រឿង​ផ្លូវ ចាក់​ក្រាស់ ស៊ី​ស្តើង ចាក់​ស្តើង​ស៊ី​ក្រាស់​!

353
ចែករម្លែក

រឿង​ផ្លូវ ចាក់​ក្រាស់ ស៊ី​ស្តើង ចាក់​ស្តើង​ស៊ី​ក្រាស់​!

​ផ្លូវជាតិ​លេខ​៤៥ ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បាក់ស្រុត ប៉ុន្មាន ម៉ែត្រ ដោយសារតែ​ជំនន់​ទឹកភ្លៀង កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​។ នៅពេល​ទឹក​លិច ដាច់​ផ្លូវ​ដូច្នេះ​ទើប​គេ​ដឹងថា ផ្លូវ ដែល​ទើប​ធ្វើ អ៊ុត​កៅស៊ូ​នោះ មានគុណ​ភាព ឬ​មិនមាន គុណភាព​? ក្រាស់ ឬ​ស្តើង​? ត្រូវ ឬ​ខុស​?

​បើ​យើង​មើលរូប​ថត​នៃ​ផ្លូវ​បាក់ស្រុត ដែល​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​តាម​ក្រុម ជាច្រើន យ៉ាង​ព្រោងព្រាត គឺ​បើ​ពិនិត្យ​មើលទៅ ដូច​គេ​ប៉ាត​កៅស៊ូ​លើដី​សុទ្ធ​ពោលគឺ មិនមែន​ចាក់​កៅស៊ូ​ទេ​។ កម្រាស់​កៅស៊ូ​ស្តើង​យកតែ​មែន​ទេ​ដូច​គេ​យកទៅ​លាបៗ លើដី​ប៉ុណ្ណោះ​។ ដោយឡែក មើលទៅ​គ្រឹះ​វិញ គឺ​សុទ្ធតែ​ដី​មិនមាន​ថ្ម​មិច​អ្វី​សោះ ឡើយ​។​

​អ្នកជំនាញ លើកឡើងថា ផ្លូវ​សំខាន់​នៅលើ​គ្រឹះ​។ គ្រឹះ​ផ្លូវ ត្រូវមាន​ថ្ម​មិច ព្រមទាំង កម្រាស់​ត្រូវ​ស្របតាម​បច្ចេកទេស ប៉ុន្តែ​មិនដឹងថា កិច្ចសន្យា​នៃ​ការសាងសង់​ផ្លូវជាតិ លេខ​៤៥ នៅ​ខេត្ត​ព្រះសីហនុ ចែងថា​យ៉ាងណា​នោះទេ ទើបបានជា​ផ្លូវ​នេះ​ជា​ប្រភេទ ផ្លូវ ស្បែក​កង្កែប មិនមែនជា​ប្រភេទ​ស្បែក​ដំរី​នោះឡើយ​។​
​ ​
​មានការ​លើកឡើងថា រដ្ឋ​បាន​ចាយលុយ​រាប់សិប​លាន​ដុល្លារ ក្នុង​ការធ្វើ​ផ្លូវជាតិ​លេខ ៤៥ តែ​ចុងក្រោយ នៅពេល​ទឹក​លិច បាក់ស្រុត​ផ្លូវ ទើប​គេ​ដឹងថា ផ្លូវ​នេះ គ្រាន់តែ លាបៗ​កៅស៊ូ ហើយ​គ្រឹះ​ក្រោម សុទ្ធតែ​ដី មិនមាន​ថ្ម​អ្វី​សោះឡើយ​។​

​ជាមួយគ្នានេះ ក៏មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​ត្រូវ​ចាប់ផ្ដើម​ពី​ពេលណា​ទៀត ដើម្បី​ផ្លូវ រឹងមាំ មានគុណ​ភាពល្អ គ្រឹះ​ក្រោម និង​កៅស៊ូ​ស្របតាម​ស្តង់ដារ​ផ្លូវ​រឹងមាំ​?

​បើ​នៅតែ​យ៉ាងៗ​នេះ កេរ្តិ៍ឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល ពិសេស​រដ្ឋមន្ត្រីក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន លោក​ស៊ុនចាន់ថុល ដែល​បានប្រកាស​ហើយ​ប្រកាស​ទៀតថា “​លុបបំបាត់​ការធ្វើ​ផ្លូវ​របៀប ចាក់​ស្តែង ស៊ី​ក្រាស់ និង​ចាក់​ក្រាស់ ស៊ី​ស្តែង​” តើ​ទៅជា យ៉ាងណា បើ​ផ្លូវ​របៀបៗ​នេះ​?

​ថ្នាក់ដឹកនាំ​កំពូល រួមទាំង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺ​ចង់បាន​ណាស់ គុណភាព​ផ្លូវ ជាប់​រឹងមាំ និង​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។ ប៉ុន្តែ​សមត្ថកិច្ច ជំនាញ ពិសេស​ថ្នាក់​ក្រសួង មន្ទីរ តើ​មានការ​ទទួលខុសត្រូវ​កម្រិតណា​? នៅពេល ដេញថ្លៃ​ធ្វើ​ផ្លូវ តើ​ធ្វើឡើង​ដោយ​តម្លាភាព ត្រឹមត្រូវ​ដែរឬទេ​? ចុះ​នៅពេល​អនុវត្ត​បើក ការស្ថាបនា​ផ្លូវ តើ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ឬទេ​? ចុះ​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​មន្ត្រី ជំនាញ​របស់​មន្ទីរ​ក្រសួង តើ​ធ្វើការ​ដោយ​ការទទួលខុសត្រូវ ឬក៏​គ្រាន់តែ​ចុះ​ពិនិត្យៗ តែ​យក តែ​ស្រោមសំបុត្រ​ពី​ក្រុមហ៊ុន ហើយ​សរសេរ​របាយការណ៍​ល្អ​រហូត​? ។​

​គេ​ឮ​យូរ​ឆ្នាំ​មកហើយ ពី​ការរៀបចំ​លុយ​ក្រោម​តុ សម្រាប់​ការដេញថ្លៃ​ធ្វើ​ផ្លូវ ។ ករណីនេះ ក៏​លោក​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល បាន​ជ្រាប​ច្បាស់​រួចមកហើយ ទើប​លោក​ប្រើពាក្យ​ថា “​ចាក់​ក្រាស់ ស៊ី​ស្តើង ចាក់​ស្តើង​ស៊ី​ក្រាស់​”​។​
​ ​
​ថ្មីៗ​នេះ​ទៀត លោក​រដ្ឋមន្ត្រី ក៏បាន​ចុះ​ពិនិត្យ​ផ្លូវ​មួយចំនួន ទើបនឹង​សាងសង់​តែ​បែរ ជា​សាងសង់​មិនទាន់រួច​ផង ខាងក្រោយ​ខូច​វិញ​បាត់ទៅហើយ​។​

​ដូច្នេះ​សូមមេត្តា កុំ​បន្ទោស​គ្រោះធម្មជាតិ ដោយសារតែ​ភ្លៀង ឬក៏​ឡាន​បើកបរ​ច្រើន បានធ្វើ​ឲ្យ​ខូច​ផ្លូវ​ឲ្យ​សោះ ព្រោះថា ផ្លូវ​ធ្វើ​នៅ​ហាលថ្ងៃ ហាលភ្លៀង​ហើយ​ផ្លូវ​ធ្វើ​ក៏ សម្រាប់តែ​ឡាន​ម៉ូតូ ចរាចរណ៍​ដែរ​៕ ដោយ​:​ម៉េង​ឆៃ​

#