រឿង​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាមៈ តុលាការ​ចោទប្រកាន់​មនុស្ស​បីនាក់ និង​សម្រេច​ឃុំខ្លួន​

176
ចែករម្លែក
រឿង​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាមៈ តុលាការ​ចោទប្រកាន់​មនុស្ស​បីនាក់ និង​សម្រេច​ឃុំខ្លួន​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុម​ជនខិលខូច​ចំនួន ៣​នាក់ ត្រូវបាន​តុលាការខេត្ត​ព្រះសីហនុ ចោទប្រកាន់ និង​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ពី បទ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ដោយ​ខុសច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ឲ្យ​ដឹង​ក​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ ២០១៩​។​
​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន ក្រុម​ជនល្មើស បាននិងកំពុង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ រង់ចាំ​បន្ត​ដំណើរការ​នីតិវិធី​ច្បាប់ នៅ​ចំពោះមុខ​តុលាការ​។ ជនសង្ស័យ​ទាំងបី​រូប ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន តាំងពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ និង​បាន​សាកសួរ​ជុំវិញ​ការប្រព្រឹត្ត​បទល្មើស​នេះ ដោយ​ក្រុម​ជនល្មើស បាន​សារភាពថា ខ្លួន​ពិតជា​បាន​កាប់ឆ្ការ​ដីព្រៃ ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​មែន​។

វត្ថុតាង


​ជនសង្ស័យ​ទាំងបី​រូប ដែល​ត្រូវបាន​ចាប់ខ្លួន និង​ធ្វើការ​ចោទប្រកាន់​នោះ​ទី​១. ឈ្មោះ វ៉ាន់ ស៊ី​ណែ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ,​ទី​.​ឈ្មោះ រឿន ចាន់​ធី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ទី​៣. ឈ្មោះ ហៀ​ង ផាន់​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ​។​
​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​បាន​ស៊ីឈ្នួល​ចាំ​ដី​ឱ្យឈ្មោះ ម៉េង រស់នៅ​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃដី ទំហំ​២១​ហិកតា ហើយ​ដី​នេះ បាន​កាប់ឆ្ការ​ព្រៃ​អស់​ខ្លះ​ហើយ នៅសល់​ប្រហែល ៤​ហិកតា ពួកខ្លួន​ក៏បាន​នាំគ្នា​កាប់ និង​ជួល​គេ​កាប់​ថែមទៀត រួច​សង់​ខ្ទម​ចាំ​ដី​ចំនួន​២​ខ្នង នៅលើ​ទីតាំង​ដី​នោះ​ផងដែរ​។​
​ចំណាត់ការ​ជា​បន្ទាប់​ប្រឆាំងនឹង​ក្រុម​ជនល្មើស ក៏ដូចជា​មេក្លោង​ប្រព្រឹត្ត​បទល្មើស​រុករាន​ទន្ទ្រាន​កាន់កាប់​ដីធ្លី​នេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ថ្លែងថា តំបន់ការពារធម្មជាតិ​មួយចំនួន ប្រឈមមុខ​នឹង​ការគំរាមកំហែង​នៃ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់ ទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ច្បាប់​តឹងរឹង និង​ចុះ​អប់រំ​ផ្សព្វផ្សាយ យ៉ាងណា​ក៏​ដោយសារតែ​ទីផ្សារ​ដី​ឡើងថ្លៃ​។
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បន្តទៀតថា ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​វិធីសាស្ត្រ និង​ល្បិចកល ជា​រូបភាព​ផ្សេងៗ​គ្នា ដើម្បី​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដោយ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​អះអាងថា ខ្លួន​បានរស់នៅ និង​អាស្រ័យ​ផល​លើដី​នោះ​ជា​យូរ​ឆ្នាំ​មកហើយ​។ ក្រុម​ជនខិលខូច បាន​ប្រើប្រាស់ និង​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយចំនួន ឱ្យចូល​រុករាន កាប់ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដោយ​ខុសច្បាប់ និង​លក់​ក្នុង​តម្លៃថោកៗ ឱ្យ​ខ្លួន ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីធ្លី ក្នុងនោះ​រួម មាន​ការដាំ​ដំណាំ​ផ្សេង ដែល​ងាយ​នឹង​លូតលាស់​ដូចជា​ដើម​ចេក ដើម​ស្វាយ និង​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត ហើយ​មួយចំនួនទៀត បាន​ប្រើប្រាស់​វិធីសាស្ត្រ​គ្រៀវ​ដើមឈើ​ផង និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ​ផង​។ នេះ​គឺជា​ទង្វើ​ខុសច្បាប់ ហើយ​កម្លាំង​សមត្ថកិច្ច បាននិងកំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ក្រុម​ជនល្មើស និង​ចងក្រង​សំណុំរឿង​ទៅ​តុលាការ ដែល​នេះ គឺជា​ការពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ​។

វត្ថុតាង


​លោក​បាន​លើកឡើងថា នៅ​រៀងរាល់ថ្ងៃ មន្ត្រី​ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង ១២២០ នាក់​ដែលមាន​តួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​ជា​ឆ្មាំ​ការពារ ធម្មជាតិ​នៅលើ​ផ្ទៃដី​អភិរក្ស​សរុប​ប្រមាណ ៧,៥ លាន​ហិកតា នឹង​បង្កើន​សកម្ម​ភាពចុះ​ល្បាត​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រុន​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ ដោយ​ខុសច្បាប់​ក៏ដូចជា​បទល្មើស​ព្រៃឈើ ការ​បរបាញ់​សត្វ​ខុសច្បាប់ និង​ជាពិសេស​ទប់ស្កាត់​ការកាប់​ឆ្ការ​និង​រុករាន​ដីព្រៃ​ខុសច្បាប់ និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​ទន្ទ្រាន​កាប់​កាប់​ដី​។​
លោក​បាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន បដិសេធ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ ដូចជា​ការកាប់​ទន្ទ្រាន​កាន់កាប់ ការផ្ទេរ​និង​ទិញ​លក់​ដី​ដោយ​ខុសច្បាប់​នៅក្នុង​ឧទ្យាន​ជាតិ ដែន​ជម្រក​សត្វ ឬ​តំបន់​ការពារ​នានា ហើយ​អ្នក​ដែល​កំពុង​កាន់កាប់​ដី​ដោយ​ខុសច្បាប់ ត្រូវ​បញ្ឈប់​សកម្ម​ទាំងអស់​រួមមាន​ការ​ឈូសឆាយ និង​ការសាងសង់ សំណង់​នានា​ជាបន្ទាន់ ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង និង​ប្រគល់​ទីតាំង​ដី​ទាំងនោះ ដោយ​ឥត​លក្ខខណ្ឌ​មក​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ បើ​ពុំ​នោះទេ នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​៕ សរន