រឿង​វ៉ា​ជែង​ដណ្ដើម​ម៉ូយ​តាមផ្លូវ​៖ តៃកុង​ឡានក្រុង​ផ្ទុះ​ហិង្សា​ដាក់គ្នា​

462

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: តៃកុង​ឡានក្រុង​ម្នាក់ និង​ព្រូឡាន​ម្នាក់​បាន​រងរបួស​បែក​ក្បាល បន្ទាប់ពី​អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត​បើកឡាន​មក​ស្ទាក់​វ៉ៃ ក្រោយពី​ជនបង្ក​សុំ​បើកឡាន​ជែង​មិនបាន ដើម្បី​ទៅ​ដណ្តើម​ម៉ូយ​ខាងមុខ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ ១-​ឈ្មោះ អ៊ិន ស៊ី​ណេ ភេទ​ប្រុស អាយុ ៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ២-​ឈ្មោះ កាក់ វាសនា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ ខេត្តពោធិ៍សាត់ ។ ដោយឡែក​ជនបង្ករ ហឹ​ង្សា​ដោយ​ចេតនា​នេះ ម្នាក់​ឈ្មោះ សក ល័​ក្ស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ប្រឡាយ ឃុំ​ត្រដោក​ជ្រុំ ស្រុក​ពញា​ក្រែង ខេត្ត​ត្បូងឃ្មុំ និង ម្នាក់ទៀត​ឈ្មោះ នួន លាភ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញា​ក្រែង ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា តាម​ចម្លើយសារភាព​របស់​ភា​គី​ទាំងសងខាង បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ភាគី​ខាង​រងគ្រោះ​បាន​បើករថយន្ត​ក្រុង​របស់​ខ្លួន​មាន​ដឹក​ភ្ញៀវ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង និង បាន​ហៅភ្ញៀវ​តាមផ្លូវ​ដាក់​រហូត ។ ពេលនោះ​ភាគី​អ្នកបើករថយន្ត​បង្ករ​បាន​បើក​វ៉ា​ជែង​ចាប់តាំងពី​ស្រុក​ឧ​ត្តុ​ង្គ​មក តែ​បើក​វ៉ា​ជែង​មិនបាន​ដោយ ភាគី​ខាង​រងគ្រោះ​មិនអោយ​បើក​វ៉ា​ជែង ។ ពេលនោះ​ខាង​ភាគី​បង្ករ​កើតក្តី​ក្តៅក្រហាយ រួច​បើក​តាម​ឡាន​ភាគី​រងគ្រោះ​មករ​ហូត ដល់ពេល​មកដល់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ធម្មយុត្តិ ក្រុង​កំពង់ឆ្នាំង ភាគី​រថយន្ត​រងគ្រោះ​បាន​ឈប់​ដាក់​ភ្ញៀវ​ចុះ ឃើញ​ឱកាសល្អ​ក្រុម​ភាគី​បង្ករ​បាន​បើករថយន្ត​មក​ពាំង​ពីមុខ​រួច​រករឿង និង​មាន​ម្នាក់​កាន់​ដែកថ្នាំងអំពៅ និង ម្នាក់​កាន់​ដែក​សោ​ម៉ា​លែ​ត វាយ​ទៅលើ​ភាគី​រងគ្រោះ បណ្តាល​រងរបួស​បែក​ក្បាល​ទាំងពីរ​នាក់​តែម្តង ។

ក្រោយពេល​កើតហេតុ​ក្រុម​ជនបង្ករ​បាន​បើកឡាន​រត់គេច ប៉ុន្តែ​ពេល​បើក​មកដល់​មុខ​ចំណតរថយន្ត​ខេត្តកំពង់ឆ្នាំង ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយនិង​វត្ថុតាង មាន​ដែកថ្នាំងអំពៅ និង សោ​ម៉ា​លែ​ត យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​តែម្តង ។

​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