រឿង​ទប់ស្កាត់​ឡានធំ ចូល​ក្រុង​! ចាំមើល​លទ្ធផល​

827
ចែករម្លែក

បញ្ហា​ឡានធំ​ចូល​រាជធានី​ភ្នំពេញ បាន​ក្លាយជា​ប្រធានបទ ជជែក​វែកញែក​យ៉ាង​ផុលផុស ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុងពេលដែល​បញ្ហា​រថ​យន្ត​ធំ​ចូល​ក្រុង​នេះ​តែង ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មតិ​មហាជន​។​ការរិះគន់​ព្រោះតែ​ច្រើនលើកច្រើនសារ​ហើយ​ឮ​តែ​ទប់ស្កាត់ៗ ចាត់វិធានការៗ​កណ្តាប់ដៃ​ដែក តែ​លទ្ធផល​មួយ​ឆាវៗ​ហើយ​ជំងឺ នេះ​ក៏​រើ​ឡើងវិញ​។​

​ជាថ្មី​ម្តងទៀត​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានដាក់ ចេញ​វិធានការ​ទប់ស្កាត់​ឡានធំ​ចូល​ក្រុង គឺ​រយៈពេល មួយ ខែ​ទៀត ត្រូវ​ទប់ស្កាត់​ឲ្យ​បាន ពោលគឺ​នៅក្នុង​ខែមិថុនា​នេះ ដោយមាន​អាជ្ញាធរ​ខណ្ឌ នគរបាល កងរាជអាវុធហត្ថ ជា​អ្នកអនុវត្ត​វិធានការ​នេះ​។ ជា​វិធានការ ដែល​ត្រូវធ្វើ​ឲ្យ​ខាងតែបាន​។​

​ជាមួយនឹង​បទបញ្ជា​ថ្មី​នេះ លោក​អភិបាល​រាជធានី ក៏បាន​ឯកភាព​ទៅលើ​សំណើ​រៀបចំ តម្រាយ​ផ្លូវ សម្រាប់​ឡានធំ ចូល​ក្រុង ជាថ្មី​ឡើងវិញ ហើយក៏​ត្រូវអនុវត្ត​ម៉ោង​ពេល​ចូល ក្រុង​សំរាប់​ឡានធំ ចូល​ក្រុង គឺ​ចាប់ពី​ម៉ោង ៩ យប់ ដល់​ម៉ោង​៦​ភ្លឺ និង​កំណត់​ផ្លូវ​អាទិភាព ដែល​មិន​អនុញ្ញាត ឲ្យ​ចេញចូល​។ បើ​ម្ចាស់​ឡានធំ​ណា ដែល​មិន​ស្តាប់​តាម​ការណែនាំ គួរ​ឈប់​រកស៊ី​ដឹកជញ្ជូន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះ ក្នុង​អង្គប្រជុំ ក៏បាន​សម្រេច​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀបចំ​ឲ្យ មាន​ទីតាំង​បី​កន្លែង ដើម្បី​យក​រថយន្ត​ធំ ទៅ​ទុក​បណ្តោះអាសន្ន ក្រោយ​ឃាត់​បាន​។ ពេល​លែង​វិញ ត្រូវមាន​ការឯកភាព​ពី​អភិបាល​រាជធានី​ភ្នំពេញ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​នេះដែរ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង បាន​កោះអញ្ជើញ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​គ្រប់ ប្រភេទ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ណែនាំ​ពីបទ​បញ្ជា​ថ្មី ដែល​ហាម​រថយន្ត​ធំៗ ចេញចូល ក្នុង​រាជធានី​ភ្នំពេញ​។

