រឿង​ភ្ញាក់ផ្អើល​១០​យ៉ាង​អំពី​កុំ​កុំ ដែល​អ្នក​មិនទាន់​ដឹង​នៅឡើយ​

818
ចែករម្លែក
កុំ​កុំ​និង​លី​យាន​ជា​ធ្លាប់ជា​មិត្ត​រួម​ថ្នាក់​នឹង​គ្នា

​កំពូល​តារា​សម្តែង​ហុងកុង ដូន​នី យ៉េន (​កុំ​កុំ​) ត្រូវបាន​គោរព​កោតសរសើរ​នៅ​ទូទាំង​ពិភពលោក​សម្រាប់​សមត្ថ​ភាព​ក្បាច់គុន​របស់គាត់​នៅក្នុង​ភាពយន្ត​ជាច្រើន​ដូចជា រឿង Ip Man និង រឿង Rogue One: A Star Wars Story​។ ប៉ុន្តែ​អ្នកនឹង​មិន​នឹកស្មានថា​គាត់​គឺជា​អ្នកលេង​ព្យា​ណូ​ដ៏​ប៉ិនប្រសព្វ​នោះទេ​។

១. កុំ​កុំ​ប្តូរ​ពី​សញ្ជាតិ​អាម៉េរិក​មក​ចិន​វិញ​
​កើត​នៅ​ក្វាង​ចូ​វប្រ​ទេស​ចិន​នៅ​ថ្ងៃទី​២៧​កក្កដា​ឆ្នាំ​១៩៦៣ កុំ​កុំ​បានធ្វើ​អន្តោប្រវេសន៍​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ជាមួយ​គ្រួសារ​នៅ​អាយុ​១១​ឆ្នាំ​និង​ទទួលបាន​សញ្ជាតិ​អាម៉េរិក​។ ប៉ុន្តែ​គាត់​បាន​ប្តូរ​មក​សញ្ជាតិ​ចិន​វិញ (​ហុងកុង​) ក្នុង​ឆ្នាំ​២០០៩​។

២. ម្តាយ​កុំ​កុំ​ក៏​ជា​គ្រូ​ក្បាច់គុន​ដែរ​
​ម្តាយ​របស់​កុំ​កុំ​ឈ្មោះ បូ​ស៊ីម​ម៉ាក គឺជា​គ្រូ​ក្បាច់គុន​ដ៏​ល្បីល្បាញ​ម្នាក់ ដែលមាន​ជំនាញ​ខាង​ក្បាច់គុន​ថៃ​ជី និង​ក្បាច់គុន​វូ​ស៊ូ​។ លោកស្រី​ឈ្នះ​មេដាយមាស​លើកដំបូង​នៅឯ​ការប្រកួត​ក្បាច់គុន​ថៃ​ជី​អន្តរជាតិ​នៅ​ទីក្រុង​វូ​ហាន​ក្នុង​ឆ្នាំ​១៩៨៤​។ លោកស្រី​ម៉ាក​បាន​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​វូ​ស៊ូ​ចិន​ក្នុង​ឆ្នាំ​១៩៧៦​។ លោកស្រី​បាន​បង្ហាត់​ក្បាច់​វូ​ស៊ូ​ចិន​នៅ​សាកលវិទ្យាល័យ​បូ​ស្តុ​ន​និង​ហា​វើដ​។

