រឿង​បង្ហោះ​វីដេអូ​ចាប់​ក្មេង​៖ ប៉ូលិស​ចាប់ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​

1172
ចែករម្លែក

(​កំពង់ធំ​)៖​ប៉ូលិស​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​យកទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ នេះ ពាក់ព័ន្ធ​ករណី​បង្ហោះ​វីដេអូ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ជនសង្ស័យ​ពីរ​នាក់​ថា ចាប់​ជនសង្ស័យ​ពីរ​នាក់ នោះ​គឺ​មិន​ពាក់ព័ន្ធ​ករណី​ចាប់​ក្មេង​ទេ​។​

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប៉ូលិស​ចាប់ខ្លួន​ឈ្មោះ ណៃ ស៊ី​ណេង ជា​សមាជិក​ក្រុមការងារ ចុះជួយ​ស្រុក​ប្រាសាទ​សំបូរ និង​ក្រុង​ស្ទឹងសែន​​ខេត្តកំពង់ធំ​។​

​លោក​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានអោយដឹង​មុននេះ​បន្តិច​ថា ពិតជា​មានការ​ចាប់ខ្លួន​បុរស​ម្នាក់​នោះ​មែន យកទៅ​សាកសួរ​នៅ​ស្នង​នគរបាល​ខេត្ត ពាក់ព័ន្ធ​ការ​បង្ហោះ​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ករណី​ចាប់​ក្មេង​។​

​លោក​បញ្ជាក់ថា “​សមត្ថកិច្ច​បាន​ហៅ​ទៅធ្វើ​ការសួរនាំ ព្រោះ​គាត់​ជា​ម្ចាស់​ផេ​ក​។ យកមក​សួរ​នាំនៅ​ស្នងការ​ខេត្ត​”​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​នៅលើ​គណនី Facbook របស់ ឈ្មោះ Nay Sineng បាន​សរសេរ​ពាក្យពេចន៍​យ៉ាង​ដូច្នេះ​ថា «​ស្រុក​បារាយណ៍ រសៀល​ថ្ងៃទី​២៨.០៧.២០១៧. នៅ​រសៀល​នេះ មាន​ករណី​ជនជាតិ​យួន ៣​នាក់ ចាប់​កូនក្មេង​វះ​យក​ក្រលៀន និង​ភ្នែក ត្រូវបាន​ប្រជាជន​ចាប់បាន​ចំនួន ២​នាក់ និង​រត់​រួច ១​នាក់​។ ករណីនេះ​កើតឡើង​នៅ​ភូមិ​អណ្ដូង​ពោ ឃុំ​គ្រើល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ចំពោះ​កូន​របស់​ពួកយើង ពីព្រោះ​ពួកនេះ​សាហាវ​ណាស់​»​។ ដោយ​លោក​អះអាងថា ឆ្លងកាត់​ការស្រាវជ្រាវ​តាម​ជំនាញ ជនសង្ស័យ​ទាំង​២​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចាប់បាន​នោះ មិនមែនជា​ជនជាតិ​យួន​ដើរ​វះ​យក​គ្រឿងក្នុង​ក្មេងៗ​ឡើយ ពោល​ពួកគេ​គឺជា​មុខសញ្ញា​លួច​ម៉ូតូ​ទៅវិញ​ទេ ក្នុង​២​នាក់​នោះ មាន​ម្នាក់​គឺ​ត្រូវបាន​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទៀតផង ដែល​ពួកគេ​មានឈ្មោះ មុត សុផាត អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មាស​ឈរ ឃុំ​ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ឈ្មោះ ច័ន្ទ រដ្ឋ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​៕​ដោយ​៖​មុនី​រ័ត្ន​