រឿង ជាប់ និង​ធ្លាក់​

4018
ចែករម្លែក
  • 9
    Shares

ដោយៈផេក​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​
ភ្នំពេញៈ​ជិះ​កាត់​សាលារៀន​ព្រឹក​មិញ​(​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨) ឃើញ​គេ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ និង​តាម​ច្រកចូល​សាលារៀន ទើប​នឹក​ឃើញថា ថ្ងៃនេះ​សិស្ស​ថ្នាក់​ទី​១២ ចាប់ផ្តើម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​តាម បារាំង​”​បាក់​ឌុប​“ (Bacc II)​។ ដូច​រាល់​ឆ្នាំ​ដែរ ខ្ញុំ​តែងតែ​ជូនពរ​សុំ​ឲ្យ​សិស្ស​ទាំងអស់​ប្រឡង​ជាប់​គ្រប់ៗ​គ្នា​។ តែ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា មិនមែន​ការ​ជូនពរ​របស់ខ្ញុំ ឬ​ពរជ័យ​របស់​អាណាព្យាបាល ឬ​ការ​បន់ស្រន់​ណា មួយ នឹងធ្វើ​ឲ្យ​សិស្ស​នោះ​ប្រឡង​ជាប់​នោះទេ​។ ជាប់​មិន​ជាប់​អាស្រ័យ​ដោយ​សមត្ថភាព​ពិត​របស់​សិស្ស​។ សមត្ថភាព​នោះ​ក៏បាន​មកពី​ការខិតខំ​រៀនសូត្រ​ជាប្រចាំ​របស់​សិស្ស តាំងពីដើម​ឆ្នាំ​មក មិនមែន​ខំប្រឹង​បួន ដប់​ថ្ងៃមុន​ប្រឡង​នោះទេ​។​

លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​(​រូបថត​ផេ​កលោក ប្រាក់ សុខុន​)​

​គួរ​រំលឹក​ដែរ​ថា​ការប្រឡង​នេះ គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​។ មិន​ត្រឹមតែ​សមត្ថភាព​ដែល​កសាង បាន​ក្នុង​រយៈ​ពេល​មួយឆ្នាំ​ចុងក្រោយ​នៃ​មធ្យមសិក្សា​នេះ​ប៉ុណ្ណោះ​ទេ តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​ដែល សន្សំ​ប្រមូលបាន​រយៈពេល ១២ ឆ្នាំ នៅ​សាលា​កន្លងមក​។ បើ​លោកគ្រូ អ្នកគ្រូ ដែលជា​គណៈមេប្រយោគ ពិនិត្យ​វាយ​តំលៃ​តាម​ក្រដាស​ប្រឡង​របស់​សិស្ស​ថា មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ សិស្ស​នោះ​នឹង​បាន ជាប់​។ បើ​ការវាយតំ​លៃ​មាន​លក្ខណៈ​អវិជ្ជមាន​វិញ សិស្ស​នោះ​នឹង​ធ្លាក់​។ អ្នក​ជាប់​អរ​លោត​ហ៊ោរ​សើច សប្បាយ​។ អ្នកធ្លាក់​ក្តុកក្តួល​ក្រៀមក្រំ យំ​ក៏មាន​។ គេ​តែង​លួងលោម​លើកទឹកចិត្ត​ឲ្យ​អ្នកធ្លាក់ ជូត​ទឹកភ្នែក ហើយ​ខំប្រឹង​តទៅទៀត ដើម្បី​ប្រឡង​ឲ្យ​ជាប់​នៅ​ឆ្នាំក្រោយ​។​

