រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិៈ គណបក្សនយោបាយ​មួយចំនួន​គាំទ្រ និង​ខ្លះ​មិន​គាំទ្រ​

242

(​ភ្នំពេញ​)៖ គណបក្សនយោបាយ​មួយចំនួន​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​កំពូល​ក្នុងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប មិន​ឲ្យ​មាន​សកម្មភាព​នយោបាយ​ផ្សេងៗ​រយៈពេល​ប្រាំ​ឆ្នាំ ។ ​គណបក្ស​ដែល​គាំទ្រ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មានដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង គណបក្ស​សញ្ជាតិ​កម្ពុជា ។​ប៉ុន្តែ​គណបក្ស​ខ្លះ​ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការរំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ ផងដែរ​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ពេញទំហឹង​ចំពោះ​សេចក្ដីសម្រេច​របស់​​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ចំនួន​១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា ចំណាត់ការ​របស់​តុលាការ​កំពូល គឺ​ត្រឹមត្រូវ​ស្របតាម​ពាក្យបណ្ដឹង​​របស់​ក្រសួងមហាផ្ទៃ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​សង្គម​ទប់ស្កាត់​បក្សនយោបាយ​ដែល​បាន​ឃុ​ត​ឃិត​​ជាមួយ​បរទេស​។​

​ក្រៅពី​គាំទ្រ​ការសម្រេច​របស់​តុលាការ​កំពូល គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ផងដែរ ។ ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បញ្ជាក់ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​និង​ការ​កោត​​សរសើរ​ដោយស្មោះ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ចាត់វិធានការ​ទាន់ពេល​វេលា ប្រកបដោយ​ស្មារតី​ជាតិនិយម​ក្នុងការ​ប្រមូល​ភស្ដុតាង​​ជាច្រើន ដើម្បី​ផ្ដល់ជូន​ស្ថាប័ន​តុលាការ ចំពោះ​អំពើ​ទាំងឡាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ដែល​​ចាត់ទុកថា ជា​ផែនការ​នៃ​បដិវត្ត​ពណ៌​។​

​គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់​ក៏បាន​ប្រកាស​គាំទ្រ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ដែល​បាន​អនុវត្ត​ច្បាប់​លើ​​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពង្រឹង​នីតិរដ្ឋ​និង​តម្រង់​ទិសដៅ​ដល់​ក្រុម​អ្នកនយោបាយ​បរទេស​និយម​កុំ​ឲ្យ​ធ្វើ​នយោបាយ​ហួស​ដែន​​កំណត់​ច្បាប់ ព្រមទាំង​បង្ក​អសន្តិសុខ​នៅក្នុង​ប្រទេស តាមរយៈ​ដើរ​តាម​គំនូស​បរទេស ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​ជាតិ​។​

​ជាមួយគ្នានេះ គណបក្ស​យុវជន​កម្ពុជា គាំទ្រ​ចំពោះ​តុលាការ​កំពូល​ដែល​បាន​អនុវត្ត​ច្បាប់​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​សូម​អំពាវនាវ​ដល់​កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សូម​ចូល​ការពារ​នូវ​សាលក្រម​តុលាការ​កំពូល ដើម្បី​ការពារ​សុខសន្តិភាព​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ឲ្យ​មាន​សុខ​សុវត្ថិភាព​គ្រប់ពេលវេលា​។​

​ចំណែក​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ចំពោះ​សេចក្តីសម្រេច​របប​ស់​តុលាការ​កំពូល ដែលជា​ស្ថាប័ន​ឯករាជ្យ​ក្នុងការ​រ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ចំពោះ​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានផ្តល់​ឱកាស​នយោបាយ​ដល់​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​ឲ្យ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្នុងនាម​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ​មិន​ចូលបក្ស​សម្ព័ន្ធ​។​

​រីឯ​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​ក៏បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​កំពូល ដែល​បាន​កាត់សេចក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​៥​ឆ្នាំ អំ​ពីបទ​ក្បត់ជាតិ បំរើ​បរទេស​។​

​ងាក​មក​គណបក្ស​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​បានចេញ​សេចក្ដីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​សេចក្ដីសម្រេច​​នេះ​ដោយ​ថា​សេចក្ដីសម្រេច​នេះ បាន​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ​ជាមួយគ្នានេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏បាន​លើកទឹកចិត្ត​ឲ្យ​សមាជិក​និង​អ្នកនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជំនាន់​ថ្មី​កសាង​កម្លាំង​នយោបាយ​ឡើងវិញ​ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​។​

​រីឯ​គណបក្ស​អំណាច​ខ្មែរ ក៏បាន​លើកទឹកចិត្ត​ដល់​សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស សូមកុំ​បាក់​ទឹកចិត្ត ។ ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។

​គណបក្ស​អំណាច​ខ្មែរ ក៏បាន​ស្នើ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កសាង​កម្លាំង​នយោបាយ​ថ្មី​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងសង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​បន្តទៀត​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​ហាមឃាត់​មិន​ឲ្យ​មាន​សកម្មភាព​នយោបាយ​ផ្សេងៗ ចាប់​ពីថ្ងៃ​ប្រកាស​សាលដីកា​នេះ​តទៅ​៕​ដោយៈ មុនី​រ័ត្ន​/sn