រៀបចំ​កែលម្អរ​សោ​ភ័​ណ្ឌ​ភាព​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ​ជា​និមិត្តរូប​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ​ឈ្នះ​

579
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​១១​តុលា​នេះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​រួមជាមួយ​ក្រុមមន្ត្រី​ពាក់​ព​ន្ធ័​និង​អាជ្ញាធរ​ដែនដី​បាន​អញ្ជើញ​ទៅពិនិត្យ មើល​ទីតាំង​ដែល​ត្រូវ​កែលម្អរ​សោ​ភ័​ណ្ឌ​ភាព​នៅខាងមុខ​និង​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ​ស្ថិតនៅក្នុង​សង្កាត់​ព្រែក តាសេក ខណ្ឌ ជ្រោយចង្វា ដើម្បី​ត្រៀម​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩,៣០,៣១​ខែធ្នូ​ឆ្នាំ​២០១៨​ខាងមុខនេះ​ក្រោម អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ ​ក្នុងនាម​ម្ចាស់ផ្ទះ​លោក ឃួ​ង ស្រេង បាន​ជំរុញ​និង​ដាក់​ផែនការ​ឪ្យិ​មន្ត្រី​នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួន​និង​អាជ្ញាធរ​ដែនដី បង្កើន​ការយកចិត្តទុកដាក់​លើ​ការរៀបចំ​កែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សោ​ភណ្ឌ​ភាព បរិស្ថាន​ជុំវិញ​ទីតាំង​ប្រារព្វ​ពិធី​,​ការកែលំអរ​ផ្លូវ​ចូល​ឲ្យ​បាន​ស្អាត​ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​ដល់​ផ្លូវជាតិ​លេខ​៦​។​ការ​ឆ្ការព្រៃ​នៅ​អម​សងខាង​ផ្លូវ​ឲ្យ​បាន​ទទឹង​៣០​ម៉ែត្រ​ពី​ចិញ្ចើមផ្លូវ​,​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​ដាក់​ភ្លើង​ហ្វា​តាម​ដើមឈើ​,​រៀបចំ​សួនច្បារ​,​រៀបចំ កន្លែង​ចត​យានយន្ត ។​ចំណែក​មន្ទីរ​សុខាភិបាល​ត្រូវ​រៀបចំ​ដាក់​ស្តង់​ពិនិត្យ និង សង្គ្រោះ​ចំនួន​២​កន្លែង​និង​ដាក់​រថយន្ត​សង្គ្រោះ​ចំនួន​២០​គ្រឿង​សំរាប់​ជួយ​អន្តរា​គម​ន៏​នៅពេល​ប្រជាពលរដ្ឋ​មាន​បញ្ហា​ផ្នែក​សុខភាព​ដែល​កម្មវិធី​សម្ពោធ​នេះ​គ្រោង​នឹងមាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១​ម៉ឺន​នាក់​។​
​លោក​អភិបាល​បញ្ជាក់ថា​៖​បញ្ហាសំខាន់​ចំពោះមុខ​គឺ​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព​របៀបរៀបរយ​សំរាប់​ពិធី​ឲ្យ​បានល្អ​ប្រសើរ​ស​ក្ត័​សម​ទៅនឹង​ខ្លឹមសារ​អត្ថន័យ​នៃ នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ដែល​ខ្មែរ​គ្រប់ភាគី​ទំនាស់​ឈ្នះ​ទាំងអស់គ្នា ហើយ​ប្រទេសជាតិ​ទាំងមូល​ក៏​ឈ្នះ​ទាំងអស់គ្នា​។​សម្តេច​តេ​ជោ​ហ៊ុនសែន គឺជា​ស្ថាប​នឹក​នៃ​សន្តិភាព​ដែល​ខ្មែរ​គ្រប់រូប​បានរស់នៅ​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​ពេញ​ផ្ទៃ​ប្រទេស​។​
​ការសម្ពោធ​វិមាន​ឈ្នះ ឈ្នះ​ក៏​ដើម្បី​អបអរសាទរ​គំរប់​ខួប​២០​ឆ្នាំ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ចប់ សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំ​រៃ​រវាង​ខ្មែរ និង​ខ្មែរ​។​ភាគី​ទំនាស់​ទាំងអស់​បាន​ទំលាក់អាវុធ​ចុះ រួច​ចាប់យក​ការចចារ​គ្នា​ដោយ​សន្តិវិធី​តា​មន​យោ​បាល​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ដូច្នេះ​ខ្មែរ​គ្រប់រូប​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព​ដែល​បានមក​ដោយ​លំបាក​នេះ​កុំ​ឲ្យ​បាត់បង់​នឹង​ការពារ​សុខសន្តិភាព​ឲ្យ​បានជា​ដាច់ខាត​ទោះ​ក្នុង​តំលៃ​ណាក៏ដោយ​។
​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស នៃ​ក្រសួងការពារជាតិ និង​ជា​ប្រជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​បញ្ជាក់ថា “​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​ទទួលបាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​កាត់​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​។ តាមរយៈ​សន្តិភាព​រក​បាន​ដោយ​លំបាក​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​ហើយ ដែល​បង្កើត​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​”​។ នាយ​ឧត្ដមសេនីយ៍​បន្ថែមថា វិមាន​ឈ្នះ​ឈ្នះ​នេះ គឺ​បានរៀបចំ​ចម្លាក់ ស្តីពី​ចម្លាក់​ទិវា​ចងចាំ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ និង​ចម្លាក់់​ដំណើរ​ជាតិ​កម្ពុ​ជានា​ទសវត្ស​ឆ្នាំ​៨០ និង​ដើមឆ្នាំ​៩០ ដាក់តាំង​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រៅ​វិមាន​។​
​គួរ​បញ្ជាក់ដែរថា វិមាន​ឈ្នះ​ឈ្នះ​ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​សង់​នៅ​ផ្ទៃដី​ចំនួន​១៥​ហិកតា ដែលមាន​កំពស់​វិមាន​ចំនួន​៥៤​ម៉ែត្រ ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