រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​ភ្នាក់ងារ​សុខភាព​ពេទ្យសត្វ​ភូមិ​ទូទាំងប្រទេស​

1567
ចែករម្លែក

(​កំពង់ចាម​)៖​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នឹង​រៀបចំ​ថវិកា​ចំនួន ១​ពាន់​៨០០​លាន​រៀល​បញ្ចូល​ជា​កញ្ចប់​ថវិកាជាតិ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​ភ្នាក់ងារ​សុខភាព​ពេទ្យសត្វ​ភូមិ​ទូទាំងប្រទេស​ចំនួន​ជាង ១៤.០០០ នាក់​ដែល​បាននិងកំពុង​បំពេញការងារ​ច្រើន​ឆ្នាំ​កន្លងមកនេះ​។​

នេះ​ជាការ​ថ្លែង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្នុងការ​ជួបជុំ​ជាមួយ​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម មន្ត្រី​កសិកម្ម ភ្នាក់ងារ​សុខភាព​ពេទ្យសត្វ​ភូមិ និង​ជាពិសេស​មន្ត្រី​សហភាព​អឺរ៉ុប​ជា​ម្ចាស់ជំនួយ​សម្ភារ​:​ពេទ្យសត្វ គឺ​សរុប​ចំនួន​ជាង​៦០០​នាក់ នៅក្នុង​សា​សា​ខេត្តកំពង់ចាម​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​។​

​លោក វេ​ង សាខុន បាន​ថ្លែង​ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង​ហើយ​តាំងពី​លោក​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដែល​ភ្នាក់ងារ​សុខភាព​ពេទ្យសត្វ​ភូមិ​ទាំង​ជាង ៥០០ នាក់​ក្នុង​ខេត្តកំពង់ចាម​បានជ្រើសរើស​ក្នុងការ​សំណេះសំណាល​មុខ​គេ​បង្អស់​។ ក្នុងនោះ​ភ្នាក់ងារ​ម្នាក់ៗ​បានទទួល​មួយកញ្ចប់​នូវ​សម្ភារ​:​ពេទ្យសត្វ​ដែលជា​ជំនួយ​របស់​សហភាព​អឺរ៉ុប អង្គការ​អ្នក​ក្សេត្រសាស្ត្រ និង​ពេទ្យ​ឥត​ព្រំដែន និង​អង្គការ​ធី គឺ​សរុប​ទាំង ៥១០ កញ្ចប់​មានតម្លៃ ១២.៧០០​ដុល្លារ​។​
​ ​
លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា សូម​បងប្អូន​ជា​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ដែល​ទទួលបាន​សំ​ណោ​យ​ជា​សម្ភារ​:​ពេទ្យសត្វ​ទាំងអស់នេះ យកទៅ​ធ្វើជា​មធ្យោបាយ​មួយ​ដ៏​ល្អប្រសើរ​អាច​ប្រើប្រាស់​គ្រប់ពេលវេលា ដើម្បី​ធ្វើយ៉ាងណា​ផ្តល់​សេវា​ផ្នែក​សុខភាព​សត្វ​ជូន​ប្រជាពលរដ្ឋ​។ ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​សុខភាព​ពេទ្យសត្វ​ភូមិ​ដូច​នៅ​ខេត្តកំពង់ចាម​នេះ គឺ​យើង​នឹងធ្វើ​នៅតាម​បណ្តា​ខេត្ត​ដទៃ​ជា​បន្តបន្ទាប់​ទៀត​។​

​លោក​បាន​ថ្លែងបន្តថា កន្លងមក​ភ្នាក់ងារ​សុខភាព​ពេទ្យសត្វ​ភូមិ​របស់​បានទទួល​ការបណ្តុះបណ្តាល​ជា​បន្ត​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ខាង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្ត​។ ប៉ុន្តែ​បងប្អូន​យើង​មិនមែនជា​មន្ត្រី​ក្របខ័ណ្ឌ​នោះទេ។

ដូច្នេះ​ដើម្បី​ឲ្យ​ភ្នាក់ងារ​មាន​ភាពទូលំទូលាយ​លើ​វិស័យនេះ​ខាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នឹង​រៀបចំ​ថវិកា​ចំនួន​១​ពាន់​៨​រយ​លាន​រៀល​បញ្ចូល​ជា​កញ្ចប់​ថវិកាជាតិ ដើម្បី​គាំទ្រ និង​លើកកម្ពស់​សកម្មភាព​នេះ​ទូទាំងប្រទេស​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​៕S/​ដោយ​: គង់​ហេង​

​រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​ភ្នាក់ងារ​សុខភាព​ពេទ្យសត្វ​ភូមិ​ទូទាំងប្រទេស​


​ ​