៣. កុំ​កុំ​និង​ជេ​ត​លី (​លី​យាន​ជា​) គឺជា​មិត្ត​រួម​ថ្នាក់​
​ខណៈ​កំពុង​នៅ​សហរដ្ឋ​អាម៉េរិក កុំ​កុំ​បានចាប់ផ្តើម​ចាប់អារម្មណ៍​ខាង​ក្បាច់គុន បន្ទាប់ពី​មើល​រឿង​លី​សៀវ​ឡុង​។ ប៉ុន្តែ​ម្តាយ​របស់​កុំ​កុំ​មិន​សប្បាយចិត្ត​ជាមួយ​គាត់​ទេ ដែល​ពាក់ព័ន្ធ​នឹង​ការហាត់​ក្បាច់គុន​កុង​ហ្វ៊ូ ដូច្នេះ​លោកស្រី​បាន​បញ្ជូន​កុំ​កុំទៅ​សាលា​កីឡា​ស៊ី​ចា​ហៃ​ប៉េកាំង​ក្នុង​ឆ្នាំ​១៩៧៨​ដើម្បី​ហាត់​ជាមួយ​ក្រុម​វូ​ស៊ូ​ប៉េកាំង​។ ក្រោយមក ជេ​ត​លី ក៏បាន​ចូល​សាលា​នេះដែរ ហើយ​ទាំង​កុំ​កុំ​និង​ជេ​ត​លី​ហាត់រៀន​ពី​គ្រូ​ល្បី ឈ្មោះ វូ ប៊ី​ន​។ កុំ​កុំ​ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់​ក្នុង​កីឡា​តេ​ក្វាន់​ដូ​នៅ​សាលា​នេះ​។​

៤. កុំ​កុំ​ចេះ​លេង​ព្យា​ណូ​យ៉ាង​ស្ទាត់ជំនាញ​
​កុំ​កុំ​ក៏មាន​ជំនាញ​ខាង​លេង​ព្យា​ណូ​ដ៏​ពូកែ​ផងដែរ​។ កុំ​កុំ​ធ្លាប់​និយាយថា “​ខ្ញុំ​រីករាយ​នឹង​ឱ្យ​អ្នកគាំទ្រ​ដឹងថា ដូន​នី យ៉េន មិន​ត្រឹម​ចេះ​ប្រយុទ្ធ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ចេះ​លេង​ព្យា​ណូ​ផងដែរ​”​។ ឪពុក​របស់​កុំ​កុំ​ឈ្មោះ គ្លី​ស្ទើរ យ៉េន គឺជា​អ្នក​កូតវីយូឡុង និង​កូតទ្រ​ចិន​ផងដែរ​។

៥. កុំ​កុំ​ពូកែ​រាំ​តាម​ចង្វាក់​របស់​ពួក​ឡាទីន
​កុំ​កុំ​បានបង្ហាញ​ជំនាញ​រាំ​ដំបូងបង្អស់​នៅពេល​ថត​រឿង​ដំបូង Mismatched Couples (១៩៨៥) នៅពេល​តួអង្គ​ដែល​គាត់​សម្តែង​ចាប់ផ្តើម​ប្រកួត​រាំ​ជាមួយ​គូប្រជែង​ស្នេហា​របស់គាត់​។ កុំ​កុំ​សារភាពថា​បាន​ចូលរៀន​រាំ​បែប​ឡាទីន​១០​មេរៀន​ដើម្បី​តាម​ស្រឡាញ់​ប្រពន្ធ​បច្ចុប្បន្ន​របស់គាត់​ឈ្មោះ សេ​ស៊ី​ល​ឡា វ៉ាង​ស៊ី​ស៊ី​។

៦. កុំ​កុំ​ចូលចិត្ត​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​
​កុំ​កុំ​ជា​មនុស្ស​ស្រឡាញ់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​។ គេ​តែង​ឃើញ​គាត់​ពាក់​វ៉ែនតា​បែបនេះ​ក្នុង​ភាពយន្ត​ជាច្រើន​ដូចជា រឿង Legend of the Fist: The Return of Chen Zhen រឿង Chasing the Dragon (២០១៧), រឿង xXx: Return of Xander Cage (២០១៧) និង​រឿង Big Brother (២០១៨)​។​

