រឿង​ដែល​អ្នក​គួរ​ដឹង​ពី​ព្រះអង្គម្ចាស់ក្សត្រីថៃ​ឈរឈ្មោះ​ជា​បេក្ខជ​ននាយករដ្ឋមន្ត្រី​

374
ចែករម្លែក

​ព្រះអង្គម្ចាស់ក្សត្រីថៃ​មួយ​អង្គ នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការបោះឆ្នោត​ថ្ងៃ​២៤​មីនា ។ អ៊ូ​បុន​ហ្កា កា​ឆា​កាន់​យ៉ា បងស្រី​បង្កើត របស់​ស្តេច មហា វេ​ជីរ៉ា​ឡុងកន​ ត្រូវបានតែងតាំង​ដោយ​គណបក្ស ថៃ​រក្សា​ជាតិ ដោយ​បំពាន​ប្រពៃណី​ជា​យូរ​មក​ហើយ អំពី​ការដាក់​រាជវង្ស​ថៃ​នៅ​ក្រៅ​នយោបាយ​។​

​គូប្រជែង​លេចធ្លោ​ម្នាក់​របស់​ព្រះអង្គម្ចាស់ក្សត្រី គឺ​លោក​ប្រា​យុទ្ធ ចាន​អូ​ចា ជា​មេដឹកនាំ​របប​យោធា​បច្ចុប្បន្ន​ដែល​ទើប​ដាក់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​។​

​កើត​នៅ​ឆ្នាំ​១៩៥១​នៅ​ក្រុង​ឡូ​ហ្សា​ណ ប្រទេស​ស្វីស ព្រះនាម​ពេញ​របស់​ទ្រង់​គឺ អ៊ូ​បុន​ហ្កា កា​ឆា​កាន់​យ៉ា ស៊ី​រី​វ៉ាត​តា​ណា វ៉ា​ឌី​។​

​ខាងក្រោម​នេះ​ជា​រឿង​៣​យ៉ាង​អំពី​ព្រះអង្គម្ចាស់ក្សត្រី​៖

១.​បោះបង់​ចោល​ឋានៈ​រាជវង្ស​ដើម្បី​ស្នេហា​

​អ៊ូ​បុន​ហ្កា បាន​លះបង់​រាជ​ឋានៈ​របស់​ទ្រង់​នៅ​ថ្ងៃ​២៥​កក្កដា ឆ្នាំ​១៩៧២ នៅពេល​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក ផេ​ធឺ ជេន​សិន ដែល​ព្រះ​នាង​បាន​ជួប​ស្គាល់​ពេល​សិក្សា​នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​អាមេរិក​។​ព្រះអង្គម្ចាស់​ក្សត្រីបាន​រៀន​គីមី​និង​គណិតវិទ្យា​នៅ​ទីនោះ និង​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ខាង​សុខភាព​សាធារណៈ​ពី​សកល​វិទ្យាល័យ​​កាលីហ្វ័​រញ៉ា ក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​។​

​ព្រះ​នាង​ជា​សមាជិក​រាជវង្ស​ម្នាក់​ក្នុង​ចំណោម​សមាជិក​រាជវង្ស​ល្បីៗ​ជាច្រើន​ដែល​សុខចិត្ត​លះបង់​តំណែង​គោរមងារ​ដើម្បី​ស្នេហា រួម​មាន​ស្តេច​អង់គ្លេស អេ​ដ​វឺ​ត ដែល​បាន​ដាក់​​រាជ្យ​ដើម្បី​រៀបការ​ជាមួយ ស្ត្រី​អាមេរិក វ៉ាល​លី​ស ស៊ីម​សុន​នៅ​ឆ្នាំ​១៩៣៦ និង​ព្រះអង្គម្ចាស់ក្សត្រី​ជប៉ុន ម៉ាកូ​ដែល​បាន​ប្រកាស​អំពី​បំណង​បោះបង់ចោល​រាជ​ឋានៈ​ដើម្បី​រៀបការ​ជា​​មួយ​មេធាវី គេ​អ៊ិ កូ​មូរ៉ូ​។​

​ព្រះអង្គម្ចាស់ក្សត្រី អ៊ូ​បុន​ហ្កា កា​ឆា​កាន់​យ៉ា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​គត់​ដែល​ត្រូវបាន​គណបក្ស​ថៃ​រក្សា​ជាតិ តែងតាំង​កាលពី​ថ្ងៃ​៨​កុម្ភៈ​ឆ្នាំ​២០១៩​។​ព្រះ​អង្គ​បាន​គង់នៅ​​អាមេរិក​អស់​២៦​ឆ្នាំ​រហូត​ដល់​ឆ្នាំ​១៩៩៨ ពេល​ព្រះអង្គម្ចាស់​ក្សត្រីបាន​លែងលះ​លោកជេនសិ​ន​និង​យាង​វិល​មក​ថៃ​វិញ​។​

​ព្រះ​នាង​និង​ជេន​សិន​មាន​បុត្រ​៣ ព្រះអង្គ តែ​បុត្រា​មួយអង្គ វ័យ​២១​ឆ្នាំ បាន​ស្លាប់​ក្នុង​រលក​ស៊ូ​ណា​មី​នៅ​មហាសមុទ្រ​ឥណ្ឌា​កាលពី​ឆ្នាំ​២០០៤​។​

​ក្រោយ​យាង​មក​រស់នៅ​ថៃ​ជា​អចិន្ត្រៃយ៍ ព្រះ​នាង​ក៏​ត្រូវ​ប្រទាន​ងារ​ជា ទុន​រួង ញី​ង មានន័យថា​«​បុត្រី​របស់​មហាក្សត្រិយានី​រាជា​នុ​សិទ្ធិ​» និង​បាន​ការគោរព​ពី​ពួក​មន្ត្រី ជា​សមា​​ជិក​រាជវង្ស​ថៃ​។​

