រឿង​បំប៉ោង​ព័ត៌មាន​ចាប់​ក្មេងៈ ប៉ូលិស​មាន​តម្រុយ​ខ្លះ​ហើយ​ដើម្បី​ស្វែង​មេក្លោង​នៅ​ពីក្រោយ​

709

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ហើយ​ក្នុង​ការកំណត់​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​​ការ​បង្ហោះ​ព័ត៌មាន​ចចាមអារ៉ាម​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ករណី​ចាប់​ក្មេង​វះ​យក​សរីរាង្គ និង​កំពុងតែ​ស្រាវជ្រាវ​បន្ត​ដើម្បី​ស្វែងរក​មេ ក្លោង​នៅ​ពីក្រោយ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ហើយ​ករណី​ចាប់​ក្មេង​វះ​យក​គ្រឿង​ក្នុងនេះ គឺ​មិនមាន​ទេ​នៅ​កម្ពុជា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​អ្នកនាំពាក្យ​បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​​បំភ្លឺ​អំពី​ព័ត៌មាន​ចចាមអារ៉ាម​ចាប់​ក្មេង​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ថា រយៈពេល​ប្រមាណ​១​ខែ​កន្លងមកនេះ​មាន​ក្រុម​ចេតនា​​មិនល្អ​មួយចំនួន បាននាំគ្នា​បំផុស​ឬក៏​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា មាន​មនុស្ស​មួយក្រុម​ដើរ​ចាប់​កូនក្មេង គឺជា​ព័ត៌មាន​មិន​ពិត​។ ហើយ​ព័ត៌មាន​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន មានការ​ភ័យខ្លាច និង​មានការ​ណែនាំ​កូនចៅ​ឲ្យ​ប្រុងប្រយ័ត្ន​ដែល​ធ្វើ​ឲ្យ​មាន​​ការបំពុល​បរិយាកាស​សន្តិសុខ​សង្គម​។ ដោយ​លោក​អះអាងថា ករណី​ចាប់​ក្មេង​នេះ គឺ​មិនមាន​នោះទេ​។ ហើយ​សមត្ថកិច្ច​បាន​តា​ន​​ដាន​រឿងនេះ​គ្រប់​រាជធានី ខេត្ត ទាំង​២៥ រយៈពេល​ជាង​២០​ថ្ងៃ បន្ទាប់ពី​ចាប់ផ្តើម​មាន​ព័ត៌មាន​ចាប់​ក្មេង​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ទៀតថា “​ការនិយាយ​បំផ្លើស ការផ្សាយ​ព័ត៌មាន​មិន​ពិត ការបញ្ជូន​ដំណឹង​មិន​ពិត មានទោស អីចឹង​ប្រយ័ត្នប្រយែង កុំ​អាង​ថា បង្ហោះ​ទៅហើយ​គ្មាន​អ្នកណា​ដឹងថា នៅត្រង់ណា​។ សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា​លើកលែង​​តែ​ហោះ​ទៅ​ក្រៅប្រទេស ឬក៏​ប្រទេស​ណា​ដែល​មិន​សហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា​។

​ហើយ​ប្រទេស​ណាក៏ដោយ​ឲ្យ​តែ​សហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា រត់​មិន​រួច​ទេ ចឹ​ងក​កុំ​ធ្វើ​អី​ឲ្យ​ខុសច្បាប់​។ …​នគរបាល​មាន​ភារកិច្ច​តាមឃ្លាំមើល​អ្នកណា​ដែល​ប្រើប្រាស់ (​ហ្វេ​ស​ប៊ុ​ក​) ខុស បំពុលបរិយាកាស បំផ្លាញ​សន្តិសុខ​ជាតិ បំផ្លាញ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាជន អាហ្នឹង​នគរបាល​មាន​ភារកិច្ច​ចាត់ចែង​ទៅតាម​ច្បាប់ កុំ​ស្មានថា ធ្វើ​អី​គេ​មិនដឹង​”​។​​ទាក់ទង​ករណី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បង្ហោះ​ផ្សព្វផ្សាយ​និង​បំប៉ោង​ព័​ត៍​មាន​មិន​ពិត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មាន​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន និង​ភ្នែក នៅ​ខេត្តកំពង់ធំ ត្រូវបាន​នាយ​ឧ​ត្ត​ម​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​យក​លោក ណៃ ស៊ី​ណេង (​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​) ទៅ​ដាក់​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​បន្ត​តាម​នីតិវិធី កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​។ ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប៉ូលិស​ចាប់ខ្លួន​ឈ្មោះ ណៃ ស៊ី​ណេង ជា​សមាជិក​ក្រុមការងារ ចុះជួយ​ស្រុក​ប្រាសាទ​សំបូរ និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​។ ពាក់ព័ន្ធ​ករណី​បង្ហោះ​វីដេអូ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ជនសង្ស័យ​ពីរ​នាក់​ថា ចាប់​ក្មេង បង្កអោយមាន​ការភ្ញាក់ផ្អើល​។ ហើយ​ដែល​ជនសង្ស័យ​ពីរ​នាក់ នោះ​គឺ​មិន​ពាក់ព័ន្ធ​ករណី​ចាប់​ក្មេង​ទេ​។​​នៅលើ​គណនី Facbook របស់ ឈ្មោះ Nay Sineng បាន​សរសេរ​ពាក្យពេចន៍​យ៉ាង​ដូច្នេះ​ថា “​ស្រុក​បារាយណ៍ រសៀល​ថ្ងៃទី​២៨.០៧.២០១៧. នៅ​រសៀល​នេះ មាន​ករណី​ជនជាតិ​យួន ៣​នាក់ ចាប់​កូនក្មេង​វះ​យក​ក្រលៀន និង​ភ្នែក ត្រូវបាន​ប្រជាជន​ចាប់បាន​ចំនួន ២​នាក់ និង​រត់​រួច ១​នាក់​។ ករណីនេះ​កើតឡើង​នៅ​ភូមិ​អណ្ដូង​ពោ ឃុំ​គ្រើល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ចំពោះ​កូន​របស់​ពួកយើង ពីព្រោះ​ពួកនេះ​សាហាវ​ណាស់​”​។​​ពាក់ព័ន្ធ​ករណី​បំប៉ោង​ព័​ត៍​មាន​អំពី​ការចាប់​ក្មេង ត្រូវបាន​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ អះអាងថា តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច គឺថា​អាចមាន​ក្រុម​មួយ​មាន​ចេតនា​ធ្វើ​រឿងនេះ ដើម្បី​កេងចំណេញ​អ្វីមួយ​។ ហើយ​សមត្ថកិច្ច​កំពុងតែ​រក​បន្តទៀត បើសិនជា​រកឃើញ​មេក្លោង និង​ចាត់វិធានការ​តាមច្បាប់​។ ដោយ​សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ហើយ​។​​សូមជម្រាបថា រាជធានី ខេត្ត ដែល​ផ្អើល​ថា​មាន​ការចាប់​ក្មេង ឬ​បាត់​ក្មេង មានដូចជា នៅ​ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង រាជធានី​ភ្នំពេញ​៕ដោយ៖មុនីរ័ត្ន