រៀបការ​រួច​វក់​លេង​ឆាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ខ្លាំងពេក ត្រូវ​ប្តី​ប្តឹង​លែងលះ​

1154
ចែករម្លែក
  • 5
    Shares

បុរស​ម្នាក់​នៅ​ក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា បានដាក់​ពាក្យបណ្តឹង​ទៅ​តុលា​ការសុំ​លែងលះ ដោយសារ​ប្រពន្ធ​របស់ខ្លួន “​វក់​” លេង​ឆាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ខ្លាំងពេក​ហើយ​តាំង ពី​រៀបការ​មក ពួកគេ​មិនទាន់​ទាំង​បាន​ផ្សំ​ដំណេក​ផង​ទេ​។

​បុរស​ជា​ប្តី​ឈ្មោះ ណា​រេ​ន​ដ្រា ស៊ី​ង (Narendra Singh) អាយុ ៣០ ឆ្នាំ​ដែលជា​អ្នកជំនាញ​ខាង សូ​ហ្វ​វែ​របា​ន​អង្វរ​សុំឱ្យ​តុលា​ការជួយ​អន្តរាគមន៍ ចេញ​សេចក្តីសម្រេច​ឱ្យ​គាត់​លែងលះ​ប្រពន្ធ របស់ខ្លួន ដែល​វក់​លេង​ឆាត​បណ្តាញ​ទំនាក់ទំនង​សង្គម ដល់​ថ្នាក់​គ្មាន​ពេល​សម្រាប់​ប្តី និង​គ្រួសារ​។

​បុរស​រូបនេះ​បាន​អះអាងថា គាត់​អន់ចិត្ត​ណាស់​ដែល​ប្រពន្ធ​របស់ខ្លួន​វក់​លេង​ឆាត​ជាមួយ ប្រុសៗ​តាម WhatsApp រហូត​យប់​ជ្រៅ ហើយ​រាល់ពេល​គាត់​ព្យាយាម​ប្រាប់​ឱ្យ​នាង​ឈប់​លេង នាង​តែងតែ​ខឹង ហើយ​ថែមទាំង​គំរាម​ធ្វើបាប​គាត់​ទៀតផង​។

​មេធាវី​តំណាង​បុរស​ជា​ប្តី​បាន​ប្រាប់​កាសែត​ឥណ្ឌា Mail Today ថា ជា​ជំហាន​ដំបូង តុលាការ នឹងធ្វើ​ការសម្រុះសម្រួល​រវាង​ប្តី​ប្រពន្ធ​ទាំងពីរ​នៅ​ខែកក្កដា នេះ​ដើម្បី​ស្វែងយល់ថា​តើ​ភាព​តានតឹង និង​ការមិនចុះសម្រុង​គ្នា​រវាង​ពួកគេ​ទាំងពីរ​អាច​ដោះស្រាយបាន​ឬ​យ៉ាងណា​មុននឹង​ចេញ​សេចក្តី សម្រេច​។

​ហើយ​ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​ពួកគេ​លែងលះ​មែន​នេះ​ជា​ករណី​លែងលះ​ដំបូង​មិន​ធ្លាប់ មាន​ដោយសារ “​ការ​វក់​ឆាត​លេង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​”៕ ប្រែ​សម្រួល​: ខុម​