​ការកំណត់​ម៉ោង​ពេលធ្វើ​ចរាចរណ៍​ថ្មី ដល់​រថយន្ត​ដឹកជញ្ជូន​ធុន​ធំ ក៏ត្រូវ​បានប្រកាស ផ្សព្វផ្សាយ ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ អាចធ្វើ​ចរាចរណ៍ នៅ​ភ្នំពេញ ចាប់ពី​ម៉ោង ៩​ព្រឹក ប៉ុន្តែ​ត្រូវ​ផ្អាក​នៅ​ម៉ោង ដែល​កម្មករ បុគ្គលិក សិស្សានុសិស្ស ចេញពី​ធ្វើការ និង​ចេញពី​សាលារៀន គឺ​នៅ​ម៉ោង ១១​ព្រឹក ម៉ោង ២​រសៀល និង​ម៉ោង ៥​ល្ងាច​។ ដោយឡែក រថយន្ត​ធុន​ធំ ដឹកទំនិញ​គ្រប់​ប្រភេទ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ ចេញចូល​រាជធានី​ភ្នំពេញ នៅពេល​ថ្ងៃជា​ដាច់ខាត ពោលគឺ​ចាប់ពី​ម៉ោង ៦ ព្រឹក រហូតដល់​ម៉ោង ៩​យប់​។

​កាលពី​កិច្ចប្រជុំ​នៅ​ខែកុម្ភៈ​នោះ អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ក្រឡុក​ស៊ីម៉ង់ត៍ និង​ក្រុមហ៊ុន​រថយន្ត​ធុន​ធ្ងន់​ដឹកជញ្ជូន​ទំនិញ​ទាំងអស់ ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​រថយន្តរ​បស់​ខ្លួន ចៀសវាង​ឱ្យបាន​នូវ​ការប្រើប្រាស់ គ្រឿងញៀន និង​ត្រូវគោរព​ច្បាប់ទម្លាប់ ពិសេស​ម៉ោង​ពេល​ថ្មី​នេះ ដើម្បី​ចូលរួម​ធ្វើ​យ៉ាង ណា ឲ្យ​រាជធានី​ភ្នំពេញ មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​។​

​ក្រៅពី​ប្រកាស​ពី​ការកំណត់​ម៉ោង​ពេលធ្វើ​ចរាចរ​ថ្មី ដល់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​និង​រថយន្ត ធុន​ធំ ដឹកទំនិញ​គ្រប់​ប្រភេទ​នេះ ក្នុង​កិច្ច​ប​ប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ក៏បាន​ប្រកាស​ព្រមាន​ដល់​អភិបាលខណ្ឌ ទាំង ១២ ត្រូវ​ត្រួតពិនិត្យ និង​ដាក់បទបញ្ជា​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច ដែល​ឈរជើង តាម​គោលដៅ​ទាំងអស់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ចំពោះ​ការចេញចូល​រថយន្ត​ធុន​ធំ និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ទាំងអស់ ប្រសិនបើ​មាន​បញ្ហា​រថយន្ត​ធំ ធ្លាយ​ចេញចូល​ក្រុង តាម​គោលដៅ ខុសពី​ម៉ោង​ពេល​កំណត់​ខាងលើនេះ គឺ​គោលដៅ និង​អភិបាលខណ្ឌ នោះ ជា​អ្នកទទួលខុសត្រូវ​។​

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ការ​រឹតបន្តឹង​ម៉ោង​ពេល​របស់​ឡានធំ​ចូល​ក្រុង កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​គឺ​បានធ្វើ​ឡើង ក្រោយពី​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង ដោយ​មូល​ហេតុថា ឡាន​ដាច់​ហ្វ្រាំង បាន​បុក​រះ​អ្នកដំណើរ ដែល​កំពុង​កកកុញ​លើផ្លូវ បណ្តាល​ឲ្យ​លោក គ្រូបង្រៀន​ម្នាក់ ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់ របួស កាលពី​ព្រឹក​ព្រលឹម​ម៉ោង​ប្រមាណ ៧​ព្រឹក ថ្ងៃទី​២០ ខែកុម្ភៈ នៅ​មហាវិថី​ព្រះមុនីវង្ស មុខ​វិទ្យាល័យ​បឹងត្របែក​ក្នុង​រាជធានី ភ្នំពេញ​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ឡាន​ធុន​ធំ ក្រឡុក​ស៊ីម៉ង់ត៍​នេះ ត្រូវបាន មហាជន បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ដោយសារ​ថា កន្លងមក អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​រួចហើយ គឺ​ហាម​មិន​ឲ្យ​ឡាន​ធុន​ធំ ដឹកទំនិញ ឡាន​កុងតឺន័រ និង​ឡាន ក្រឡុក​ស៊ីម៉ង់ត៍ ជាដើម ធ្វើ​ចរាចរណ៍ ក្នុង​ក្រុង​។

