រឿង​រិះគន់​នាយករដ្ឋមន្ត្រី​ថៃ​: យុវជន​ខ្មែរ​ដែល​ប៉ូលិស​ថៃ​នាំខ្លួន​ទៅ​បំភ្លឺ ត្រឡប់មក​កម្ពុជា​វិញ​

1511
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​០២ ខែមិថុនា ឲ្យ​ដឹងថា យុវជន​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​អញ្ជើញ​ទៅ​បំភ្លឺ​នៅ​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ គឺ​មិនមាន​ការចាប់ខ្លួន​នោះទេ​។

​ប៉ូលិស​ថៃ​បាន​អញ្ជើញ​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ ហេង រតនៈ ពី​ប្រទេស​កម្ពុជា​ទៅ​បំភ្លឺ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣១ ខែឧសភា ។ យុវជន​ខ្មែរ​រូបនោះ​ត្រូវបាន​គេ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ធ្វើ​ប៉ះពាល់​ដល់​លោក​ប្រយុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​។​

​យុវជន ហេង រតនៈ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពេល​ត្រឡប់​មកពី​ថៃ​វិញ​ថា មិនមាន​ការចាប់ខ្លួន​លោក​នោះទេ ហើយ​ចំពោះ​ការនាំ​ខ្លួន​ទៅ​ប្រទេស គឺ​ដោយ​លោក​បាន​ទៅ​បំភ្លឺ​ដោយ​ស្ម័គ្រ​ខ្លួនឯង​ទេ ពាក់ព័ន្ធ​ការបង្កើត​ព័​ត៍​មាន​ក្លែងក្លាយ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​ថៃ​ពាក់ព័ន្ធ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ​។

​យុវជន​រូបនោះ​បានបញ្ជាក់​ថា “​គេ​បាន​សួរចម្លើយ​យើង​ធម្មតា អត់​មានការ​ចាប់ខ្លួន​ទេ។ យើង​អត់​មាន​ធ្វើ​អ្វី​ខុសច្បាប់ មិន​ខ្លាច​ទៅ​បំភ្លឺ​ទេ។ ខ្ញុំ​ទៅដោយ​ខ្លួនឯង​។ ខ្ញុំ​អត់​មាន​ជាប់​ពាក់ព័ន្ធ​ករណី​បង្ហោះ​សារ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ថៃ​ទេ​។ ខ្ញុំ​ទៅ​ខ្លួនឯង ខ្ញុំ​មក​ខ្លួនឯង អត់​មាន​អ្នកណា​ចាប់ខ្លួន​ខ្ញុំ​ទេ ដើម្បី​ទៅ​បំភ្លឺ ពីព្រោះថា មនុស្ស​យើង​អត់​បានធ្វើ​អ្វីមួយ​ខុសច្បាប់​ទេ យើង​អត់​ខ្លាច​និង​ទៅ​បំភ្លឺ​ទេ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា នៅមុននេះ​បន្តិច​ថា យុវជន​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​អញ្ជើញ​ទៅ​បំភ្លឺ​នៅ​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​៣១ ខែឧសភា បាន​ត្រឡប់​មក​កម្ពុជា​វិញ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២ ខែមិថុនា ហើយ​គាត់​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។ ដោយ​លោក​​បាន​បញ្ជាក់ថា ការអញ្ជើញ​យុវជន​ខ្មែរ​ទៅ​បំភ្លឺ​ដល់​សមត្ថកិច្ច​ថៃ គឺ​ដោយមាន​កិច្ចសហការ​រវាង​អាជ្ញាធរ​ថៃ​ជាមួយ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​។ ហើយ​ករណីនេះ មិនមែនជា​ការចាប់ខ្លួន​ទេ គឺជា​ការអញ្ជើញ​ទៅ​បំភ្លឺ ដោយសា​ម៉ី​ខ្លួន​ស្ម័គ្រចិត្ត​ទៅដោយ​ខ្លួនឯង​។

​អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា “​ពាក់ព័ន្ធ​ករណីនេះ គឺ​គាត់​ស្ម័គ្រចិត្ត​ទៅដោយ​ខ្លួនឯង​ទៅ​បំភ្លឺ ហើយ​គាត់​នឹង​មកវិញ​នៅថ្ងៃនេះ (២ មិថុនា​) ប៉ុន្តែ​មិន​ថា ម៉ោង​ប៉ុន្មាន​មកដល់​ទេ​។ អញ្ជើញ​ទៅ​បំភ្លឺ​រឿង​អី​យើង​មិនអាច​និយាយ​បានទេ ដោយសារតែ​ការស៊ើបអង្កេត​របប​ស់​គេ គេ​កំពុងតែធ្វើការ​។ សមត្ថកិច្ច​ថៃ​បានមក​កម្ពុជា ដើម្បី​អញ្ជើញ​គាត់​ទៅ កាលពី​យប់​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​៣១ ឧសភា ដោយ​គាត់​ស្ម័គ្រចិត្ត​ទៅដោយ​ខ្លួនឯង​។ ហើយ​នេះ​ជា​កិច្ច​សដ​ហ​ប្រតិបត្តិការ​របស់​អាជ្ញាធ​រ​ថៃ​ជាមួយនិង​កងរាជអាវុធហត្ថ​”​។​

​សូមជម្រាបថា សមត្ថកិច្ច​នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​របស់​ថៃ បាន​នាំខ្លួន​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ ហេង រតនៈ ពី​កម្ពុជា​ទៅ​បំភ្លឺ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៣១ ខែឧសភា។ យុវជន​ខ្មែរ​រូបនោះ​ត្រូវបាន​គេ​សង្ស័យ​ពាក់ព័ន្ធ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ធ្វើ​ប៉ះពាល់​ដល់​លោក​ប្រយុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី ថៃ និង​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ ឬ​បង្ក​ឱ្យ​សាធារណជន​ភ័យ​ស្លន់ស្លោរ ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​។ ប្រសិនបើ​ខាង​ថៃ ពិតជា​រកឃើញថា យុវជន​រូបនោះ មាន​កំហុស​មែន គឺ​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ និង​/​ឬ ពិន័យ​ជា​ប្រាក់​រហូតដល់ ១០ ម៉ឺន​បាត​។ ចំពោះ​ការចុះផ្សាយ​ដែល​ត្រូវបាន​ខាង​ថៃ ចោទប្រកាន់​លើ​លោក រតនៈ នោះ គឺ អត្ថបទ​ចោទប្រកាន់ថា ៖”​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ចាក់ទឹក​ជំនួស​សាំង ខណៈពេលដែល​សាំង​ឡើងថ្លៃ​ខ្ពស់​”៕ ល​/មន