រឿង​ពិត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​កូនភ្លោះ​ពីរ​នាក់​ស្លាប់​នៅ​ខេត្តសៀមរាប​

934
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្មេងប្រុស​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ក្មេងប្រុស​ម្នាក់ទៀត​រងរ​បួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប ស្ថិតក្នុង​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ត្រូវបាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប រវាង​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​ណូ ប្រភេទ​ដឹក​ដី ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0271 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។​

​មន្ត្រី​ដដែល​បាន​បន្តថា រថយន្ត​ដឹក​ដី​ខាងលើ​បាន​បុក​ជាមួយនឹង​កង់​ចំនួន​៣​គ្រឿង បណ្ដាល​ឲ្យ​ក្មេងប្រុស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ក្មេងប្រុស​ម្នាក់ទៀត​រងរ​បួស​។ ជនរងគ្រោះ​ទាំង​៣​នាក់​នេះ រួមមាន​៖ ១. ឈ្មោះ សិទ្ធ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្សសាលា បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ មាន​ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប , ទី​២. ឈ្មោះ សិទ្ធ ធា​រី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្សសាលា បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ មាន​ទីលំនៅ​ភូមិ​ត្រៀក សូមបញ្ជាក់ថា ឈ្មោះ សិទ្ធ ធា​រិ​ទ្ធ និង ឈ្មោះ សិទ្ធ ធា​រី ជា​បងប្អូន​ភ្លោះ​នឹង​គ្នា និង ៣. ឈ្មោះ កេ សុ​ចាន់ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្សសាលា បាន​រងរបួស មាន​ទីលំនៅ​ភូមិ​ត្រៀក​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​ដោយសារ​រថយន្ត​បាន​ដាច់​ចង្កូត ហើយ​ទៅបុក​ជនរងគ្រោះ​។ ក្រោយពេល​កើតហេតុ មន្ត្រីនគរបាល​ជំនាញ​បានធ្វើការ​ពិនិត្យ និង វាស់វែង​រួច រថយន្ត និង កង់​ទាំង​៣​គ្រឿង ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្វែងរក ដើម្បី​នាំខ្លួន​ឲ្យ​មក​ដោះស្រាយ​តាម​នីតិវិធី រីឯ​សព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួររំលឹកថា ក្រោយពី​កើតហេតុ​ភា្ល​ម មាន​បុរស​ម្នា​ក់បាន​ដួលសន្លប់ បន្ទាប់ពី​មាន​ក្ដី​រន្ធត់​ក្នុងអំឡុងពេល​ឱប​សព​ចៅ​របស់ខ្លួន ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕ ល​

#