រឿង សោភ័ណ្ឌ លេច​មុខ នៅ​អាស៊ី​អាគ្នេយ៍ ទៀតហើយ​

825
ចែករម្លែក
  • 34
    Shares

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: អ្នក​ប្រដាល់​ល្អ​ឆ្វេង ខ្លាំង​ឆ្វេង​រឿង សោភ័ណ្ឌ ក្លិប​ម្កុដ​រាជ​សីហ៍ នឹង​បង្ហាញ​ខ្លួន លើ​សង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ដើម្បី​សាកល្បង​ក្បាច់គុន ជាមួយ​អ្នក​ប្រដាល់​ថៃ ឌី សេ​ឡាក់ (Dy Sellack) ដោយ​ពួកគេ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។​

​សោភ័ណ្ឌ អាចនិយាយបាន​ថា ដៃគូ​ប្រកួត​ដែលជា​ជនរួមជាតិ ទំនងជា​មិន​មាន​ឡើយ បើ​មាន ក៏​មិន​ច្រើន ឬក៏​អាច​និយាយបាន​ថា មាន​គូប្រកួត តែ​គេ​ឡើង​ប្រកួត គ្រាន់​តែ​ដើម្បី​ចាញ់​ប៉ុណ្ណោះ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ប្រកួត​តែ​ជាមួយ​អ្នក​ប្រដាល់ បរទេស​ប៉ុណ្ណោះ ។​

​សោភ័ណ្ឌ ជា​អ្នក​ប្រដាល់​ដែល​ល្អ និង​រហ័ស​ឆ្វេង និយាយ​បែប​នេះ មិនមែនមានន័យ ថា គេ​មិន​ចេះ​ប្រើ​ស្ដាំ​នោះទេ ។ បើ​ប្រហែស សាកមើល បើ​មិន​សន្លប់ ដោយសារ​ស្ដាំ សោភ័ណ្ឌ ភ្លាម​។ តែ​ឆ្វេង​របស់គេ អស្ចារ្យ​ជាង​ស្ដាំ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៥​ដង ឈ្នះ​២៤៥​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។​

​ចំពោះ អ្នក​ប្រដាល់​ថៃ ឌី សេ​ឡាក់ វិញ មិន​មាន​នរណា​ស្គាល់​នោះទេ ។ លោក ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ បាន​និយាយថា គ្រូបង្វឹក និង​ម្ចាស់​ក្លិប​របស់គេ អះអាងថា អ្នក​ប្រដាល់​ថៃ​រូបនេះ​ល្អ តែ​លោក​មិន​ធ្លាប់​បានឃើញ គេ​ប្រកួត​ឡើយ ។ កំណត់ត្រា​ប្រកួត​របស់ ឌី សេ​ឡាក់ មិន​អន់​ទេ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦៥​ដង ចាញ់​១០​ដង ។ គេ​ពូកែ​កណ្ដាប់ដៃ ជង្គង់ និង​ទាត់ មិន​អន់​ឡើយ ។ មិនដឹងថា នរណា​ខ្លាំង នៅក្នុង​ជំនួប​មួយ​នេះឡើយ ។​

​អេ រដ្ឋា ក្លិប​អេភូ​ថង​កីឡា ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ អ៊ុប សៃ (Oup Sai) ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

អ៊ុប សៃ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​មួយ​លើក​ហើយ ដោយ​គេ​ប្រកួត​ឈ្នះ អ្នក​ប្រដាល់​កម្ពុជា យុ​គ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិទ្ធ ។ ពេលនេះ គេ​ត្រូវ​ជួប​ជាមួយ អេ រដ្ឋា ដែលជា​អ្នក​ប្រដាល់​ខ្លាំង​ជាង​មុន ។ រដ្ឋា មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៧១​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ១ ដង ។

ចំពោះ អ៊ុប សៃ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៥២​ដង ចាញ់​៨​ដង ។ អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង​រូបនេះ អាច​បង្កើន​ស្ថិតិ​ឈ្នះ ក្នុង​កំណត់​ត្រា​របស់​ខ្លួន បាន​ឬទេ ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សំអាង ឌុ​ន ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជា​មួយ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង ខេត្ត​បាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។ ឈួន រិទ្ធី សមាគម​ប្រដាល់ ក្រសួង​ការពារជាតិ ប្រកួត​ជា​មួយ អ្នក​ប្រដាល់ យ៉ាម ខេមរា ក្លិប​រស្មី​កុមារកំព្រា ក្នុង​ប្រភេទ​ទម្ងន់ ៧០ គីឡូក្រាម ៕v