រឿង​ត្រូវ​ដឹង​អំពី​សម័យប្រជុំ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំនេះ​

975
ចែករម្លែក

​មេដឹកនាំ​ពិភពលោក​ប្រហែល ១៣០ នាក់​នឹង​ប្រមូលផ្តុំ​គ្នា​នៅឯ​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​នេះ​សម្រាប់​ការជជែក​ដេញដោល​ថ្នាក់ខ្ពស់​ប្រចាំឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាស​កល រាប់​ចាប់ពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​រហូតដល់​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការអភិវឌ្ឍ​។​

​ខាងក្រោម​នេះ​ជា​រឿង​ត្រូវ​ដឹង​អំពី​សម័យប្រជុំ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំនេះ ៖

១. ការកកស្ទះ​ចរាចរណ៍​នៅ​សង្កាត់​ម៉ា​ហា​ថែ​ន​
​ជាមួយ​មេដឹកនាំ​ពិភពលោក​ជាច្រើន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​កន្លែង​មួយ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្ពស់​បំផុត​។ ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​បិទផ្លូវ​ធ្វើចរាចរ​នៅក្បែរ​ទីស្នាក់ការ​កណ្តាល​របស់​អ​.​ស​.​ប នៅ​សង្កាត់​ម៉ា​ហា​ថែ​ន​កណ្តាល​ក្រុង ហើយ​បាន​ព្រមាន​ដល់​អ្នកក្រុង​ញូវយ៉ក​អំពី​ការជាប់​ទ្រឹង​ធ្វើដំណើរ​ទៅណា​ក៏​មិន​រួច​។

២. ការ​ណាត់ជួប​ផ្នែក​ការទូត​លឿន​ដូច​ព្យុះ​
​ចាប់​ពីថ្ងៃ​អង្គារ​ទី​២៥​កញ្ញា ប្រមុខរដ្ឋ ៨១ រូប​និង​ប្រមុខ​រដ្ឋា​ភិ​បាប​ល ៤៧ រូប រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​ជាច្រើន​នាក់​ទៀត នឹង​ប្តូរ​វេន​គ្នា​ឡើងលើ​វេទិកា​មហាសន្និបាត​។ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​ជា​វាគ្មិន​ទី ២ ភ្លាមៗ​បន្ទាប់ពី​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក មី​ឆែ​ល ថេ​ម​មឺ​។ ប្រធានាធិបតី​បារាំង​លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង​ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាស​សាន់ រូ​ហា​នី ក៏​នឹង​ឡើង​ថ្លែង​នៅ​ថ្ងៃ​ដំបូង​ផងដែរ​។​

​ក្រៅពី​សុន្ទរកថា​នេះ នៅមាន​កិច្ចប្រជុំ​ចំនួន ៣៤២ និង​កិច្ចចរចា​ទ្វេភាគី​រាប់រយ​ត្រូវបាន​គ្រោងទុក ក្នុង​ណាត់ជួប​ដូច​រត់​ម៉ា​រ៉ា​តុង ដែល​ឯកអគ្គរដ្ឋទូត​នានា​របស់​អ​.​ស​.​ប​បាន​ហៅថា “​ការ​ណាត់ជួប​ផ្នែក​ការទូត​លឿន​ដូច​ព្យុះ​”​។​

៣. មនុស្ស​មុខ​ថ្មី​ប្លែក​
​មេដឹកនាំ​ជាច្រើន​នឹងធ្វើ​ការបង្ហាញ​ខ្លួន​នៅលើ​ឆាក​ពិភពលោក​រួមមាន​ប្រធានាធិបតី​ស៊ីម​បា​វេ លោក អេ​ម​មឺ​សុន អេ​ណា​ង​ហ្គា​វ៉ា នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី លោក អា​ប៊ីយ៉ា អា​ម៉េ​ត ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក​ស៊ី​រី​ល រ៉ា​ម៉ា​ផូ​សា និង ប្រធានាធិបតី​អង់​ហ្គោ​ឡា លោក ចូ​អាវ ឡូ​រ៉ង់​កូ​។ សមាជិក​ថ្មី​ប្លែក​មុខ​ផ្សេងទៀត​រួមមាន​ប្រធានាធិបតី​គុយបា លោក មី​ហ្គែ​ល ឌា​ស​ខាណ​ល នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក ជី​ស​សេប​ពី កុន​តេ ប្រធានាធិបតី​ស៊ី​លី លោក​សេ​បា​ស្ទា​ន ភី​ណេ​រ៉ា នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក ប៉េ​ត្រូ សាន់​ឆេស និង​ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក​អ៊ី​វ៉ាន់ ឌូ​កេ ម៉ា​ក្វេស​។​

៤. តារា​ល្បីៗ​
​អង្គការសហប្រជាជាតិ​នឹង​ទទួលបាន​កម្លាំង​ជំរុញ​ដ៏​ខ្លាំងក្លា​ពី​តារា​ល្បីៗ​នៅ​ថ្ងៃ​ចន្ទ​នេះ នៅពេលដែល​ក្រុម​តារាចម្រៀង K-pop គឺ​ក្រុម BTS ដែលជា​ក្រុម​បុរស​ពេញនិយម​បំផុត​នៅលើ​ពិភពលោក នឹង​និយាយ​នៅក្នុង​ការចាប់ផ្តើម​យុទ្ធនាការ “​ជំនាន់​គ្មាន​ដែន​កំណត់​” របស់​អង្គការ Unicef ។ មេធាវី​អន្តរជាតិ​អង់គ្លេស​កូនកាត់​លី​បង់ នាង អា​ម៉ា​ល់ គ្លូ​នី​នឹង​និយាយ​ជា​លើកដំបូង​អំពី​ករណី​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​២​រូប​ជាប់គុក​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​តារាភាពយន្ត​នាង អ៊ែន​នី ហា​ថា​វ៉េ នឹង​ឡើង​ធ្វើ​សុន្ទរកថា​នៅ​អង្គការសហប្រជាជាតិ​ស្តីពី​សមភាព​យេនឌ័រ​។​

៥. អាហារ​រសជាតិ​ឆ្ងាញ់​ប្លែក​
​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​រៀបចំ​ពិធីជប់លៀង​សម្រាប់​មេដឹកនាំ​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​ទី​២៥​កញ្ញា ដែលមាន​គ្រប់​រសជាតិ​ដើម្បី​បំពេញ​នូវ​ចំណង់​ចំណូលចិត្ត​គ្រប់គ្នា​។ អាហារ​ថ្ងៃត្រង់​ចាប់ផ្តើម​ជាមួយនឹង​អាហារ​សាច់​ត្រី​ឆៅ​ចាន​តូច បន្ទាប់មក​មាន​សាច់គោ​អាំង​ហាន់​ជា​កង់ៗ​ជាមួយនឹង​ទំពាំង​បារាំង​អាំង​។ សម្រាប់​បង្អែម : ការ៉េម​សូកូឡា នំ​ខេ​ក​សូកូឡា​មាន​ផ្លែ​រ៉ា​ស្បឺ​រី​ដាក់​ពីលើ និង​ផ្លែ​រ៉ា​ស្បឺ​រី​ស្រូបទឹក​សូកូឡា​៕ ដោយ៖ កញ្ញាដាលីស

ក្រុម BTS នឹង​និយាយ​នៅក្នុង​ការចាប់ផ្តើម​យុទ្ធនាការ “​ជំនាន់​គ្មាន​ដែន​កំណត់​” របស់​អង្គការ Unicef