រឿង​ធ្វើ​អត្ថាធិប្បាយ​ប៉ះពាល់​ស្ត្រី លោក មាស រិទ្ធី សុំទោស​ហើយ តែ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា​« ចង់​តវ៉ា​រឿង​លោក​មាស រិទ្ធី​ហេតុអ្វី​មិន​អនុវត្ត​ច្បាប់​ព័ត៌មាន​?»

708

(​ភ្នំពេញ​) ៖ ក្រោយពី​មានការ​លើកឡើង​នូវ​មតិ​រិះគន់ រហូត​ឈានដល់​ការបង្កើត​គេហទំព័រ​មួយ ដើម្បី​ប្រមូល​ញត្តិ​ទាមទារ​ឲ្យ​មាស រិទ្ធី អគ្គនាយករង និង​ជា​ពិធីការ​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស ពាក់ព័ន្ធ​នឹង​ការធ្វើ​ធ្វើ​អត្ថ​ធិ​ប្បាយ​ដែល​ត្រូវបាន​ចោទប្រកាន់ ថា​ប៉ះពាល់​ដល់​កិត្តិយស​សព​ស្ត្រី​ម្នាក់​នោះ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន លើកឡើងថា​ម៉េច​មិន​នាំគ្នា​តវ៉ា​ត្រង់​ទៅ​លោក​រិទ្ធី​តាមច្បាប់​សារព័ត៌​មានតែ​ម្ដង​ទៅ​។​
​ ​
​លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​បញ្ចេញ​មតិយោបល់ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​“​ការតវ៉ា​នោះ​​មាន​មូលហេតុ​ហើយ តែ​ឆ្ងល់​ថា ម៉េច​មិន​តវ៉ា​ត្រង់​ទៅ​លោក​រិទ្ធី​តាមច្បាប់​សារព័ត៌មាន​ទៅ​?​ហេតុ​អី​បានជា​ឆ្លង​តាមរយៈ​បណ្តាញ​ច្រើន​​ម៉េ​ស​? ខ្លាច​គេ​មិន​ស្គាល់​ឬ​ខំ​បំផ្លាញ credit ពិធីករ​? ខ្មែរ​យើង ឲ្យ​តែ​អ្នកណា​ល្បី​គឺ​មិនបាន​តែម្តង ! តែ​បរទេស​ល្បី​វិញ​ទូល​យក​គូទ​គេ​ដាក់​​លើ​ក្បាល​”​។​


​ ​
​គួររំលឹកថា ក្រោយពី​ការផ្សាយ​របស់លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី នៅលើ​កញ្ចក់​ទូរទស្សន៍​រួចមក ក្រុម​សកម្មជន​ស្ត្រី​នានា​ក្នុង​ប្រ​ទេស​កម្ពុជា បានទាមទារ​ឲ្យ​ពិ​ធិ​ករ​ទាំងពីរ​នាក់​នេះ សុំទោស​ជា សាធារណៈ ចំពោះ​ការអត្ថាធិប្បាយ ពូក​គាត់​ចាត់ទុកថា​ជា ការប្រមាថ និង​ព្យាយាម​ស្ដីបន្ទោស ដល់​ជនរងគ្រោះ​នៃ​ការ រំលោភ​សម្លាប់​។​
​ ​
​តាមរយៈ​ញត្តិ​អេ​ឡិច​ត្រូ​និ​ចមួយ នៅលើ​គេហទំព័រ www.change.org ត្រូវបាន​បង្កើតឡើង​នៅពេល​ថ្មីៗ​នេះ​ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​ពី​មហាជន ក្នុង​បំណង​ធ្វើការ​ទាមទារ ឲ្យ​លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី សុំទោស​ដល់​សាធារណជន​ព្រមទាំង​គ្រួសារ​សព​នារី​រងគ្រោះ​។​

​ទោះជា​យ៉ាង​ណាប​តាម​ការផ្សាយ​របស់​វិទ្យុ​ជា​ភាសា​ខ្មែរ​មួយ​កាលពី​ម្សិល​ម៉ិ​ញ លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ដែល​បានទទួល​ស្គាល់​​កំហុស និង​សុំទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី​ម្នាក់ និង​គ្រួសារ​។​

​បើតាម​វិទ្យុ​នេះ​ ​លិខិត​របស់​ក្រុម​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​គេហទំព័រ ឆេង ដ​ត អូ​អ​ជី (Change.org) ផ្ញើជូន​ស្ថានីយទូរទស្សន៍​ហង្ស​មាស នៅ​ថ្ងៃទី​១៧ សីហា ទទួលស្គាល់​កំហុស​ផ្នែក​វិជ្ជាជីវៈ និង​ការកែតម្រូវ​របស់​អ្នក​ទាំងពីរ​។ លិខិត​បញ្ជាក់ថា ការធ្វើ​នេះ គឺ​នឹង​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន អ្នកសរសេរ​ព័ត៌មាន​និង​អ្នកកាសែត​ដទៃទៀត ឲ្យ​ក្លាយជា​ភ្នាក់ងារ​ក្នុងការ​កែប្រែ​សង្គម​ប្រកបដោយ​ភាព​វិជ្ជមាន និង​ចាប់ផ្ដើម​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដូចដែល​មានចែង​នៅក្នុង​សេចក្ដីប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​អ្នកព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី​។​

​ការចេញលិខិត​សាទរ​នេះ នៅ​មួយថ្ងៃ​ក្រោយ​ពលរដ្ឋ​ជាង ២​ពាន់​នាក់ ដែល​បាន​ចូលរួម​តាម​អន​ឡាញ ឈ្មោះ ឆេង ដ​ត អូ​អ​ជី (Change.org) បាន​គាំទ្រ និង​ផ្ញើលិខិត​ចំហ​ដាក់​ទៅ​ស្ថាប័ន​៣ ក្នុងនោះ​មាន​ក្រសួង​កិច្ចការនារី និង​ក្រសួង​ព័ត៌មាន តម្រូវ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទាំងពីរ​សុំទោស​ជា​សាធារណៈ​៕​ដោយៈ​វិបុល​-វាសនា