រឿន ណាត តំណាង​កម្ពុជា​ចេញទៅ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨

2109
ចែករម្លែក

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: កញ្ញា រឿន ណាត ដែលជា​តារា​បង្ហាញ​ម៉ូត​ស្រស់ស្អាត​នោះ បាន​ចាក​ចេញពី​មាតុភូមិ កាលពី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​តំណាង​កម្ពុជា​ក្នុងការ​ចូលរួម ប្រកួត បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨​នៅ​ប្រទេស​ថៃឡង់​ដ៍​។ មុន​ចាកចេញ​ដោយមាន​ការជូន​ដំណើរ​អ្នកគាំទ្រ​ជាច្រើន និង​ក្រុម​អ្នកសារព័ត៌មាន​ផង​។

​កញ្ញា រឿន ណាត បាន​ថែ្ល​ង​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ឱ្យដឹងថា “​នាង​ខ្ញុំ​ជានា​រី​ទី​២ ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ត្រៀម​និង​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃឡង់​ដ៍ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ នាង​ខ្ញុំ​ពិតជា​មាន​ក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​តំណាង​ប្រទេស​កម្ពុជា ក្នុងការ​ប្រកួតប្រជែង​ដណ្ដើម​ម្កុដ​ជាមួយ​បវរ​ក​ញ្ញ មកពី​បណ្ដា​ប្រទេស​លើ​ពិភពលោក​។​”

​តារា​ស្រី​រូបនេះ​បាន​និយាយថា “​នាង​ខ្ញុំ​និង​ប្ដេជ្ញា​ថា និង​ខិតខំ​ប្រឹងប្រែង យក​ជ័យលាភី និង​ផ្សព្វផ្សាយ​អោយ​ពិភពលោក​កាន់តែ​ស្គាល់​និង​ដឹង​ច្បាស់​អំពី​ប្រទេស​កម្ពុជា​យើង ឆ្លៀតពេល​នេះដែរ​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ឧបត្ថម្ភ និង អ្នកគាំទ្រ​នាង​ខ្ញុំ​ទាំងអស់ តែងតែ​ផ្ដល់នូវ​កម្លាំងចិត្ត ដែល​ធ្វើអោយ​រូបនាង​ខ្ញុំ​កាន់តែ​កក់ក្ដៅ​និង​កាន់តែ​ជឿជាក់​រឹងមាំ​ខ្លាំង​ឡើង​។ នាង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា និង​មាន​វត្តមាន​បងប្អូន​ជនរួមជាតិ​ចូលរួម​ទស្សនាការ​ប្រកួត​នា​ថ្ងៃ​ផ្ដាច់​ព្រាត់​និង​បង្ហាញ​នូវ​ទង់ជាតិ​ខ្មែរ​ក្នុង​ឆាក​អន្ដរជាតិ​។​”

​សូមបញ្ជាក់ថា កញ្ញា រឿន ណាត ជា​តារា​ស្រី​ដែល​ជាប់​ចំណាត់​លេខ​១ ក្នុង​កម្មវិធី​ការប្រកួត​កញ្ញាឯក​កម្ពុ​ជា​ឆ្នាំ​២០១៧​។ នាង​ជា​តារា​បង្ហាញ​ម៉ូត​ដែល​សម្រស់​ស្រស់ស្អាត ទាំង​រូបរាង និង មុខមាត់​។ ការចាក់​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨ លើក​នេះ នាង​ត្រូវបាន​អ្នក​ឧបត្ថម្ភ និង​អ្នករៀបចំ ត្រៀម​ឈុត បុរាណ ដែលមាន​ការ​រចនា​ម៉ូត​ប្លែក និង ស្រស់ស្អាត​ក្នុង​ដណ្តើមពាន​លើក​នេះ​៕