រឿង “​លោក​ប្តី​” ជា​ស្នាដៃ​កំប្លែង​ថ្មី ដែល​ទម្លាយ​រឿង ពី​បុរស ខិល​

586
ចែករម្លែក
  • 46
    Shares

​ភ្នំពេញ​៖​ស្នាដៃ​ថ្មី​របស់​តារា​កំប្លែង នាយ​ពែ​កមី សម្រាប់​ដើមឆ្នាំ​២០១៩​រឿង “​លោក​ប្តី​” ជា​វណ្ណ​កម្ម​បែប​កំប្លែង សើច​ចុកពោះ ដែល​និពន្ធ និង​ដឹកនាំ​ដោយ​លោក​ផ្ទាល់​។​

​ភាពយន្ត​បែប​កំប្លែង ដែលជា​ស្នាដៃ​ដឹកនាំ​សម្តែង​របស់​នាយ ពែ​កមី​លើក​នេះ ក៏​ទទួលបាន ការសរសើរ​ខ្លាំង ពី​អ្នកចូលរួម​ទស្សនា នា​ថ្ងៃ​សម្ពោធ​ដោយ​ដាក់​បញ្ចាំង កាលពី​ពីថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៩ ខណៈ​រឿងនេះ បង្ហាញ​ពី​ឈុត​ឆាក​ពិសេស​ជាច្រើន និង​បង្ហាញ​និស្ស័យ​បុរស ជា​ប្តី​ខិលខូច​លួច​មាន​ស្រី​។​

​នាយ​ពែ​កមី បាន​ថ្លែងថា រឿងនេះ លោក​បាន​ដកស្រង់ ចេញពី​រឿង​ពិត​មួយចំនួន​ដែល​សង្គម​កំពុង ជួបប្រទះ និង​ជា​បញ្ហា​រសើប កើតមាន​ក្នុង​គ្រួសារ​ជាច្រើន ពិសេស​គឺ​រឿង​ប្តី មាន​ស្រី​ខាងក្រៅ​។ លោក​ក៏​ទទួលស្គាល់ថា ឈុត​ឆាក​ខ្លះ ក៏​លោក​ធ្លាប់​ជួប​ផ្ទាល់​ផងដែរ​ទោះ​បង្កើត​មាន​ជា​រឿង មួយ​នេះ​បាន​។​

​តួ​ប្រុស ជា​ប្តី គឺ​សម្តែង​ដោយ​លោក​ផ្ទាល់ ហើយ​ប្រពន្ធដើម សម្តែង​ដោយ​នាង​ខ្ញុង​ខណៈដែល​ស្រី កំណាន់ ខាងក្រៅ គឺ​សម្តែង​ដោយ​កញ្ញា ឯក​ហេង ចាន់ថា​។​

​នាង​ខ្ញុង ដែលជា​តួឯក​ស្រី ក្នុង​រឿងនេះ បាន​ថ្លែងថា រឿងនេះ មាន​ឈុត​ឆាកកំប្លែង និង​កម្សត់​មួយចំនួន ដែល​បង្កប់​ដោយ​ទស្សនៈ​អប់រំ​។ នាង​មាន​ឈុត​ឆាក សម្រក់​ទឹកភ្នែក​ច្រើន ព្រោះតែ​ប៉ះ​ប្តី​កំពូល​ល្បិច​តាម​មិនទាន់​។​

​តារា​កំប្លែង​ស្រី​រូបនេះ បាន​បញ្ជាក់ថា ស្នាដៃ​រឿងនេះ បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត ក្នុង​គ្រួសារ​មួយចំនួន ដែល​ធ្លាប់​ជួប​រឿងនេះ ហើយ​នាង​យល់ថា ភាពយន្ត​នេះ​ក៏​នឹង​ជួយ​ជំរុញ លើកទឹកចិត្ត​ស្ត្រី និង​កែប្រែ​អត្ត​ច​រិ​ក​ប្តី​កំហូច​មួយចំនួន​ផងដែរ​។ ក្រៅពី​កំប្លែង រឿងនេះ គឺ​ប្លែក​ខុសពី​រឿង​មុនៗ ដោយ​បង្កប់​នូវ​ទស្សនៈ​អប់រំ​ល្អ​មួយ ពិសេស​ជុំវិញ​បញ្ហា ស្នេហា​ត្រីកោណ ដែលជា​បញ្ហា​រសើប​ខ្លាំង ក្នុងសង្គម​បច្ចុប្បន្ន​។

​ខណៈ​ថ្ងៃ​ប្រកាស​សម្ពោធ​ភាពយន្ត​នេះ ទាំង​តារា​ល្បីៗ អ្នកសិល្បៈ និង​អ្នកគាំទ្រ​ជាច្រើន បាន​កោតសរសើរ​ស្នាដៃ​កំប្លែង​បែប​ថ្មី ដែល​ដឹកនាំ​សម្តែង​ដោយ​តារា​កំប្លែង នាយ​ពែ​កមី ដែល​ក្រៅពី​ឈុត​ឆាកកំប្លែង​ថ្មី វា​បាន​បង្កប់​នូវ​ទស្សនៈ​អប់រំ​ច្រើន និង​បាន​លាតត្រដាង អំពី​ល្បិច​កិ​ចក​ល​មួយចំនួន របស់​ស្វាមី ដែល​តែង​លួចលាក់ មាន​ស្រី​ខាងក្រៅ​។​

​សូមបញ្ជាក់ថា រឿង “​លោក​ប្តី​” របស់​ផលិតកម្ម LD Picture នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ទាំងអស់ ចាប់ពី​ថ្ងៃទី​៧ ខែមីនា​ឆ្នាំ​២០១៩​នេះ​។ ជាមួយគ្នា​នោះ ផលិត​កម្មនេះ ទើបនឹង​បញ្ចប់​ការចាក់​បញ្ចាំង​ដោយ​ជោគជ័យ ជាមួយ​ភាពយន្ត​ខ្នាត​ធំ​រឿង ”​អង្រឹង​” ហើយ​គ្រោង​នឹង​បន្ត​បញ្ចេញស្នាដៃ​ភាពយន្ត ខ្មោច​បែប​កំប្លែង គឺ​រឿង ”​ឯណា​ខ្មោច​?” នៅ​ថ្ងៃទី​២១​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​ផងដែរ​៕ ដោយ​: បូ​រិ​ន​