២.​សកម្ម​ក្នុង​ការងារ​ប្បុ​រសធម៌​

​ព្រះអង្គម្ចាស់ក្សត្រី ជា​ប្រធាន​មូលនិធិ​មិន​រក​កំរៃ​ចំនួន​៤ ដែល​សកម្ម​ខាង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន គាំទ្រ​ការងារ​ជួយ​ដល់​មនុស្ស​កើត​ជម្ងឺ​autism​និង​ជនក្រីក្រ ព្រមទាំង​​មូលនិធិ​សប្បុរសធម៌​ដទៃទៀត​។​

«​ធ្វើ​ជា​ជន​លេខ​១ »​ជា​ឈ្មោះ​យុទ្ធនាការ​សប្បុរសធម៌​និង​មូលនិធិ​ប្រឆាំង​គ្រឿងញៀន​ដែល​ព្រះអង្គម្ចាស់​ក្សត្រីបាន​បង្កើត​នៅ​ឆ្នាំ​២០០២​ក្នុង​បំណង​ជួយ​យុវជន​អោយ​នៅ​ឆ្ងាយ​​ពី​គ្រឿងញៀន​។​

​ក្នុង​សុន្ទរកថា​មួយ​ដើម្បី​កត់សំគាល់​ពិធី​ចំរើន​ព្រះជន្ម​បិតា​របស់​ទ្រង់​កាលពី​ឆ្នាំ​២០១៧ ព្រះ​នាង​បាន​មានបន្ទូលថា​« គ្រប់យ៉ាង​ដែល​យើង​ធ្វើ យើង​ត្រូវតែ​បូជ្ញា​ចិត្ត ចំណេះដឹង​​របស់​យើង គ្រប់​ផ្នែក​ដែល​ជា​របស់​យើង​…​ធ្វើការ​ជាមួយ​យុវជន​និង​ថ្នាំញៀន ។​មាន​ភាពស្មុគស្មាញ​ច្រើនណាស់​នៅ​ពីក្រោយ​វា តែ​យើង​ត្រូវតែ​ខិតខំ​ធ្វើ​ដើម្បី​ជួយ​»​។​

៣.​សម្តែង​ក្នុង​រឿង​ភាគ​ក្នុង​ទូរទស្សន៍​និង​ភាពយន្ត​

​មិន​ដូច​បុត្រ​ផ្សេងៗ​ទៀត​របស់​ស្តេច​អង្គ​មុន​របស់​ថៃ​ទេ ព្រះអង្គម្ចាស់ក្សត្រី មាន​វត្តមាន​ដ៏​សំខាន់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មហាជន​។​បើ​តាម​សារព័ត៌មាន ខាវ​សុ​ត ព្រះអង្គម្ចាស់ក្សត្រី​​បាន​ហក់​ចូល​ក្នុង​ភាពយន្ត​ភាគ​តាម​ទូរទស្សន៍​នៅ​ឆ្នាំ​២០០៣ ដោយ​បង្ហាញ​មុខ​ក្នុង​រឿង Kshatriya និង Great King Saves The Land​។​បី​ឆ្នាំ​ក្រោយ បាន​សម្តែង​ក្នុង​រឿង​ Anantalai​។​

​អ៊ូ​បុន​ហ្កា កា​ឆា​កាន់​យ៉ា ក៏​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ថៃ​រួម​មាន​រឿង​Where The Miracle Happens (២០០៨)​និង​រឿង​My Best Bodyguard(២០១១)​។​

​ជា​តំណាង​ឧស្សាហកម្ម​ភាពយន្ត​ថៃ ព្រះអង្គម្ចាស់ក្សត្រី តែង​តែង​មាន​វត្តមាន​នៅពេល​ចាក់​បញ្ចាំងភាពយន្ត​បើកឆាក​និង​មហោស្រព​ភាពយន្ត​នានា​ដូចជា​មហោស្រព​ក្រុង​កាន​។​​ព្រះអង្គម្ចាស់ក្សត្រីក៏​ជា​អ្នកចំរៀង និង​បាន​ច្រៀង​សំរាប់​មូលនិធិ​ធ្វើជា​ជន​លេខ​១(To Be Number One)​របស់​ទ្រង់​។​

​ព្រះ​នាង​បាន​ធ្វើ​ជា​ម្ចាស់​កម្មវិធី​ជជែក​កម្សាន្ត To Be Number One Variety ដើម្បី​ផ្តល់​ដំបូន្មាន​ដល់​មនុស្ស​វ័យក្មេងៗ​៕​ដោយ​៖​វាសនា​

អ៊ូ​បុន​ហ្កា ជា​អ្នក​ប្រើ​បណ្តាញ​សង្គម​ដ៏​ទាក់ទាញ​ម្នាក់ ជាមួយនឹង​អ្នកតាមដាន​មើល​ជិត​១​សែន​នាក់​ក្នុង​ទំព័រ​Instagram​ផ្ទាល់​របស់​ទ្រង់​។​កាលពី​ពេល​ថ្មីៗ ព្រះអង្គម្ចាស់ក្សត្រី​​បាន​បង្ហោះ​វីដេអូ​សោយ​អាហារ​តាម​ដងផ្លូវ​និង​ការ​ត្អូញត្អែរ​អំពី​ការបំពុល​ខ្យល់អាកាស​ក្នុង​ក្រុង​បាងកក​