​ឪពុក ក៏​គួរតែ​យក​កូនតូច​នោះតាម​ខ្លួន បើសិនជា​កន្លែង​ការងារអនុញ្ញាត​។​
​ ​
សរុបមក រណ្តៅ​ដី និង​ប្រឡាយជិត​ផ្ទះ គួរតែ​កុំ​ឲ្យ​មាន​។ បើ​មាន​ក៏​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​ក្មេង​តូចៗ​។ អាចធ្វើ​ជា​របង ឬក៏​ហាម​ដាច់ខាត និង​មិនត្រូវ​ឲ្យ​កូនតូចៗទៅលេង​ទឹក​នោះទេ​។
​ ​
មិនយូរ​ទេ ទឹកជំនន់ ដោយសារ​ទឹកទន្លេនឹង​ចូល​មកដល់​។ ដូច្នេះ​ឪពុកម្តាយ​អាណាព្យាបាល ក៏​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្លាំង​ថែមទៀត​ករណី​មានទឹក​លិច​ភូមិ​សាយវាលនៅ​រដូវ​ទឹក​ឡើង​នេះ​។​
​ ​
កូនតូចៗ មិនត្រូវ​បណ្តោយ​ឲ្យ​នៅតែ​ឯង ឬក៏​បណ្តោយ​ឲ្យ​លេង​ទឹក សូម្បីតែ​ទឹក​ក្នុងចានដែក ធុង​ទឹក​ប៉េ​ត្រូ អាងទឹក​ក្នុងផ្ទះ ជាដើម​។ បើសិនជា​យើង​បានការ​ពារ​នោះ​វាប្រសើរ​ជាង​ព្យាបាល ហើយក៏​មិន​មានការ​ស្តាយក្រោយ​៕ ដោយៈ ម៉េង​ឆៃ/Ha​