រៀបចំ​វគ្គ​បណ្តុះបណ្តាល​តម្រង់ទិស​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​តាមបែប​វិមជ្ឈការ

406
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​សាលាខេត្ត​សៀមរាប​បាន​បើក​វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ​តាមបែប​វិមជ្ឈការ សម្រាប់​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​។​

មាន​សមាសភាព​ក្រុមប្រឹក្សា​ក្រុង ស្រុក ទាំង​១២ ក្នុង​ខេត្តសៀមរាប​ដែរ​មាន​សិក្ខាកាម ចូលរួម​ចំនួន​១០៣ នាក់​។ ក្រោម​វត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរង​តំណាង​ឲ្យ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោក ឈួន បុ​ណ្ណា ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ។

​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​លោក​ពៅ​ពិសិដ្ឋ​ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល សំខាន់​ក្រសួងមហាផ្ទៃ ក្នុងការ​បណ្តុះបណ្តាល​ស​ម្រា​ប់ សមាជិក សមាជិកា ក្ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ដែល​ទើប​ជាប់ឆ្នោត​ថ្មី ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ ។

​លោក​ពៅ​ពិសិដ្ឋ​បាន​បន្តទៀតថា​ដើម្បី​ធានា​ឲ្យ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ទាំងនេះ​ទទួលបាន​ជោគជ័យ​អាជ្ញាធរ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​ត្រូវ​ចូលរួម​ទទួលខុស​ត្រូវអនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ព្រមទាំង​បទបញ្ជា លិខិតបទដ្ឋាន​គតិយុត្ត នានា​ជា​ធរមាន ។

​លោក​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ និង​ណែនាំ​មួយចំនួន ព្រមទាំង​បាន​ផ្តល់នូវ​បទពិសោធន៍​ការងារ​ល្អៗ មួយចំនួន​ដល់​សិក្ខាកាម និង មាន​សង្ឃឹមថា វគ្គ​បណ្តុះបណ្តាល​នេះ លោក លោកស្រី នឹង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​។

ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​រួមចំណែក​ក្នុងការ​សម្រេច​គោលដៅ នៃ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀតផង ៕S/​

#