រឿង សោ​ភ័​ណ្ឌ ស្វាគមន៍​ម៉ូយ​ថ្មី​

555

លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​របស់​អាស៊ីអាគ្នេយ៍ ព្រឹក​ថ្ងៃទី​១៦​កក្កដា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ នឹង​ប្រកួត​ជាមួយ​ម៉ូយ​ថ្មី​មួយទៀត មកពី​ប្រទេស​ថៃ គឺ​អ្នក​ប្រដាល់ ស៊ុយ ង៉ា​ម (Suoy Ngam)​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ សោ​ភ័​ណ្ឌ បន្ទាប់ពី​បង្ហាញ​ឫក​ក្រអឺតក្រទម​មួយរយៈ​មក​នោះ បាន​បន្ទន់ឥរិយាបទ ដើម្បី​បន្ត​អាជីព​ប្រដាល់​តទៅទៀត​។​

​សោ​ភ័​ណ្ឌ ដែលជា​អ្នក​ប្រដាល់​ពូកែ​ឆ្វេង​នោះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៤៩​ដង ឈ្នះ​១៣០​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ ២​ដង​។ បន្តា​ប់​ពី​បន្ទន់ឥរិយាបទ​មក​នោះ គេ​សង្កេតឃើញថា សោ​ភ័​ណ្ឌ ហាក់ដូចជា​ដណ្ដើមបាន​ជោគជ័យ​ស្ទើរ​គ្រប់ការ​ប្រកួត​របស់គេ​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ស៊ុយ ង៉ា វិញ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ឡើយ សូម្បីតែ​គេ​ខ្លាំង ឬ​ខ្សោយ ក៏​មិនមាន​គេ​ដឹង​ដែរ​ហើយ ស្ទីល​វ៉ៃ​របស់គេ​យ៉ាងណា ក៏​គ្មាន​នរណា​ដឹង​ដែរ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ៣​ដង​។​

​នេះ​ជា​គូប្រកួត​ថ្មី​មួយទៀត​សម្រាប់ សោ​ភ័​ណ្ឌ​។ មិនដឹងថា តើ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​ពី​ម៉ូយ​ប្រកួត​ថ្មី​របស់គេ​ឬទេ​?

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាត​តិ​វិញ​នោះ គួ​ន សុវណ្ណ ក្លិប​សុភា​នូ​មានជ័យ​ដែល​បាត់​មុខ​មួយរយៈ​នោះ បាន​ត្រឡប់មកវិញ ដោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី នឹម ណន របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​។​

​យ៉ុ​ន ដា​រ័ត្ន របស់​ក្លិប​ខេត្តរតនគិរី ដែលជា​អ្នក​ប្រដាល់​មាន​កណ្ដាប់ដៃ​រហ័ស និង​ធ្ងន់​ដូច​ថ្ម​ពី​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង ផាន ផាត់​យុទ្ធ របស់​ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភាទ​ទម្ងន់​៥៧​គីឡូក្រាម​។ សម្រាប់​គូ​នេះ ទាំងសងខាង​សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា​ហើយ​អាច​នឹង​ឈ្នះ​មុន​ទឹក​ទី ៥​ទៀតផង តែបើ​គេ​ចាញ់​-​ឈ្នះ​គ្នា ដោយ​ពិន្ទុ​នោះ​រវាង​អ្នកចាញ់ និង​អ្នកឈ្នះ​គឺ​ទ្រមខ្លួន​ដូចគ្នា​មិន​ខាន​។​

​សំណាង សម្បត្តិ ក្លិប​បាត់ដំបង​ពាយ័ព្យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ គួ​ន ប៊ុន​ហ៊ីម ដែលជា​អ្នក​ប្រដាល់​ដ៏​ចាស់វស្សា​មួយរូប របស់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​វុត្ថា វឿន​វ៉ិ​ត របស់​ក្លិប​អង្គរធំ​គុន​ខ្មែរ ដែលជា​អ្នក​ប្រដាល់​ជើង​ថ្មី​តាម​ដង​ទន្លេមេគង្គ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​ឈ្មោះ ឈឿន ណាត មក​ពិ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​៕ ​ដោយ ៖​រ៉ូ​ហ្សា

រឿង សោ​ភ័​ណ្ឌ និង ស៊ុយ ង៉ា​ម (​រូប​៖ រ៉ូ​ហ្សា​)​