​ពោលគឺ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឡាន​ធុន​ធំ​ទាំងនោះ ធ្វើ​ចរាចរណ៍ តែ​នៅ​ពេលយប់ និង​នៅ ផ្លូវ ដែល​មិនមាន​ចរាចរណ៍​ចង្អៀត​ប៉ុណ្ណោះ​។​ការតម្រូវ​បែបនេះ​ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរ ផង និង​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ផង​។ រំលង​ហេតុការណ៍​នេះ​តែ​ប៉ុន្មាន ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​២៥ ខែកុម្ភៈ ឡាន​កុងតឺន័រ​ដឹកទំនិញ ខុស​ខ្នាត​មួយគ្រឿង​ទៀត បាន​ផ្ទុកទំនិញ​សំពីងសំពោង​ខ្ពស់​ហួសហេតុ ហើយ​កុងតឺន័រ វែង​ជាង​ទ្រុង​ឡាន បាន​បើកបរ​ខុស​ម៉ោង​កំណត់​ផង ក៏​មិនអាច​បើក​ចូល​ក្រោម​ស្ពាន​បាន និង​បាន​ថយក្រោយ ប៉ះ​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​រង​ការខូចខាត​។ ករណីនេះ​បាន​បង្ក ការកកស្ទះ​ចរាចរ​យ៉ាងខ្លាំង ដោយសារតែ​រថយន្ត​កុងតឺន័រ​នោះ​។​

​យ៉ាងណា​ក៏ដោយចុះ បទបញ្ជា​ជាថ្មី ដោយ​កំណត់​ឱសានវាទ​មួយខែ គឺ​នៅ​ខែមិថុនា​នេះ ដើម្បី​លុបបំបាត់​ឲ្យ​ខាងតែបាន​នូវ​ឡានធំៗ ពិសេស​ឡាន​កុងតឺន័រ ដឹកទំនិញ​ធុន​ធ្ងន់ ជាពិសេស​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ បើកបរ​ចូល​ក្រុង​ខុស​ម៉ោង​ពេល និង​ខុស​តម្រាយ​ផ្លូវ ក្នុង​បំណង​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ព្រមទាំង​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ នៅ​ភ្នំពេញ គឺអាច​អនុវត្ត​ទៅបាន ឲ្យ​មាន​ប្រសិទ្ធភាព​លុះត្រាតែ​កម្លាំង​សរុប របស់​រាជធានី​ភ្នំពេញ រួមមាន អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ ប៉ូលិស និង​ប៉េអឹម ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ អនុវត្ត​បទបញ្ជា​តែមួយ​មុខ ដោយ​គ្មាន​លើកលែង​។​