​នៅលើ​ឆាកនយោបាយ រឿង​ប្រហែល​គ្នា​កើតឡើង​ពេល​បោះឆ្នោត​ម្តងៗ ពេលដែល​គណបក្ស នយោបាយ​នានា​នាំគ្នា​ទៅ​ប្រឡង ដោយ​សង្ឃឹមថានឹង​បាន​កៅអី​ក្នុង​រដ្ឋសភា​។ ល្អ​បំផុត​គឺ​បាន​កៅអី​ច្រើន ជាងគេ​! តែ​មិនមែន​លោកគ្រូ អ្នកគ្រូ ជា​អ្នក​ឲ្យ​ពិន្ទុ​ទេ គឺ​ប្រជារាស្ត្រ​ទូទាំងប្រទេស​ជា​អ្នក​វិនិច្ឆ័យ ជា​អ្នកបោះឆ្នោត​គាំទ្រ ឬ​មិន​គាំទ្រ​គណបក្ស និង​បេក្ខជន​ដែល​បាន​ឈរឈ្មោះ​។ ប្រជារាស្ត្រ​ជា​អង្គ​បោះ ឆ្នោត​នឹង​វិនិច្ឆ័យ​ថា​គណបក្ស​នយោបាយ​ណា អ្នកដឹកនាំ​នយោបាយ​ណា​មាន​សមត្ថភាព​ជាងគេ​ក្នុងការ ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់គាត់ ដឹង​សុខ​ដឹង​ទុក្ខ ហើយ​ចេះ​ដោះស្រាយ​បញ្ហា ការលំបាក ការ​ប្រឈម​នានា​ដែល​គាត់​ជួបប្រទះ​។ ចំពោះ​គណបក្ស​​ដែល​កំពុង​កាន់អំណាច ប្រជារាស្ត្រ​លោក​នឹង វាស់​ស្ទង់​សមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេសជាតិ​កន្លង​មក ហើយនឹង​ពិនិត្យ​អំពី​កម្មវិធី​នយោបាយ​របស់ គណបក្ស​នោះ​សម្រាប់​អណ​ត្តិ​តទៅ​មុខ​។ ចំពោះ​គណបក្ស​ដែល​មិន​កាន់អំណាច​វិញ ពួកគេ​ត្រូវ​បញ្ចុះ បញ្ចូល​ឲ្យ​ប្រជារាស្ត្រ​លោក​ជឿជាក់ថា គណបក្ស​ខ្លួន​អាចធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ ។​ល​។​​ប្រសើរ​ជាង​អ្វីៗ​ដែល​គណបក្សកាន់អំណាច​បានធ្វើ​កន្លងមក និង​គ្រោង​ធ្វើ​បន្តទៀត ដើម្បី​ទទួល​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​។​

​ការប្រឡង​សម្រាប់​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល បានធ្វើ​រួចទៅហើយ​នៅ​ថ្ងៃទី ២៩ កក្កដា កន្លងទៅ​។​
​ប្រជា​ជន​ជាង ៨៣​ភាគរយ​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​បាន​ប្រើប្រាស់​សិទ្ធិ​នយោបាយ​របស់ខ្លួន​ដើម្បី ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​សំរាប់ ៥ ឆ្នាំ តទៅ​មុខ​។​

​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បក្ស​ដែល​ប្រឡង​ជាប់​។ ជាប់​ដោយ​សំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី ឈ្នះ​កៅអី​ទាំង ១២៥ នៅ​រដ្ឋសភា​។ ជាប់​ដោយសារតែ​ប្រជារាស្ត្រ​ភាគច្រើន​លើសលុប ជឿជាក់​លើ សមត្ថភាព​របស់​គណ​បក្ស​នេះ​ក្នុង​ការរក្សា​សន្តិភាព ស្ថេរភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​នា ពេលកន្លងមក និង​ត​ទៅមុខទៀត​។ មានន័យថា ប្រជារាស្ត្រ​បាន​បោះឆ្នោត​ដើម្បី​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​។ ប្រជារាស្ត្រ​បាន​បោះឆ្នោត​ដើម្បី​និរន្តរភាព​។​

