រឿង​តាម​បាញ់សម្លាប់​:​តុលាការ​ចោទប្រកាន់​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​ ពីបទ​ប៉ុនប៉ង​មនុស្សឃាត​

1158
ចែករម្លែក
ខ្មាន់កាំភ្លើងឌួងណាគ្រី

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ទីបំផុត ​តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​លោក​ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិនមាន​ការអនុញ្ញាត។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ នេះ​។​ជនដៃដល់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ។​


​នៅក្នុង​សំណុំ​រឿងនេះ​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​ឲ្យ​នាំខ្លួន​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ (​ឌួង ណាគ្រី​) ទៅកាន់​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា​ ពាក់ព័ន្ធ​ករណី​តាម​ប្រហារ​ទៅលើ​ប្តី​ប្រពន្ធ​ដែល​ជិះ​រថយន្ត RANGE ROVER កាលពី​ម៉ោងជាង​១២​យប់ ឈានចូល​ថ្ងៃទី​២ ខែឧសភា នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​


​បន្ទាប់ពី​បញ្ជា​របស់​អគ្គស្នងការ​នគរបាលជាតិ កម្លាំង​ប៉ូលិស​តម្រួត​បទបញ្ជា​បាន​នាំខ្លួន​លោក​ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ទៅកាន់​តុលាការ​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា​។​

ជនរងគ្រោះប្តីប្រពន្ធ


​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ថា លោក​បាន​បញ្ជា​ឲ្យ​នាំខ្លួន​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ទៅកាន់​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​។


​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​”​កន្លងទៅ​ស្នងការ​ក្រុង​បាន​សម្របសម្រួល​ដោះស្រាយ​សំណង​ជាមួយនឹង​ជនរងគ្រោះបាន​ចប់​ហើយ (​ទី​១) , ទី​២. គោលការណ៍​របស់​ក្រសួងមហាផ្ទៃ និង​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​គឺ​បញ្ជូន​ឈ្មោះ​ឌួង​ណាគ្រី​ អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ​ដោះស្រាយ​តាមច្បាប់​”​។
​អគ្គស្នងការ​នគរ​វាល​ជាតិ បាន​បញ្ជាក់ថា ទាក់ទង​ការដាក់ពិន័យ​របស់​ក​ង​កម្លាំង គឺ​ច្បាប់​សម្រេច​ដាក់​យ៉ាងម៉េច យើង​នឹង​រៀបចំ​តាម​ហ្នឹង​។​


​បើតាម​ការបញ្ជា​ក់រប​ស់នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន គឺ​លោក​ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ អាច​ប្រឈម​នឹង​ការដក​តួនាទី​។​

កាំភ្លើងដែលខ្មាន់កាំភ្លើងឌួងណាគ្រីបាញ់

​ចំពោះ​ករណីនេះ​មាន​ក្រុម​អ្នកសម្របសម្រួល​ជាមួយ​ជនរងគ្រោះ​ដោយ​ភាគី​ខាង​ជនដៃដល់​បាន​សង​សំណង​ចំនួន ៥០០០​ដុល្លារ ទៅដល់​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​កុំ​ឲ្យ​វែងឆ្ងាយ​។​


​ករណី​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឈ្មោះ​ឌួង​ណាគ្រី​ដែលជា​ខ្មាន់កាំភ្លើង​ប៉ុនប៉ង​បាញ់សម្លាប់​ប្តី​ប្រពន្ធ​នៅក្នុង​រថយន្ត​RANGEROVER​នេះ​ត្រូវបាន​មហាជន​រិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​តាម​វីដេអូ​ដែល​ប្រជាពលរដ្ឋ​ថត​បាន​គឺ​គេ​ឃើញ​ខ្មាន់កាំភ្លើង​ជិះ​តាមរក​រឿង​ជនរងគ្រោះ​តាំងពី​ចំណុច​មុខ​អតីត​ក្លិប​កម្សាន្ត​រ៉ក់ (​បឹងត្របែក​) ខណ្ឌចំការមន​រហូត​ទៅដល់​ជិត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​។ ខ្មាន់កាំភ្លើង​បាន​ចុះ​ពីលើ​រថយន្ត​ឈរ​ជំទែង​បាញ់ប្រហារ​ទៅលើ​រថយន្ត​ជនរងគ្រោះ​ផ្នែក​ខាងក្រោយ​។ តែ​សំណាងល្អ​គ្រាប់កាំភ្លើង​មិនត្រូវ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​។ ដោយសារ​ភាព​តក់​ស្ល​ត់ និង​ការភ័យខ្លាច ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​សន្លប់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​បាន​រលូត​កូន​នៅក្នុង​ផ្ទៃ​៣​ខែ​។​


​ប្រជាពលរដ្ឋ​បាន​លាន់មាត់​គ្រប់ៗ​គ្នា បន្ទាប់ពី​បាន​មើល​វីដេអូ​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឈ្មោះ ឌួង ណាគ្រី ឈរ​ជំទែង​បាញ់​ទៅលើ​រថយន្ត​ជនរងគ្រោះដោយ​មិន​ចាញ់​ក្នុង​រឿងកុន​នោះទេ​។​
​ខ្មាន់កាំភ្លើង និង​បក្ខពួក​ជិះ​រថយន្ត LEXLIS RX330 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153​។

រថយន្តជនរងគ្រោះ


​ជនរងគ្រោះ​ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​ឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របរបុគ្គលិក ណាហ្គា​វើ​ល ជិះ​រថយន្ត RANGE ROVER ពណ៌​កណ្ដុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448​។​


​ជនរងគ្រោះ​ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ម៉ោងជាង​១២​រំលងអធ្រាត្រ ថ្ងៃទី​២ ខែឧសភា​ប្រពន្ធ​របស់លោក​មិនសូវ​ស្រួល​ស្រួល​ក៏បាន​ឈប់​ឡាន​នៅមុខ​រ៉ក់​មួយ​ភ្លែត​។​បន្ទាប់មក​បាន​បើករថយន្ត​បន្តទៀត​ទៅផ្ទះ តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស ៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 2B-5153 បាន​បើក​ដេញ​រថយន្ត​លោក​ពីក្រោយ ហើយ​បាន​កៀរ​រថយន្ត​លោក​ឲ្យ​ឈប់​កន្លែង​លក់ ២៥០០​រៀល ក្បាលថ្នល់ រួច​បាន​ជជែក​គ្នា​មួយ​ភ្លេ​ត​។ បន្ទាប់មក​លោក​បើករថយន្ត​គេច​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី រហូតដល់​កែង​ជិត​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ​ជនបង្ក​បាន​ដក​អាវុធខ្លី​ម៉ាករូ​ឡូ​បាន​ញ់​មកលើ​រថយន្ត​លោក​ពីក្រោយ​បែក​កញ្ចក់​។​បន្ទាប់មក​ប្រពន្ធ​លោក​បាន​សន្លប់​ដោយសារ​ភ័យ​ពេក​បាន​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​មានជ័យ​។​


ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ឈ្មោះ ឌួង ណាគ្រី ធ្លាប់​ធ្វើជា​ប៉ូលិស​នៅ​ខេត្តបាត់ដំបង និង​មានរឿង​អាស្រូវ​ក៏បាន​ផ្ទេរ​មក​បម្រើ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គឺជា​មន្ត្រី​ធម្មតា ប៉ុន្តែ​ដោយសារ​មាន​ខ្សែ​និង​ខ្នង​ក្រាស់ ឈ្មោះ ឌួង ណាគ្រី​បាន​ឡើងជា​អនុប្រធាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​៕​សរន​/Ha