រឿង “​ចិញ្ចៀន​” របស់​តារា​បី​ដួង និង​ផលិតកម្ម​ចក្រវាល​ពេជ្រ សម្ពោធ​ជា​ផ្លូវការ​

540
ចែករម្លែក

(​ភ្នំពេញ​)៖​រឿង​ភ័យរន្ធត់​ដ៏​ល្អមើល “​ចិញ្ចៀន​” របស់​តារា​បី​ដួង លោក ម៉េង ប៊ុន​ឡូ អ្នកនាង ទូច ស្រី​ល​ក្ខ័​ណ និង​អ្នកនាង ញឹម ចាន់ថន និង​ផលិតកម្ម​ចក្រវាល​ពេជ្រ របស់​អ្នកស្រី ថុង ស្រី​ទៀង ដែល​រួមគ្នា​ចំណាយលុយ​ផលិត​រួមគ្នា បាន​សម្ពោធ​ជា ផ្លូវការ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​។​

​លោក ម៉េង ប៊ុន​ឡូ ដែលជា​អ្នកដឹកនាំ​ថត​រឿងនេះ បាន​ថ្លែងថា ភាពយន្ត​រឿង “​ចិញ្ចៀន​” គឺជា​ស្នាដៃ​មួយ ដែល​លោក​រំពឹង​យ៉ាងខ្លាំង ព្រោះ​ជា​ភាពយន្ត​មួយ​រឿង​នឹង​បង្កប់​ដោយ រសជាតិ​ច្រើន ដោយ​ឆ្លុះបញ្ចាំង​ពី​ជីវិត​របស់​កុលសម្ព័ន្ធ​មួយក្រុម នៅក្នុង​ប្រទេស​កម្ពុជា និង​ជំនឿ​របស់​ជនជាតិភាគតិច ដោយមាន​បញ្ចូល​នូវ​ការអប់រំ​ជាច្រើន​ផងដែរ​ក្រៅពី​ឈុត ឆាក​កាច​សាហាវ​ស្នេហា​ជូរចត់ និង​កំប្លែង​។​

​រឿងនេះ ជា​កំប្លែង និង​ភ័យរន្ធត់​គឺ​រឿង “​ចិញ្ចៀន​” ដែល​ដឹកនាំ​ផលិត​ដោយ​លោក ម៉េង ប៊ុន​ឡូ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​មុន​ថ្ងៃ​ចាក់​បញ្ចាំង​។​ចាប់អារម្មណ៍ ព្រោះតែ​ឈុត​ឆាក​ខ្លី (Trailer) នៃ​ភាពយន្ត​នេះ បានបង្ហាញ​ពី​ឈុត​ឆាក​ភ័យរន្ធត់ និង​តំបន់​ព្រៃភ្នំ​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត នៅ​កម្ពុជា​។ ដូចនេះ​បងប្អូន​ទស្សនិកជន ត្រៀមខ្លួន​ទទួលយក​ស្នាដៃ​ថ្មី​របស់លោក ម៉េង ប៊ុន​ឡូ ហើយ​រឿង «​ចិញ្ចៀន​» ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​៣ មករា ២០១៩ នា​រោងភាពយន្ត​លេ​ជេន​គ្រប់​សាខា​៕ ដោយ​: បូ​រិ​ន