រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ លើក​ទី​៥ នៅមុខ​ប្រាសាទអង្គរវត្ត​

786
ចែករម្លែក

ដោយ: គូលែន / ​សៀមរាប: នា​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨​នេះ ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ លើក​ទី​៥ ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​នៅមុខ​ប្រាសាទអង្គរវត្ត ដែលមាន​អត្ត​ព​លិ​ក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ជាង ១,៣០០​នាក់ ដោយ​ជាង ១,០០០​នាក់ គឺជា​ភ្ញៀវ​បរទេស មកពី​ជាង ៤០​ប្រទេស​។​

​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​នោះ សូម​ឲ្យ​មន្ត្រី​នៃ​កងកម្លាំងប្រដាប់អាវុធ​យើង​ទាំងអស់ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផ្សេងទៀត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ព្រោះថា​នៅពេលនោះ នឹងមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ ទាំង​ក្រុមកីឡា និង អ្នក​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ទស្សនា​ផងដែរ ។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ លើក​ទី​៥ ឆ្នាំ​២០១៨​នេះ គឺមាន​៤​វិញ្ញាសា រួមមាន​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ , ២១​គីឡូម៉ែត្រ , ១០​ម៉ែត្រ និង ៣​គីឡូម៉ែត្រ ហើយ​មាន​អត្ត​ព​លិ​ក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ជាង ១,៣០០​នាក់​ហើយ ដោយ​ជាង ១,០០០​នាក់ គឺជា​ភ្ញៀវ​បរទេស មកពី​ជាង ៤០​ប្រទេស​។ ខណៈ​ចិន​ឈរ​លេខ​១ សិង្ហ​បុរី​លេខ​២ និង​ជប៉ុន​លេខ​៣ ខណៈដែល​កាលពី​ឆ្នាំ​២០១៧ មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ ២,០៩០​នាក់។​

​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​ខ្មែរ លើក​ទី​៥ (5th Khmer Empire Full Marathon) នេះ រៀបចំ​ដោយ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​នេះ ឆ្ពោះទៅរក​ភាពជោគជ័យ និង​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស Top-10 ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ Full Marathon លើ​ពិភពលោក ហើយ​ការរៀបចំ​ទិវា​រត់ប្រណាំង Full Marathon នេះ គឺ​ផ្ដោត​សំខាន់​លើ​ការទាក់ទាញ​ភ្ញៀវទេសចរ និង​ភ្ជាប់​ជាមួយ​ការងារ​សប្បុរសធម៌​៕ ល​

#