​ប្រជារាស្ត្រ​បានសម្រេច​ច​ចិត្ត​ប្រើប្រាស់​សន្លឹកឆ្នោត​ជាជាង​ដើរ​តាម​ការអំពាវនាវ​រប​ស់​អ្នកនយោបាយ ជ្រុល​និយម​មួយចំនួន​ដែល​ចង់​រាំងខ្ទប់​ដំណើរ​ប្រជាធិបតេយ្យ​តាមរយៈ​ពហិកា​នៃ​ការបោះឆ្នោត ការប្រើ ហឹ​ង្សា បំបែក​បំបាក់​សង្គមជាតិ និង​ការប៉ុនប៉ង​ឆក់យក​វាសនា​ប្រទេសជាតិ​ឲ្យ​ប្រទេស​ផ្សេង​សម្រេច​ច​ជួស​។​

​សិស្ស​ដែល​នឹង​ប្រឡង​ជាប់​ឆ្នាំនេះ នឹង​បានទទួល​សញ្ញាប័ត្រ​មួយ​សន្លឹក​ទទួលស្គាល់​ពី​សមត្ថភាព របស់ខ្លួន ហើយ​​បើកផ្លូវ​សម្រាប់​ការបន្ត​សិក្សា​ថ្នាក់​ឧ​ត្ត​ម ដែលជា​កម្រិត​ខ្ពស់ជាង ពិបាក​ជាង ហើយ​ដែល​តម្រូវ ឲ្យ​សិស្ស​ទាំងនោះ​ខំប្រឹងប្រែង​ថែមទៀត ដើម្បី​យក​ជោគជ័យ​ពេល​ប្រឡង​ចេញពី​មហាវិទ្យាល័យ​ប៉ុន្មាន ឆ្នាំ​ខាងមុខ​។​គណបក្ស​ប្រជាជន​ក៏​មិន​ខុសគ្នា​ដែរ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​ព្រះមហាក្សត្រ​នៃ​យើង​ត្រាស់បង្គាប់​ចាត់តាំង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​សុក្រ​ទី​១៧ ខែសីហា កន្លងមកនេះ​។ សម្តេច នឹងត្រូវ​រៀបចំ​ផ្គូរ​ផ្គង​សមាសភាព​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៦​នេះ ដើម្បី​ដឹកនាំ​អនុវត្ត​កម្មវិធី​នយោបាយ ដែលមាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ជា​ស្នូល​។​

​គ្មាន​សង្ស័យ​ទេ​ដែលថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ នឹងត្រូវ​ប្រឹងប្រែង​ទ្វេដង ដើម្បី​ឆ្លើយតប​នឹង បំណងប្រាថ្នា និង​ការ​ទន្ទឹង​រងចាំ ក៏ដូចជា​ជំនឿ​ទុកចិត្ត​ដ៏​លើសលុប​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​នោះ​។


​មេដឹកនាំ​លើ​លោក​ជាច្រើន​បាន​អបអរសាទរ និង​ជូនពរ​រដ្ឋាភិបាល​ថ្មី​ទទួលជោគជ័យ​ក្នុងការ បំពេញ​អណ​ត្តិ​របស់ខ្លួន​។ ប៉ុន្តែ​ដូច​ការ​ជូនពរ​ដល់​សិស្ស​ដែល​កំពុង​ប្រឡង​ថ្ងៃ​នេះដែរ ពរ​តែមួយ​មុខ​មិន គ្រប់គ្រាន់​ទេ​។ ការខិត​ខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង ដើម្បី​សំរេច​សមិទ្ធិផល​ថ្មីៗ​សំរាប់​ជាតិ និង​ប្រជាជន ទើប​ជាការ​សំខាន់ ប្រសិន​ណា​ជា​គណបក្ស​ប្រជាជន​ចង់រ​ក្សាក​តិ្ត​យស បន្ត​បំរើ​រាស្ត្រ ក្នុងឋានៈ​ជា​បក្ស កាន់អំណាច​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត​។​ជាប់ ឬ ធ្លាក់​នៅត្រង់​នេះឯង​!៕សរន

(ប្រភពផេកលោកប្រាក់សុខុន)