រឿង “​កូនក្រក​” ដែល​ដកស្រង់​ចេញពី​រឿង​ពិត​នៃ​មេចោរ​អា​រ៉ា​ស្មាច់ ចាក់​ប​ញ្ជាំ​ង​ជា​ផ្លូវការ​ហើយ

172

​ដោយ បូ​រិ​ន / ភ្នំពេញ​៖ រឿង “​កូនក្រក​” របស់​ផលិតកម្ម​អិ​ល​ឌី (LD Picture) ក្រោម​ការដឹកនាំ​តារា​កំប្លែង​នាយ ពាក់​មី ដែល​លោក​បាន​ដកស្រង់​ចេញពី​រឿង​ពិត “​មេចោរ​អា​រ៉ា​ស្មាច់ “ បានដាក់​ប​ញ្ជាំ​ង​ជា​ផ្លូវការ​ហើយ ខណៈ​អ្នកគាំទ្រ​ជាច្រើន​ទន្ទឹម​រង់ចាំ​មើល​ជា​យួរ​មកហើយ​។

​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ផលិតកម្ម LD Picture បាន​រៀន​ចំ​សម្ពោធ​រឿង “​កូនក្រក​” ដែលជា​ខ្សែ​យន្ត​បែប​មន្តអាគម​កូនក្រក ដោយ​ការ​វះ​យក​ពី​ស្ត្រី​មាន​ផ្ទៃពោះ​មក​ធ្វើ​វត្ថុ​ការពារ​ខ្លួន ស្ថិតក្នុង​រោងកុន Major Cineplex ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សាខា​ទី​១ ក្រោម​វត្តមាន​ផលិតករ តួ​សម្តែង និង​ភ្ញៀវកិត្តិយស​ច្រើន​កុះករ​។

​លោក លៀក លីដា ម្ចាស់​ផលិតកម្ម​អិ​ល​ឌី បាន​ថ្លែងថា រឿង “​កូនក្រក​” គឺជា​ស្នាដៃ​សម្រិតសម្រាំង​មួយ​របស់​ផលិតកម្ម សម្រាប់​ជា​ចំណី​អារម្មណ៍​របស់​អ្នកទស្សនា នា​ចុងឆ្នាំ​២០១៨​នេះ​។ អ្វីដែល​ពិសេស ស្នាដៃ​នេះ គឺ​ផ្ដោត​សំខាន់​លើ​ជំនឿ​លើ​កូនក្រក ដែល​ប្រជាជន​ខ្មែរ តែងមាន​ជំនឿ​ខ្លាំង​នាពេល​កន្លងមក​។ រឿងនេះ មិនមែន​និយាយ​ពី​ប្រវត្តិ​ពិត​របស់​មេចោរ​អា រ៉ា​ស្មាច់ ទេ ក៏ប៉ុន្តែ​លោក​គ្រាន់តែ​លើក​មក​ត្រួសៗ​ប៉ុណ្ណោះ ដោយ​ផ្ដោត​សំខាន់​ជំនឿ​លើ​កូនក្រក​។

​ផលិតករ​រូបនេះ បានចាត់ទុក​រឿងនេះ​ថា ស្នាដៃ​ថ្មី​របស់​ផលិតកម្ម LD Picture មួយ​នេះ ពិតជា​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នកទស្សនា ព្រោះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ជំនឿ​លើ​កូនក្រក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​ឈុត​ឆាក​ជាច្រើន​ទៀត ប្រជុំ​ដោយ​តារា​ល្បីៗ​ចូលរួម​សម្ដែង​។ លោក​បន្តថា រយៈពេល​៥​ខែ​កន្លង ទៅ​រឿង​ខ្មែរ ស្ទើរ​៩០​ភាគរយ ជា​រឿង​ខ្មោច​។ ដោយឡែក​រឿង “​កូនក្រក​” ជា​រសជាតិ​ថ្មី​ខុសពី​គេ ព្រោះ​ជា​រឿង​ឃាតកម្ម ដូចនេះ​លោក​គិតថា ទស្សនិកជន​នឹង​គាំទ្រ​។

​សូម​បញ្ចា​ក់ថា រឿង “​កូនក្រក​” ជា​ខ្សែភាពយន្ត​និយាយ​ពី​ដំណើររឿង​មួយចំនួន ពាក់ព័ន្ធ​នឹង​មហាចោរ​ចាប់ជំរិត​ដ៏​ល្បី​រន្ទឺ​កាលពី​១៩​ឆ្នាំមុន​នោះ គឺ​អា រ៉ា​ស្មាច់​។ ម្ល៉ោះហើយ នាយ ពាក់​មី បាន​និពន្ធ ក៏ដូចជា​ដឹកនាំ​សម្តែង​ទៅជា​សាច់រឿង​ភាពយន្ត ដែល​កំពុងតែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពេញ​បណ្តាញ​សង្គម ក្រោយ​ចេញ​ជា​ឈុត​វិ​ដេ​អូ​ខ្លី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ រឿង “​កូនក្រក​” ចាប់​បញ្ចាំង​ពីថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​តទៅ​។ បើ​មើល​តាម​សន្ទុះ​ការគាំទ្រ​នៃ​សាច់​រឿងនេះ ត្រូវបាន​ទស្សនិកជន​ជាច្រើន ត្រៀម​រួចរាល់​សម្រាប់​ការ​កក់​សំបុត្រ​ទិញ​ទស្សនា ដើម្បី​ចង់ដឹងថា ផ្ទៃរឿង​មាន​ភាពល្អ​ឥតខ្ចោះ​បែបណា ពិសេស​ពាក់ព័ន្ធ​រឿងរ៉ាវ​របស់​មេ​ចាប់ជំរិត​ដ៏​ល្បី​អា រ៉ា​ស្មាច់​៕ ល​