៧. កុំ​កុំ​សរសេរ​សៀវភៅ​ជីវប្រវត្តិ​
​កុំ​កុំ​ធ្លាប់​សរសេរ​សៀវភៅ​ជីវប្រវត្តិ​សម្រាប់​ទស្សនា​វ​ដ្តី East Week របស់​ហុងកុង​។ ក្នុង​ឆ្នាំ ២០១០ រាល់​ស្នាដៃ​របស់​កុំ​កុំ​ត្រូវបាន​ចងក្រង​ជា​សៀវភៅ​មួយ​ឈ្មោះថា Ask a Loyal Heart ដែល​រៀបរាប់​ពីបទ​ពិសោធន៍​របស់គាត់ ពី​កុមារភាព​រហូតដល់​មិត្តភាព​និង​ស្នេហា​។

៨. កុំ​កុំ​ធ្វើឱ្យ​របួស​ខ្លួនឯង​ពេល​សម្តែង​ជា​តួ​ពិការ​ឈ្មោះ ហូ​
​កុំ​កុំ​ត្រូវការ​វះកាត់ បន្ទាប់ពី​សម្តែង​ជា​តួ​ឈ្មោះ ហូ ពិការ​ជើង​ក្នុង​រឿង Chasing the Dragon​។ គាត់​បាន​របួស​បាក់​មេជើង ពេល​សម្តែង​រត់តាម​ដង​ផ្លូវ​។

៩. កុំ​កុំ​ធ្លាប់​សល់​លុយ​ត្រឹមតែ ១០០ ដុល្លារ​ហុងកុង​ប៉ុណ្ណោះ​ក្នុង​ហោប៉ៅ កាល​នៅ​គ្រាក្រ​
​កុំ​កុំ​មិន​ដែលមាន​ស្ថិរភាព​ហិរញ្ញវត្ថុ​នោះទេ​។ ដោយសារ​ខ្វះ​អ្នក​ឧបត្ថម្ភ គាត់​បាន​ចំណាយលុយ​សន្សំ​ទាំងអស់​ដើម្បី​ផលិត​រឿង Ballistic Kiss ក្នុង​ឆ្នាំ​១៩៩៨​។ គាត់​មិនដែល​រំពឹងថា​រឿងនេះ​លក់​សំបុត្រ​មិន​ដាច់​ដូច្នេះ​ទេ​។ កុំ​កុំ​និយាយថា “​នៅ​គ្រានោះ​ខ្ញុំ​នៅសល់​លុយ​តែ ១០០ ដុល្លារ​ហុងកុង (១២​ដុល្លារ​) ប៉ុណ្ណោះ​ក្នុង​ហោប៉ៅ​។ ខ្ញុំ​តែងតែ​សម្ងំ​ញ៉ាំ​បាយ​កញ្ចប់​នៅតាម​ដងផ្លូវ ដូច្នេះ​ថ្ងៃមួយ​អ្នកដឹកនាំ​រឿង​បាន​ប៉ាវ​អាហារ​ខ្ញុំ​មួយពេល​”​។

១០. កុំ​កុំ​ស្រឡាញ់​សេះ​
​កុំ​កុំ​បាន​ទិញ​សេះមួយ​ក្បាល​ឈ្មោះ Bad Boy ក្នុង​ឆ្នាំ​២០១៦​។ កើត​នៅ​អូស្ត្រាលី សេះ​ឈ្មោះ Bad Boy ឈ្នះ​ការប្រណាំង​៣​ដង​ក្នុង​ឆ្នាំ ២០១៦​។ ក្នុង​រឿង Mulan របស់​ផលិតកម្ម Disney ដែល​នឹង​មកដល់​ឆាប់ៗ​នេះ កុំ​កុំ​ក៏​នឹង​ជិះសេះ​ក្នុងការ​សម្តែង​ផងដែរ ក្នុងនាម​ជា​មេទ័ព​ឈ្មោះ​ទុង ដែលជា​គ្រូ​ក្បាច់គុន​របស់​មូ​លែ​ន (Mulan)៕ ដោយ៖ កញ្ញាដាលីស