​ក្នុងនោះ អាជ្ញាធរ​សមត្ថកិច្ច​តាម​គោលដៅ​នីមួយៗ ក៏​គួរតែមាន​សម្ភារៈ មធ្យោបាយ និង​ថវិកា​គ្រប់គ្រាន់ ក្នុង​ការងារ​អនុវត្ត​បទបញ្ជា​នេះ​។ ឧបមា​ថា ប៉ូលិស​ចរាចរណ៍ ចេញ​ឃាត់​ឡានធំ កុំ​ឲ្យ​បើក​ចូល​ក្រុង ឆ្លងកាត់​កន្លែង​ដាក់​ប៉ុស្តិ៍ ត្រួតពិនិត្យ តែ​អ្នកបើកបរ មិន​ឈប់ តើ​ប៉ូលិស មានអី​ទៅ​រារាំង​? លុយ​ចំណាយ​ថ្លៃ​បាយទឹក មាន​របប​គ្រប់គ្រាន់​ទេ​? បើសិនជា​មិនមាន​លុយ​ចំណាយ​ទេ នោះ​អាច​នឹង​នាំ​ឲ្យ​មានការ​យកលុយ​ពី​ឡានធំ ហើយ បិទ​ភ្នែក​ម្ខាង លើក​ប៉ា​រ៉ា​ស់ ឲ្យ​ឡានធំ​នោះ បើក​ឆ្លងកាត់ ក៏​អាច​ថា​បាន​។ អភិបាល រាជធានី​ភ្នំពេញ ក៏​គួរតែ​ត្រួតពិនិត្យ តាម​គោលដៅ​នីមួយៗ បន្ទាប់ពី​ដាក់​ផែនការ​ចុះ អនុវត្ត​។ បើសិន​ជាមាន​មន្ត្រី​អាជ្ញាធរ​ខិលខូច ពិសេស​ប៉ូលិស ប៉េអឹម​ប្រចាំ​ការឈរជើង នៅ​គោលដៅ​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​ឡានធំ ចូល​ក្រុង​ខុស​គោលការណ៍​គឺ អភិបាល រាជធានី​ភ្នំពេញ ត្រូវដាក់​ពិន័យ ដក​បញ្ឈរជើង​មន្ត្រី​ប្រព្រឹត្ត​ខុស​ទាំងនោះ​។​

​រីឯ​ក្រុមហ៊ុន​ឡានធំៗ ជា​ឡាន​ដឹកជញ្ជូន​ទំនិញ ដឹក​អ្នកដំណើរ និង​ដឹក​ស៊ីម៉ង់ត៍​បេតុង ជាដើម ដែល​ល្មើសបទបញ្ជា​ថ្មី ដោយសារតែ​ឃុបឃិត​សូកលុយ​នឹង​មន្ត្រី​ខិលខូច​មួយ ចំនួន ក៏​គួរតែ​ទទួលរង​វិធាន​ការពិន័យ បន្ថែម​លើ​ការចាប់​ឃាត់ទុក ហើយ​ធ្វើ​កិច្ចសន្យា​។ បើសិនជា នៅតែ​ល្មើស​ម្តង​ជា​ពីរដង គួរតែ​ដកហូត​អាជ្ញាធរ​ប័ណ្ណ ឈប់​ឲ្យ​រកស៊ី​តែម្តង​។​

ចំណុច​សំខាន់​មួយទៀត អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ថ្នាក់ជាតិ គួរតែ​លុបបំបាត់​អ្នកធំ ចេញ​ឈ្មោះ​ការពារ ឬ​កាង​ពីក្រោយ​ឡានធំៗ ដឹកទំនិញ ដឹក​អ្នកដំណើរ ដឹក​ដី និង​ឡាន លាយ​បេតុង​ស៊ីម៉ង់ត៍​។ ព្រោះថា កន្លងមក ឡាន​ដឹកជញ្ជូន​ធំៗ ដែល​យកឈ្មោះ​អ្នកធំៗ មក​បិទ​នេះ គឺ​មួយចំនួន មិន​គោរព​ច្បាប់ បទបញ្ជា ហើយ​ជា​ពិស​សបាន​ផ្ទុក​លើស​ទម្ងន់ ដោយ​មិន​ចូល​ជញ្ជីង​ថ្លឹង​ទម្ងន់​ផង ក៏មានដែរ​។​

​សូម​ឲ្យ​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ​មួយខែ នៅ​ខែមិថុនា​នេះ ក្នុងការ​លុបបំបាត់​ឡានធំៗ​ចូល​ក្រុង ខុស​ម៉ោង​ពេល និង​ខុសផ្លូវ សម្រេច​តាម​បំណង ព្រោះថា ការកកស្ទះ និង​គ្រោះថ្នាក់ អាច​នឹង​កើតឡើង ដោយសារតែ​ឡានធំ​អាច​នឹង កើតមាន ប្រសិនបើ​នៅតែ​ធូររលុង​៕ ដោយៈ ម៉េង​ឆៃ​