រឿង​យក​ស្បែកជើង​គប់​រូប​សម្តេច​តេ​ជោ​៖ “​ផ្ដន្ទាទោស​ស្ត្រី​ឈ្មោះ សំ សុខា ដាក់ពន្ធនាគារ​២​ឆ្នាំ​”

1713
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ សាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេច​ផ្ដន្ទាទោស​ស្ត្រី​ឈ្មោះ សំ សុខា សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ដោយ​ចោទប្រកាន់​ពី “​បទ​ប្រមាថ​” និង “​បទ​ញុះញង់​ឱ្យមាន​ការរើសអើង​” បន្ទាប់ពី​ស្ត្រី​រូបនេះ បាន​បង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​គប់​ស្បែកជើង​ទៅលើ​រូប​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ការប្រកាស​សាលក្រម​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ គឺ​បន្ទាប់ពី​តុលាការ​ជំនុំជម្រះ​ម្ដង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​។​

​ស្ត្រី​ឈ្មោះ សំ សុខា អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​កម្លាំង​ប៉ូលិស​ក្រសួងមហាផ្ទៃ បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ស្ត្រី​រូបនេះ​ត្រូវបាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​ដោយ​ស្នាក់នៅ​ហួស​ទិដ្ឋាការ និង​បានប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ស្ត្រី​ឈ្មោះ សំ សុខា ត្រូវបាន​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ កន្លងមកនេះ​។ ដោយ​នៅក្នុង​ដីកា​បាន​បញ្ជាក់ថា ស្ដ្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ត្រូវ​បានដាក់​ស្ថិតក្រោម​ការពិនិត្យ​ពីបទ ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្តទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សូមជម្រាបថា ស្ត្រី​ឈ្មោះ សំ សុខា ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​បទ​ស្នាក់នៅ​ហួស​ទិដ្ឋាការ កាលពីដើម​ខែមករា ឆ្នាំ​២០១៨ ទោះបីជា​នាង​ទទួលបាន​ការទទួលស្គាល់​របស់​អង្គការសហប្រជាជាតិ នូវ​ឋានៈ​ជា​ជនភៀសខ្លួន​ក៏ដោយ​។ ស្ត្រី​រូបនេះ បាន​ប្រើ​រូបភាព​យក​ស្បែកជើង​គប់​រូប​សម្តេច​ត​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន ដើម្បី​យក​ឡេះ​រត់គេចខ្លួន​ទៅ​ថៃ ដើម្បី​បាន​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន និង​បាន​ចាក​ទៅ​រស់នៅ​ប្រទេស​ទី​៣​។

​ស្ត្រី​រូបនេះ បានគេច​ខ្លួន​ពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​ថៃ ចាប់តាំងពី​ខែមេសា​ឆ្នាំ ២០១៧​។ នាង​បាន​ភៀសខ្លួន​ចេញពី​កម្ពុជា​បន្ទាប់ពី​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​លើ​វីដេអូ​ឃ្លី​ប​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ នាង​គប់​ស្បែកជើង​លើ​រូបភាព​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន នៅលើ​ផ្ទាំង​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕L​