រៀបការ​ទាំង​ភ្នំភ្លើង​កំពុង​បាញ់​ផ្សែង​ចូល​អាកាស និង​ប្រជាជន​នាំគ្នា​ភៀសខ្លួន​

65
ចែករម្លែក

​ដោយ​មិន​អនុញ្ញាត​អោយ​ធម្មជាតិ​បំផ្លាញ​សេចក្តីសុខ​របស់​គេ​ ​គូស្នេហ៍​ហ្វីលីពីន​មួយគូ​នេះ​បាន​រៀបការ​នៅ​ចំពោះមុខ​កំសួល​ផ្សែង​ខ្មួលខ្មាញ់​បាញ់​ចេញពី​ភ្នំភ្លើង​​មួយ​នៅ​ជិត​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មករា​។​

​ទោះជា​ប្រឈម​ការ​គំរាម​ពី​ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​មួយ​នេះ ក៏​លោក​ជី​ណូ វ៉ា​ហ្វល័រ និង​នាង​កាត បូ​ទី​ស្តា ប៉ា​ឡូ​ម៉ា បាន​រៀបការ នៅពេល​ភ្នំភ្លើង​តា​អាល់​ព្រួស​ផេះ​​និង​កំអែ​ក្តៅចូល​ក្នុង​អាកាសនៅ​ពីក្រោយ​ពិធី​របស់​ពួកគេ​។​

​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១៤​មករា ភ្នំភ្លើង​នេះ​នៅតែ​បញ្ចេញ​កំអែ ព្រួស​ផេះ​និង​ចំហាយ​ព្រមទាំង​រំ​ញ័រ​ជាប់ ។​វា​ជា​ថ្ងៃទី​៣​ដែល​ភ្នំភ្លើង​នៅ​ជិត​រដ្ឋធានី​ម៉ានីល​នេះ​បន្ត​​ធ្វើ​សកម្មភាព មុន​នឹង​អាច​មាន​ការផ្ទុះ​ដ៏​ខ្លាំង​និង​គ្រោះ​ថ្នាក់​ណាមួយ​។​ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​បាន​ព្រមាន​អោយ​មនុស្ស​រាប់​ម៉ឺន​នាក់​ចាកចេញ​ពី​ភូមិ​​ដែល​គ្រប​ដោយ​ផេះភ្នំភ្លើង​ពណ៌​ប្រផេះ​គ្រប់​ទីកន្លែង​។​

​វិទ្យាស្ថាន​ភ្នំភ្លើង​និង​រញ្ជួយ​ដី​ហ្វីលីពីន បាន​និយាយថា ការ​ដែល​ភ្នំភ្លើង​តា​អាល់​នេះ​បញ្ចេញ​សកម្មភាព​ជាប់​តាំង​ពី​ថ្ងៃអាទិត្យ​មក​បង្ហាញ​ថា ម៉ាក់​ម៉ា (​ភក់​ភ្នំភ្លើង​​ក្តៅ​)​ឡើង​ដល់​មាត់​រណ្តៅ​ភ្នំភ្លើង​។​វិទ្យាស្ថាន​បាន​បង្កើន​ការព្រមាន​ដល់​កំរិត​ទី​៤ ដែល​បង្ហាញថា​វា​ជិត​ផ្ទុះ​បង្ក​គ្រោះថ្នាក់ អាច​នៅ​ប៉ុន្មាន​ម៉ោង​ឬ​ថ្ងៃ​ខាងមុខ​។​

​ភ្នំភ្លើង​នេះ​ក៏​បាន​ព្រួស​កំអែ​ភ្នំភ្លើង​ចូលក្នុង​អា​កាសកំពស់​៥០០​ម៉ែត្រ

​មាន​រញ្ជួយ​ដី​តិចៗ​ជាង​២០០​លើក​ត្រូវ​បាន​គេ​សង្កេតឃើញ​នៅក្នុង​និង​ម្តុំ​ភ្នំភ្លើង​តា​អាល់ ។​

​ភ្នំភ្លើង​នេះ​នៅ​ចំ​កណ្តាល​បឹង​មួយ​ក្នុង​ខេត្ត​បា​តាង​ហ្កាស ខាងត្បូង​ទីក្រុង​ម៉ានីល នេះ​បាន​បាញ់​ផេះ​ចូល​ក្នុង​អាកាស​កំពស់​១៥​គីឡូម៉ែត្រ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​​នឹង​កម្ម​រន្ទះ​។​ផេះ​របស់​វា​ហុយ​គ្រប​ភូមិ​នៅ​ជុំវិញ​និង​រសាត់​ដល់​ចម្ងាយ​៦០​គីឡូម៉ែត្រ​៕ដោយ៖វាសនា

លោក​ជី​ណូ វ៉ា​ហ្វល័រ និង​នាង​កាត បូ​ទី​ស្តា ប៉ា​ឡូ​ម៉ា បាន​រៀបការ នៅពេល​ភ្នំភ្លើង​តា​អាល់​ព្រួស​ផេះ​កាលពី​ថ្ងៃអាទិត្យ​

ពួក​អ្នក​ភូមិ​ភៀសខ្លួន​ចេញ​បន្ទាប់​ពី​ភ្នំភ្លើង​ផ្ទុះ​ភ្លាម តែ​មាន​មួយ​ចំនួន​បាន​វិល​ទៅកាន់​ផ្ទះសម្បែង​របស់គេ​វិញ ទោះជា​អាជ្ញាធរ​ព្រមាន​